ក្រុមហ៊ុន CHN Energy Investment Group Co. LTD ដែលជាក្រុមហ៊ុនរុករករ៉ែ និងថាមពលដែលគ្រប់គ្រងរបស់ប្រទេសចិនបានស្នើការវិនិយោគផ្តោតលើប្រភពថាមពលកកើតឡើងវិញ ថាមពលពន្លឺព្រះអាទិត្យ និងទំនប់វារីអគ្គិសនី។
សំណើនេះត្រូវបានលើកឡើងនៅក្នុងជំនួបកាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងតំណាងក្រុមហ៊ុន CHN ENERGY។
ក្រុមហ៊ុនបានអោយដឹងថា គោលបំណងនៃជំនួបនេះគឺដើម្បីពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញដែលមានទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារនៅកម្ពុជា។
ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ រួមមានការសាងសង់វារីអគ្គិសនី និងគម្រោងថាមពលពន្លឺព្រះអាទិត្យ។
ប្រភពដដែលបានអោយដឹងទៀតថាថា “កម្ពុជាគឺជាទីតាំងយុទ្ធសាស្ត្រដែលមានសក្តានុពលសម្រាប់ការធ្វើអាជីវកម្មក្នុងវិស័យខាងលើ ដែលគាំទ្រដល់ប្រតិបត្តិការអាជីវកម្មដ៏ទាក់ទាញ និងលេចធ្លោបំផុតនៅក្នុងតំបន់”។
លោក សួន សុផលបានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគថាមពល និងបានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រក្រុមហ៊ុន។
លោកបានបន្តថា “កម្ពុជាស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ ព្រោះវាស្របតាមនិន្នាការក្នុងតំបន់ និងអន្តរជាតិ ដែលបាននិងកំពុងបោះជំហានឆ្ពោះទៅមុខ ដើម្បីបំប្លែងថាមពលទៅជាថាមពលបៃតង”។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ថាមពលកកើតឡើងវិញដែលប្រើប្រាស់ក្នុងប្រទេសកម្ពុជា មានប្រមាណជាង ៦២ភាគរយ នៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេស។
ថាមពលកកើតឡើងវិញ គឺជាថាមពលដែលបានមកពីប្រភពដូចជា វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។
បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតថាមពលប្រមាណ ៤០០០ មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ ប៉ុន្តែការប្រើប្រាស់ប្រចាំឆ្នាំមានប្រហែល ២៤០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ ដូច្នេះកម្ពុជាកំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់នាពេលអនាគត។
លោកបានអំពាវនាវឱ្យអ្នកវិនិយោគបរទេសពិចារណាវិនិយោគលើថាមពលបៃតងនៅកម្ពុជា ដើម្បីអាចរួមចំណែកដល់ការផ្លាស់ប្តូរថាមពលនៅក្នុងប្រទេស និងក្នុងតំបន់តាមរយៈការជួញដូរថាមពលឆ្លងដែន។