​ព្រះមហាក្សត្រ​មាន​បន្ទូល​បំផុស​ស្មារតី​ចូលរួម​លើកស្ទួយ​តម្លៃ​មរតក​វប្បធម៌​ជាតិ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​សិល្បករ​ដែល​ជា​យុវជន​សម្ដែង​សិល្បៈ​នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២​៥​ ​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​ ​ ​ រូបភាព៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​

​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​បាន​មាន​បន្ទូល​បំផុស​ស្មារតី​ប្រជាពលរដ្ឋ​ ​ជាពិសេស​យុវជន​ចូលរួម​លើកស្ទួយ​តម្លៃ​មរតក​វប្បធម៌​ជាតិ​ ​និង​ការ​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​បាន​ស្ថិតស្ថេរ​គង់វង្ស​។​

​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ដើម្បី​អប​អរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ ​លើក​ទី​២​៦​សម្រាប់​ឆ្នាំ​២​០​២​៤​ ​ដែល​ជា​ទិវា​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួម​បំផុស​ស្មារតី​ប្រជាពលរដ្ឋ​ ​ជាពិសេស​យុវជន​ស្រឡាញ់​វប្បធម៌​ជាតិ​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​និង​មន​សិ​ការស្នេហាជាតិ​។​

​ព្រះអង្គ​មាន​បន្ទូល​បន្ត​ថា​ ​ទិវា​​​នេះ​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​រំលឹក​ដល់​គុណូបការៈ​ចំពោះ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ដែល​បាន​ពលី​កម្លាំង​កាយ​ ​កម្លាំងចិត្ត​ ​បញ្ញាញាណ​ ​និង​ជីវិត​ក្នុង​ការ​បង្កើត​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​។​

​ព្រះអង្គ​បន្ថែម​ថា​៖​ ​«​ទិវា​​​នេះ​បំផុស​ស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​និង​មន​សិ​ការស្នេហាជាតិ​ក្នុង​ការ​ចូលរួម​លើកស្ទួយ​តម្លៃ​មរតក​វប្បធម៌​ជាតិ​ ​និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ ​មាតុភូមិ​ស្ថិតស្ថេរ​គង់វង្ស​ជា​រៀង​រហូត​»​។​

​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពី​ស​ប្ដាហ៍​មុន​បាន​ចេញ​សារា​ចរ​រៀបចំ​ទិវា​វប្បធម៌​ជាតិ​សម្រាប់​ឆ្នាំ​២​០​២​៤​ ​ក្រោម​ប្រធាន​បទ​ ​«​យុវជន​ដើម្បី​វប្បធម៌​»​ ​ដើម្បី​ជំរុញ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​ជាពិសេស​យុវជន​បន​្តវេន​ចូលរួម​ក្នុង​សកម្មភាព​វប្បធម៌​ជាតិ​កាន​់តែ​ច្រើន​។​

​លោក​បាន​ជំរុញ​ពួកគេ​ចូលរួម​លើក​ក​ម្ពស់​ស្មារតី​មោទនភាព​ជាតិ​ ​មន​សិ​ការស្នេហាជាតិ​ ​ភាពជា​ម្ចាស់​កេរ​ដំណែល​វប្បធម៌​ ​និង​ភាពជា​ពលរដ្ឋ​ក្នុង​សង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់​។​

​លោក​ថា​៖​ ​«​ការ​ជំរុញ​ពួក​គេ​បំផុស​ប្រជាជន​ខ្មែរ​ចូល​រួម​សកម្មភាព​វប្បធម៌​ជាតិ​ ​គឺជា​កម្លាំង​ច​លក​រ​ក្នុង​កិច្ច​អភិ​រក្ស​ ​លើកស្ទួយ​ ​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​ ​រួម​ទាំង​វប្បធម៌​ចម្រុះ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​បាន​ស្ថិតស្ថេរ​គង់វង្ស​»​។​

​លោក​បាន​លើកទឹកចិត្ត​ដល់​ស្មារតី​សហគ្រិន​ភាព​និង​ការ​បង្កើត​ការងារ​ផ្នែក​សិល្បៈ​វប្បធម៌​នៅក្នុងចំណោម​យុវជន​កម្ពុជា​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​វប្បធម៌​និង​ច្នៃប្រឌិត​ ​ដែល​ជា​សក្តានុពល​មួយ​នៃ​ប្រភព​កំណើន​សេដ្ឋកិច្ច​ ​ជាពិសេស​តាមរយៈ​ការ​ផ្ដល់​ឱកាស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ ​និង​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ​បាន​ទទួលការ​បណ្ដុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​មរ​ត​ដូនតា​ (​ចម្លាក់​ ​ស្មិត​ ​ស្មូន​ ​គំនូរ​ ​និង​តម្បាញ​ជាដើម) ​ដើម្បី​ធានា​ការផ្ទេរ​ចំណេះ​ដឹង​និង​ជំនាញ​ប្រពៃណី​ដល់​យុវជន​ជំនាន់​ក្រោយ​។​

​ជាមួយគ្នា​នេះ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ណែនាំ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​រួមគ្នា​រៀបចំ​ទិវា​វប្បធម៌​ជាតិ​ចាប់ពី​ខែ​មីនា​ដល់ពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ​ដើម្បី​លើក​ក​ម្ពស់​តម្លៃ​វប្បធម៌​ខ្មែរ​។​ ​

នៅ​ក្នុង​នោះ​លោក​បាន​ណែនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ជំរុញ​អង្គភាព​ក្រោម​ឱវាទ​រៀបចំ​ផ្សព្វផ្សាយ​សមិទ្ធផល​ការងារ​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ការ​អភិ​រក្ស​ ​ការ​លើកស្ទួយ​ ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ ​រមណីយ​ដ្ឋាន​វប្បធម៌​ ​ដើម្បី​អប​អរសាទរ​ទិវា​វប្បធម៌​ជាតិ​។​

​លោក​​បាន​ជំរុញ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ចូល​រួម​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​ ​និង​ខ្លឹមសារ​ទិវា​វប្បធម៌​ជាតិ​ ​ព្រមទាំង​ធ្វើ​សកម្មភាព​បង្ហាញ​ការប្រតិបត្តិ​ប្រពៃ​ណី​ ​ទំនៀម​ទម្លាប់​ ​និង​វប្បធម៌​ជាតិ​នៅ​តាម​គ្រឹះស្ថានសិក្សា​ ​វត្តអារាម​ ​រោងចក្រ​ ​សហគ្រាស​ ​និង​នៅ​តាម​សហគមន៍​ជាដើម​។​ ​ចំណែក​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​​ការពារ​ជាតិ​ត្រូវ​ចាត់​ចែង​កម្លាំង​អង្គភាព​មូលដ្ឋាន​ ​ដើម្បី​រក្សា​សន្តិសុខ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ក្នុងកំលុង​ពេល​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​ចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​អាច​រៀបចំ​កម្មវិធី​និង​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​នៅ​ក្នុង​ដែនដី​របស់​ខ្លួន​ដោយ​ផ្ដោ​ត​សំខាន់​លើ​ការ​អប់រំ​មហាជន​ចូលរួម​ថែរក្សា​ ​ការពារ​ ​លើកស្ទួយ​ ​អភិវឌ្ឍ​វប្បធម៌​ជាតិ​​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​អ្នកចូលរួម​កម្មវិធី​និង​សកម្មភាព​ផ្សព្វផ្សាយ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទិវា​វប្បធម៌​ជាតិ​ត្រូវ​ស្លៀកពាក់​សមរម្យ​តាម​បែប​ប្រពៃណី​ជាតិ​»​។​

​នៅ​ក្នុង​ស​ន្នី​សី​ទ​សារ​ព័ត៌មាន​ស្ដីពី​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ​ពីម្សិលមិញ​ ​លោក​ ​ហាប់​ ​ទូច​ ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​បាន​ថ្លែង​ថា​ ​ក្រសួង​បាន​ត្រៀម​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​៧​ ​ខែ​មីនា​ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​ដែល​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ ​៤​ ​០​០​០​នាក់​។​

​លោក​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​ភរិយា​របស់​លោក​នឹង​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​​ពិធី​នោះ​។​

​លោក​បាន​ពន្យល់​ថា​ ​ចំពោះ​ការ​ជ្រើសរើស​ប្រធាន​បទ​ ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​ ​សម្រាប់​ទិវា​វប្បធម៌​ជាតិ​ឆ្នាំនេះ​ ​ដោយសារតែ​យុវជន​ជា​កម្លាំង​ច​លក​រ​ដ៏​ខ្លាំងក្លា​សម្រាប់​ការ​ទ្រទ្រង់​វប្បធម៌​ជាតិ​ឱ្យ​រីក​ចម្រើន​ទៅមុខ​។​

​លោក​បាន​​និយាយ​​ថា​៖​ ​«​បច្ចុប្បន្ន​យុវជន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​​ការ​អ​ភិ​វ​ឌ្ឍ​សេដ្ឋកិច្ច​ ​រួម​ចំណែក​នៅ​ក្នុង​វិ​ស័​យ​វប្បធម៌​ ​យុវជន​ក៏​ចូលរួម​ច្រើន​ដែរ​»​៕​

Related Posts

Previous Article

ធនាគារជាតិនៃកម្ពុជា​ ​និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អា​ស៊ាន​ស្វែងរក​ការ​បណ្តាក់ទុន​អាជីវកម្ម​ ​និង​ឱកាស​វិនិយោគ​

Next Article

​ក្រសួងមហាផ្ទៃ​ ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ជាង​ ​៣​១​៦​០​ករណី​ ​និង​ឃាត់ខ្លួន​ជាង​ ​៥​០​០​០​នាក់​