គោលនយោបាយ​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​បាន​ជួយ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ចកម្ពុជា

Manoj Mathew / Khmer Times Share:
អតិថិជន​កំពុង​ប្រើប្រាស់​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ នៅ​ធនាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ប្រព័ន្ធធនាគារ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការងើបឡើង​វិញ​នៃសេដ្ឋកិច្ច​នៅកម្ពុជា តាមរយៈការ​ផ្តល់សេវា​កម្មហិរញ្ញវត្ថុ​ដើម្បីជួយ​ដល់​សេដ្ឋកិច្ច។ រូបភាព ខ្មែរ​ថាមស៍៖ យន់ សូវៀត

តួនាទី​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​គឺ​ដើម្បី​រក្សា និង​គ្រប់គ្រង​ស្ថានភាព​ហិរញ្ញវត្ថុ តាមរយៈ​ការ​ដាក់​ចេញ​វិធានការ​និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​លំនឹង​អតិផរណា​និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព បើ​ទោះ​បីជា​ពិភព​លោក​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ជាច្រើន​ក៏ដោយ។

ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ-១៩ ក៏​ដោយ ប៉ុន្តែ​បាន​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ឆ្នាំ២០២២ ដោយ​សារ​ការដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់រ​បស់​រដ្ឋាភិបាល និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​ពន្លឿន​កំណើន​ក្នុង​ដំណាក់​កាល​ងើប​ឡើង​វិញ​ពី​ជំងឺ​រាតត្បាត ហើយ​កម្ពុជា​អាច​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច ៥,២ ភាគរយ ធៀប​នឹង ៣,០៣ ភាគរយ ក្នុង​ឆ្នាំ​២០២១។ សម្រាប់​ឆ្នាំ២០២៣ សេដ្ឋ​កិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ថា​នឹង​កើន​ឡើង​ដល់ ៥,៥ ភាគ​រយ។

នៅ​ឆ្នាំ​២០២២ សេដ្ឋ​កិច្ច​ពិភព​លោក​ក៏បាន​ស្ទុះ​ងើប​ឡើង​វិញ​ផង​ដែរ ប៉ុន្តែ​បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​តែ​កើត​មាន ដូច​ជា​ការ​រំខាន​នៃ​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ និង​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត បាន​បណ្តាល​ឱ្យ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ ជា​ពិសេស​ប្រេង​ឥន្ធនៈ និង​វត្ថុធាតុ​ដើម។

កត្តា​ទាំង​នេះ​បាន​ជំរុញ​អត្រា​អតិផរណា​របស់​ពិភពលោក​កើន​ឡើង​ដល់ ៨,៨ ភាគរយ​ក្នុង​ឆ្នាំ​២០២២ ធៀប​នឹង ៣,៤ ភាគ​រយ​ក្នុង​ឆ្នាំ​២០២១ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ស្តីពី “វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​ឆ្នាំ២០២២​និង​ទស្សន​វិស័យ​ឆ្នាំ២០២៣”។

របាយការណ៍​នេះ​បាន​លើក​ឡើង​ថា​ធនាគារ​កណ្តាល​ជា​ច្រើន​បាន​ព្យាយាម​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​អត្រា​អតិផរណា​ដោយ​ដំឡើង​អត្រា​ការ​ប្រាក់​ក្នុង​គោល​បំណង​កាត់​បន្ថយ​តម្រូវ​ការ​ទាំង​អស់​សម្រាប់​ការ​វិនិយោគ និង​ការ​ប្រើប្រាស់។ ជា​ឧទាហរណ៍ ធនាគារ​កណ្តាល​អាមេរិក​បាន​ដំឡើង​អត្រា​ការ​ប្រាក់​លឿន​ជាង​ការ​រំពឹង​ទុក ដែល​បណ្តាល​ឱ្យ​មាន​លំហូរ​ចូល​នៃ​មូល​ធន​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​មាន​ភាព​រឹង​មាំ។

លំហូរ​ចេញ​មូលធន ដែល​ភាគ​ច្រើន​កើត​មាន​ឡើងលើ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូត​លាស់ និង​កំពុង​អភិវឌ្ឍ បាន​ដាក់​សម្ពាធ​ជា​បន្តបន្ទាប់​លើ​តម្លៃ​រូបិយវត្ថុ​ក្នុង​ស្រុក ទុន​បម្រុង​អន្តរ​ជាតិ និង​សមត្ថភាព​ទូទាត់​បំណុល​នៅក្នុង​ប្រទេស​ទាំងនេះ។

នៅ​កម្ពុជា ប្រសិទ្ធភាព​នៃ​ការ​ដាក់​ចេញ​វិធានការ​ការពារ​ជំងឺ​កូ​វីដ-១៩ ដោយ​រដ្ឋាភិបាល និង​ការ​ដាក់​ចេញ​នយោបាយ​រូបិយវត្ថុ​ដោយ​ធនាគារ​កណ្តាល​បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ឆ្នាំ២០២២។

ការដាក់​ចេញ​នូវ​វិធានការ​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ជា​បន្ត​បន្ទាប់ ជា​ពិសេស ‘ក្របខណ្ឌ​យុទ្ធ​សាស្ត្រនិង​កម្មវិធី​សម្រាប់​ការស្តារ​សេដ្ឋ​កិច្ច​ក្នុង​បរិបទ​នៃ​ការ​រៀន​រស់​នៅ​ជា​មួយ​ជំងឺ​កូ​វីដ-១៩ ឆ្នាំ​២០២១-​២០២៣’ និង​ការ​បន្ធូរ​បន្ថយ​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​ធនាគារ​បាន​គាំទ្រ និង​ព​ន្លឿ​ន​ការស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា។

ជា​មួយ​នឹង​លក្ខខណ្ឌ​អំណោយ​ផល​ទាំង​នេះ គួប​ផ្សំ​នឹង​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ខាង​ក្រៅ បាន​បង្កើន​ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ដល់ ៥,២ ភាគរយ​​នៅ​ឆ្នាំ២០២២។ យោង​តាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ការនាំ​ចេញ​ក៏បាន​កើនឡើង​ដល់១៦,៧ ភាគ​រយ លឿន​ជាង​កំណើន​៨​ភាគរយ​នៃ​ការនាំ​ចូល ហើយ​ចំណូល​ពី​វិស័យ​ទេស​ចរណ៍​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​អត្រា ៦,៦ ភាគ​រយ ខណៈ​ដែល​ប្រាក់​បង្វែរ​ពលករ​ខ្មែរ​ផ្ញើ​​មកពី​បរទេស​បាន​កើន​ឡើង​ដល់​៤ភាគរយ។

ជាង​នេះ​ទៅ​ទៀត យោង​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​បាន​ស្ទុះ​ងើប​ឡើង​វិញ​ក្នុង​អត្រា​ចំនួន ២,៧ ភាគរយ ដែល​ភាគ​ច្រើន​រួម​ចំណែក​ដោយ​វិស័យ​កាត់​ដេរ និង​កែច្នៃ​ម្ហូប​អាហារ ដោយ​ឡែក​លំហូរ​ចូល​នៃ​ការវិនិយោគ​លើ​វិស័យ​មួយចំនួន​ផ្សេងទៀត​នៅមាន​តិចតួច​នៅ​ឡើយ។

ការកើន​ឡើង​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ការ​នាំ​ចេញ​បាន​ជួយ​រក្សា​ស្ថិរភាព​ទុន​បម្រុង​អន្តរ​ជាតិ​របស់​កម្ពុជា។ របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា កម្រិត​ទុន​បម្រុង​អន្តរជាតិ​គ្រប់គ្រាន់​បាន​គាំទ្រ​ដល់​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ និង​អត្រា​ប្តូរប្រាក់ ជាពិសេស​ធ្វើឱ្យ​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព និង​ផ្តល់​សន្ទនីយ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​រក្សា​ស្ថិរភាព​​ថ្លៃ និង​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។

អត្រា​អតិផរណា​ជា​មធ្យម​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​ មាន​ចំនួន ​៥,៣ ភាគរយ (ខ្ពស់​ជាង​ឆ្នាំ​២០២១​ដែល​មាន​ត្រឹមតែ ២,៩ ភាគ​រយ) ដែល​បណ្តាល​មកពី​តម្លៃ​ប្រេង​ឥន្ធនៈ និង​តម្លៃ​អាហារ​កាន់​តែ​ថ្លៃ។ អត្រា​អតិផរណា​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ចំនួន​៧,៨ ភាគរយ​នៅ​ចុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២២ ហើយ​បាន​ធ្លាក់ចុះ​បន្តិច​ម្តង​នៅ​ឆមាស​ទី​ពីរ ដោយ​សារ​តម្លៃ​ប្រេងឥន្ធនៈ និង​តម្លៃ​អាហារ​ត្រូវ​បាន​គ្រប់គ្រង។

ប្រព័ន្ធ​ធនាគារ​ក៏បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ដល់​ការ​ស្តារ​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​តាមរយៈ​ការបន្ត​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន។

យោងតាម​ធនាគារ​ជាតិ​នៃ​កម្ពុជា ឥណទាន​ក្នុង​វិស័យ​ឯកជន​បាន​កើន​ឡើង ១៧,៧ ភាគ​រយ ខណៈដែល​ប្រាក់​បញ្ញើ​របស់​អតិថិជន​បាន​កើន​ឡើង​៨,៤ ភាគរយ​ក្នុង​ឆ្នាំ​២០២២។ បទ​ប្បញ្ញត្តិ​ប្រុង​ប្រយ័ត្ន​ដែល​ត្រូវបាន​បន្ធូរ​បន្ថយ​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​ដើម្បី​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​របស់​អ្នក​ខ្ចី ត្រូវ​បាន​ពង្រឹង​ជា​បណ្តើរៗ​ស្រប​តាម​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុងស្រុក។

វិធានការ​ស្តីពី​ការរៀបចំ​ឥណទាន​ឡើងវិញ​ត្រូវបាន​បញ្ចប់​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២២ ហើយ​ចំនួន​ឥណទាន​ដែល​បានរៀបចំ​ឡើង​វិញ​បាន​ធ្លាក់ចុះ​ពី១០,៥ ភាគរយ​មក​ត្រឹម​តែ៦ ភាគ​រយ​នៃ​ឥណទាន​ធនាគារ​សរុប។ ក្រៅពីនេះ ប្រព័ន្ធ​ទូទាត់​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការទូទាត់ និង​ការផ្ទេរ​ប្រាក់​ទាំង​ក្នុង និង​ក្រៅប្រទេស ខណៈដែល​គណនី​កាបូប​អេឡិចត្រូនិក​បាន​កើន​ឡើងដល់​ចំនួន១៧,៩ លាន​គណនី។

ការតភ្ជាប់​ក្នុង​តំបន់​ជាមួយ​ប្រទេស​ផ្សេងទៀត​ក៏ត្រូវ​បាន​ពង្រឹង​ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិ​ការឆ្លង​រវាង​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ ដែល​រួមចំណែក​លើកកម្ពស់​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា អតិផរណា​នៅ​ឆ្នាំ២០២៣ នៅតែមាន​ភាព​មិន​ប្រាកដ​ប្រជា ដោយ​សារតែ​ការអូសបន្លាយ​នៃ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋ​កិច្ចពិភព​លោក។

គួរកត់សម្គាល់​ផងដែរ​ថា នៅក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ដែលមាន​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់ (ប្រហែល៨០ភាគរយ) ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់​គឺជា​កត្តា​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ថ្លៃ។ ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់ ជាពិសេស​រវាង​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក នឹង​រក្សាបាន​នូវ​អំណាច​ទិញ​របស់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ជា​ប្រាក់រៀល និង​រួមចំណែក​ក្នុង​ការបន្ថយ​ថ្លៃទំនិញ​នាំចូល។

របាយការណ៍​បានលើកឡើង​ទៀតថា ដោយសារ​ដុល្លា​រូបនីយកម្ម​មាន​កម្រិត​ខ្ពស់ ការឡើង​ថ្លៃប្រាក់​ដុល្លារ​អាមេរិក​ក៏​នឹង​ធ្វើឱ្យ​តម្លៃ​ទំនិញ​នាំចូល​របស់​កម្ពុជា​កើនឡើង​ផងដែរ ដែលជា​បញ្ហា​ចម្បង​មួយទៀត​ដែល​កម្ពុជា​នឹងត្រូវ​ប្រឈម។

ម្យ៉ាងវិញទៀត ការ​រិត​ត្បឹ​តនៃ​ស្ថានភាព​ហិរញ្ញវត្ថុ​អន្តរជាតិ ក៏​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​លទ្ធភាព​ក្នុងការ​ស្នើសុំ​ឥណទាន​ពី​ខាងក្រៅ​របស់​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ ព្រមទាំង​វិស័យ​ឯកជន​ផងដែរ។

យោងតាម​របាយការណ៍​ស្តីពី​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ២០២៣ របស់ Mekong Strategic Capital កំណើន​នៃ​ការដក​ប្រាក់កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹងមាន​តួលេខ​តែមួយ​ខ្ទង់​នៅ​ឆ្នាំនេះ។

ដោយបាន​ពន្យល់​ពី​លទ្ធផល​នៃ​របាយការណ៍​ទៅកាន់​កាសែត​ខ្មែរ​ថា​ម​ស៍​កាលពីពេលថ្មីៗនេះ លោក Stephen Higgins អ្នកគ្រប់គ្រង​នៅ Mekong Strategic Capital បាន​មានប្រសាសន៍ថា​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០២៣ កំណើន​ឥណទាន​នៅ​កម្ពុ​ជាមាន​កម្រិត​ត្រឹមតែ ២,២ ភាគរយ​ប៉ុណ្ណោះ។

លោក​បាន​បន្តថា “ដូច្នេះ យើង​អាច​សន្ម​ត់​បាន​ថា កំណើន​ឥណទាន​នឹង​អាចមាន​កម្រិត​ក្រោម ៥ ភាគរយ​សម្រាប់​ឆ្នាំនេះ” ដោយបាន​បន្ថែមថា កំណើន​ទាប​នៃ​ឥណទាន​នេះ​គឺ​កើតមានឡើង​ស្ទើរ​នៅ​គ្រប់​វិស័យ ហើយ​មិនមែន​កើតឡើង​តែ​ចំពោះ​វិស័យ​មួយចំនួន​ដូចជា​វិស័យ​អចលនទ្រព្យ ដូចដែល​បានដឹង​កន្លងមក​នោះទេ។

របាយការណ៍​បាន​គូសបញ្ជាក់​ទៀតថា កំណើន​ឥណទាន​នឹង​កើនឡើង​នៅ​ឆ្នាំ២០២៤ ហើយនឹង​កើនឡើង​ដល់​ពីរ​ខ្ទង់​វិញ។

យោងតាម​លោក Raymond Sia ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា មូលហេតុ​សំខាន់​មួយ​ដែល​កំណើន​ប្រាក់កម្ចី​មាន​សភាព​យឺត​នៅ​ឆ្នាំនេះ​គឺ​ដោយសារ​ការដំឡើង​អត្រា​ការប្រាក់​ខ្ពស់​ដែល​បានដាក់​ចេញ​ដោយ​ធនាគារកណ្តាល​នៅ​ទូទាំង​ពិភពលោក​ដើម្បី​គ្រប់គ្រង​អតិផរណា។ លោក​បាន​ប្រាប់​កាសែត​ខ្មែរថាមស៍​កាលពីពេលថ្មីៗនេះ​ថា “យើង​អាច​មើលឃើញ​ពី​បញ្ហា​នេះ​កើតមានឡើង​នៅ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អឺរ៉ុប​នាពេល​បច្ចុប្បន្ននេះ។

លោក​បានលើកឡើង​ទៀតថា “នៅក្នុង​ប្រទេស​កម្ពុជា ស្ថានភាព​មានភាពខុសៗគ្នា ខណៈដែល​អតិផរណា​ស្ថិតក្រោម​កម្រិត​អាច​គ្រប់គ្រង​បាន អត្រា​ការប្រាក់​សម្រាប់​ទាំង​ប្រាក់​បញ្ញើ និង​ប្រាក់កម្ចី​ត្រូវបាន​កើនឡើង (ជាពិសេស​សម្រាប់​ប្រាក់​ដុល្លារ​អាមេរិក) ដែល​ភាគច្រើន​បណ្តាលមកពី​អត្រា​ការប្រាក់​ខ្ពស់​នាពេល​បច្ចុប្បន្ន​រប​ស់​ធនាគារកណ្តាល​អាមេរិក។ ដោយហេតុថា​កម្ពុជា​នៅតែ​ជា​ប្រទេស​មាន​កម្រិត​ដុល្លា​រូបនីយកម្ម​មាន​រហូត​ដល់​ជាង៨០ ភាគរយ​នៃ​រូបិយប័ណ្ណ​ដែល​បាន​ចរាចរ ដូច្នេះជាធម្មតាអត្រា​ការប្រាក់​គឺ​ត្រូវ​កើនឡើង​ដោយ​ស្វ័យប្រវត្តិ៕

Related Posts

Previous Article

ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​​ជឿជាក់ថា និយ័ត​ករ​ប្រកាន់​ជំហរ​ប្រាកដនិយម និង​ប្រកបដោយ​ទស្សនៈ​អនាគត​​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត

Next Article

​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​អប់រំ​ជំរុញ​ចលនា​៣​ល្អ​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​