WFP និង​គណៈប្រតិភូ​កម្ពុជា​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​កូរ៉េ ដើម្បី​ពង្រឹង​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន

តន វិបុល / Khmer Times Share:
ក្រុមមន្ត្រី​កម្ពុជា​កំពុងតែ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ រូបភាព៖ ស្ថានទូត​កូរ៉េខាង​ត្បូង​

 

គណៈប្រតិភូ​កម្ពុជា រួម​នឹង​បុគ្គលិក​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (WFP) ប្រមាណ​ជិត២០នាក់​បាន​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​ពង្រឹង​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​នៅ​កម្ពុជា។ ពួកគេ​​នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី២៣ ខែកញ្ញា។

បេសកកម្ម​បំពេញ​ទស្សនកិច្ច​នេះ​គាំទ្រ​ដោយ​ទីភ្នាក​់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ហើយ​តាមរយៈ​បេសកកម្ម​នេះ គណៈប្រតិភូ​ទាំងមូល​បាន​សិក្សា​ស្វែងយល់​ដោយផ្ទាល់​អំពី​គំរូ​ជោគជ័យ​របស់​កម្មវិធី​អាហារ​តាម​សាលា​របស់​ប្រទេស​កូរ៉េ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ពី​ម្សិលមិញ បានឱ្យដឹងថា គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ដឹកនាំ​ដោយ​លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​រួមមាន​សមាសភាព​មន្ត្រីសំខាន់ៗមកពី​ក្រសួង​អប់រំ ក្រសួងកសិកម្ម ក្រសួង​សេដ្ឋកិច្ច ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម និង​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ជនបទ ដែល​សរុប​ទាំងអស់​មាន​ចំនួន១៥នាក់ និង​បុគ្គលិក​បួន​នាក់​មកពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ។

សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា ពួកគេ​នឹង​បាន​សិក្សា​ស្វែងយល់​អំពី​ការអនុវត្ត​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​នៅ​ប្រទេស​កូរ៉េ ដោយ​ផ្តោតលើ​គោលនយោបាយ យន្តការ​អនុវត្ត​ការងារ និង​ការសម្របសម្រួល​អន្តរ​ក្រសួង។

ប្រភព​ដដែល​បញ្ជាក់ថា គណៈប្រតិភូ​កម្ពុជា​ចូលរួម​ជា​មួយ​សម​ភាគី​កូរ៉េ ដើម្បី​សង្កេតមើល​ដំណើរការ​លទ្ធកម្ម​ស្បៀង​តាម​មូលដ្ឋាន និង​ទស្សនកិច្ច​នៅតាម​សាលារៀន​ក្នុង​សហគមន៍​ដែល​ទើប​កំពុង​អនុវត្ត​កម្មវិធី​នេះ។ បន្ទាប់មក គណៈប្រតិភូ​នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៅ​ទីស្នាក់ការ​កណ្តាល​របស់ KOICA ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការអនុវត្ត​កម្មវិធី ការគ្រប់គ្រង ការអភិវឌ្ឍ​គោលនយោបាយ យុទ្ធ​សាស្ត្រ​ហិរញ្ញវត្ថុ​បែប​ច្នៃប្រឌិត និង​តួនាទី​របស់​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ក្នុងការ​រចនា​កម្មវិធី​ប្រកប​ដោយ​និរន្តរភាព និង​បង្កើត​កិច្ចសហការ​ប្រកបដ​ោយ​ប្រសិទ្ធភាព​ជាមួយ​ដៃគូ​ចម្រុះ​និង​ភាគី​ពាក់ព័ន្ធ។

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការផ្តល់​អាទិភាព​ដល់​សុខភាព​សិស្ស​តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ និង​ការគ្រប់គ្រង​គុណភាព​អាហារ​នៅតាម​សាលារៀន​ដែលជា​កម្លាំងចលករ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​កំណែទម្រង់​ការអប់រំ​ក្នុង​អាណត្តិ​ទី៧នៃ​រាជរដ្ឋាភិបាល។

លោក​បាន​និយាយថា៖ «ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​កូរ៉េ​នេះ​ស្របទៅតាម​ចក្ខុវិស័យ​របស់​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​និង​បរិ​យា​ប័ន្ន​ដែល​អនុញ្ញាតឱ្យ​មានកា​រ​ចែករំលែក​ចំណេះដឹង​រវាង​ប្រទេស​ទាំងពីរ។ វា​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​កិច្ចសហការ​រវាង​កម្ពុ​ជា​និង​កូរ៉េ ដែល​អាចធ្វើ​ទៅបាន​តាម​រយៈ​ជំនួយ​គាំទ្រ​ដ៏​មានតម្លៃ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ»។

លោក​បន្តថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​បញ្ជាក់​ពី​ភាពជា​ដៃគូ​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំងពីរ​របស់​យើង និង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​របស់​យើង​ក្នុងការ​លើកកម្ពស់​ការ​អប់រំ អាហារូបត្ថម្ភ និង​ការអភិវឌ្ឍ​ជនបទ»។

លោក ហង់​ជួន ណា​រ៉ុ​ន បាន​សាទរ និង​បន្ថែម​ថា តាមរយៈ​កម្មវិធី​ជំនួយ​ចម្រុះ​របស់​ប្រទេស​កូរ៉េខាង​ត្បូង​ កម្ពុជា​កំពុង​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅកាន់​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​វិស័យ​អប់រំ អាហារូបត្ថម្ភ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

លោកស្រី គ្លែ​រ កូ​ណាន់ នាយិកា​ប្រចាំ​ប្រទេស​របស់ WFP នៅ​កម្ពុជា បាន​លើកឡើងថា៖ «ជាមួយនឹង​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​សហគម​ន៍ (HGSF) របស់​យើង កម្ពុ​ជាមាន​គោលបំណង​ផ្តល់​អាហារ​ដល់​កុមារ​ផង ហើយ​ស្របពេល​ជាមួយ​នោះ ក៏​លើកកម្ពស់​កែលម្អ​អាហារូបត្ថម្ភ ពង្រឹង​ការអប់រំ​និង​ការ​អភិវឌ្ឍន៍ជនបទ និង​បង្កើន​សន្តិសុខ​ស្បៀង​ផងដែរ»។

លោកស្រី​ថា ជំនួយ​គាំទ្រ​របស់​ទីភ្នាក់ងារ​សហប្រតិ​បត្តិ​ការ​អន្តរជាតិ​កូរ៉េ​មកលើ​កម្មវិធី​កន្លងមក បាន​ផ្ដល់​ការ​ក​ែប្រែ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​តាម​សាលារៀន និង​លើកកម្ពស់​សមត្ថភាពរ​បស់​អ្នកអនុវត្ត​កម្មវិធី។

លោកស្រី​បន្ថែមថា ជំនួយ​នេះ​ក៏បាន​រួមចំណែក​ទៅ​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​ផងដែរ តាមរយៈ​ការលើកកម្ពស់​ការ​ដាំដុះ​កសិផល​តាម​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​តាម​មូល​ដ្ឋាន ការ​បង្កើន​ភាព​អង់អាច​របស់​កសិករ ការលើក​កម្ពស់​កំណើន​កសិកម្ម និង​ការបង្កើត​នូវ​ប្រព័ន្ធ​ស្បៀង​មួយ​ដែល​ប្រកប​ដោយ​និរន្តរភាព។

គួរ​បញ្ជាក​់ថា លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​សិក្សា​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការអនុវត្ត​គោល​នយោបាយ​ស្ដីពី​ការផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​នៅ​កម្ពុជា និង​ការអភិវឌ្ឍ​កម្មវិធី​ជាតិ​ផ្ដល់​ស្បៀងអាហារ​តាម​សាលា​រៀន​ដោយ​ប្រើប្រាស់​កសិផល​សហគម​ន៍ ខណៈដែល​កម្មវិធី​នេះ​កំពុង​ឈានដល់​ដំណាក​់កាល​សំខាន់​ក្នុងការ​ផ្ទេរ​មក​ក្នុង​ការ​គ្រប់គ្រង​ទាំងស្រុង​របស់​រដ្ឋាភិបាល​ក្នុងឋានៈ​យន្តការ​មួយ​ដ៏​សំខាន់​នៃ​បណ្តាញ​សុវត្ថិភាព​សង្គម៕

Related Posts

Previous Article

សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី៤ ស្តីពី​អង្គរ​និង​សំបូរ​ព្រៃ​គុក នឹងធ្វើ​នៅ​ទីស្នាក់ការ​ធំ​នៃ​អង្គការ​យូណេស្កូ

Next Article

អាមេរិក​នឹង​ជួយ​នាំយក​វត្ថុ​បុរាណ ៣៣ ត្រលប់មក​កម្ពុជា​វិញ​នៅពេលឆាប់ៗនេះ