កម្ពុជា​បានបញ្ជាក់​ជាថ្មី​ពី​ការ​គាំទ្រ​ទីម័រខាងកើត

Khmer Times Share:

កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​គាំទ្រ​ដល់​សមាជិកភាព​របស់​ទីម័រ​ខាងកើត​ក្នុងក្របខណ្ឌ​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏ដូចជា​ក្នុងនិម្មាបនកម្ម​​តំបន់ និង​សកលដ៏ទៃទៀត។

ជំហរនេះ ត្រូវបានលើកឡើងដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលលោក Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាននៃប្រទេសទីម័រខាងកើត បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពកាលពីថ្ងៃចន្ទ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមនាឆ្នាំ ២០០២ និងបានសម្រេចជាផ្លែផ្កាគួរអោយកត់សម្គាល់ ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់សមភាគីទីម័រដែលបានផ្ញើរសារអបអរសាទរក្នុងឱកាសដែលឯកឧត្តមបណ្ឌិតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា ហើយសង្ឃឹមថានឹងបានជួបលោកផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខ។

លោក Kalbuadi Lay បានថ្លែងអំណរគុណចំពោះកម្ពុជានូវជំនួយ និងការគាំទ្រ ដោយអាស៊ានបានយល់ព្រមជាគោលការណ៍ក្នុងការទទួលទីម័រខាងកើតជាសមាជិកទី ១១ របស់អាស៊ាន និងបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍។

តាងនាមអោយប្រជាជន និងរដ្ឋាភិបាលទីម័រខាងកើត លោក Kalbuadi Lay បានអញ្ជើញឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត តាមពេលវេលាសមស្រប។

លោក Kalbuadi Lay បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៣។ C. Nika – AKP

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​សាធារណរដ្ឋកូរ៉េអោយ​វិនិយោគ​លើ​វិស័យ​កសិកម្ម

Next Article

ទំនាក់ទំនងមិត្តភាពកម្ពុជា-អ៊ុយក្រែន នឹងបន្តអភិវឌ្ឍទៅមុខ