ផ្លូវក្រវ៉ាត់ក្រុងដែលផ្តល់មូលនិធិដោយចិនជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងធ្វើអោយប្រសើរឡើងនូវការដឹកជញ្ជូនទំនិញក្នុងរាជធានីភ្នំពេញ

Share:
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញកាត់ខ្សែបូក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ (រូបថតដោយ លី ឡាយ/ស៊ីនហួ)

ដោយភ្ជាប់ពីភាគនិរតីនៃរាជធានីភ្នំពេញទៅកាន់តំបន់ជាយក្រុងភាគខាងកើត ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលផ្តល់មូលនិធិដោយចិន មិនត្រឹមតែជួយបញ្ចៀសការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអោយការដឹកជញ្ជូនទំនិញ និងភស្តុភារនៅក្នុងទីក្រុងមានភាពប្រសើរឡើងផងដែរ។

ផ្លូវក្រវ៉ាត់ក្រុងប្រវែង ៥៣គីឡូម៉ែត្រ រួមជាមួយនឹងស្ពានឆ្លងកាត់ទន្លេចំនួនពីរ និងស្ពានអាកាសចំនួនពីរ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group ក្នុងរយៈពេល ៥២ខែ ក្រោមកម្ចីសម្បទានពីធនាគារនាំចេញ-នាំចូលនៃប្រទេសចិន។

ផ្លូវដែលមាន​​ពីរគន្លង ​សម្រាប់​ធ្វើ​ចរាចរណ៍​ក្នុង​ទិស​ដៅ​នីមួយៗ ​លាតសន្ធឹង​ពី​រង្វង់​មូល​មហាវិថី​ឈ្នះ​-​ឈ្នះ ភាគ​និរតី​រាជធានី​ភ្នំពេញ ដល់​ផ្លូវជាតិ​លេខ​១ ក្នុង​ខេត្តកណ្តាល​ខាងកើត​រាជធានី​។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសេចក្តីសោមនស្សរីករាយដែលបានឃើញការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣នេះរួចរាល់ ដោយលើកឡើងថា ផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ពួកគាត់ ជាពិសេសការដឹកជញ្ជូនកសិផលពីកសិដ្ឋានទៅកាន់ទីផ្សារ។

យាយ អាត អាយុ៦៨ឆ្នាំ ជាកសិករនៅខេត្តកណ្តាល បានប្រាប់សារព័ត៌មានស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ថា “កាលពីមុន ពិបាកក្នុងការធ្វើដំណើរទៅកាន់ទីក្រុង ដោយសារការកកស្ទះចរាចរណ៍ និងមានរថយន្តកុងតឺន័រច្រើន”។

គាត់និយាយថា “ផ្លូវនេះបានជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយវានឹងផ្តល់ការជំរុញដល់សេដ្ឋកិច្ចរបស់យើង និងធ្វើឲ្យការដឹកជញ្ជូនទំនិញប្រសើរឡើង”។

អ្នកស្រី លឹម សូរិយា អាយុ ៤៦ ឆ្នាំ អ្នកលក់បន្លែនៅខេត្តកណ្តាលបាននិយាយថា ផ្លូវក្រវ៉ាត់ក្រុងនេះអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរពីម្ខាងទីក្រុងទៅម្ខាងទៀតដោយមិនឆ្លងកាត់កណ្តាលក្រុង ដូច្នេះវានឹងកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរ។

គាត់បានប្រាប់សារព័ត៌មានស៊ីនហួរ ថា “ខ្ញុំបានធ្វើដំណើរលើផ្លូវនេះ ហើយមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់” «ផ្លូវ​ធំ​នេះ​ល្អ ហើយ​វា​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​ងាយ​ស្រួល និង​លឿន​ជាង​មុន»។

លោក សាំង សុខជា អាយុ៤១ឆ្នាំ រស់នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ បាននិយាយថា ផ្លូវនេះមិនត្រឹមតែជួយលើកស្ទួយជីវភាពរស់នៅរបស់អ្នកស្រុកប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ចំណងមិត្តភាពរវាងកម្ពុជា និងចិនផងដែរ។

លោក​បាន​ប្រាប់​ស៊ីនហួរ​ថា​៖ «​ចិន​គឺជា​ដៃគូ​ដ៏​ល្អ​បំផុត​របស់​កម្ពុជា ដែល​ជួយ​យើង​ក្នុង​ការ​អភិវឌ្ឍ​ស្ពាន ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាសក្ខីភាពមួយទៀត នៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

លោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថាក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុងទីបីកាលពីថ្ងៃព្រហស្បតិ៍ថា “ផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដោះស្រាយកំណើនលំហូរចរាចរ និងការដឹកជញ្ជូនទំនិញនៅក្នុងរាជធានី” ។

 

ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​បន្ថែម​ថា ផ្លូវ​នេះក៏​បាន​តភ្ជាប់​ផ្លូវ​សំខាន់ៗ​ជា​ច្រើន​រួម​ទាំង​ផ្លូវ​ល្បឿន​លឿន​ផង​ដែរ។

លោកបានមានប្រសាសន៍ថា “ផ្លូវនេះនឹងមិនត្រឹមតែកាត់បន្ថយការកកស្ទះចរាចរណ៍នៅកណ្តាលទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ភស្តុភារ និងទេសចរណ៍ផងដែរ ដូច្នេះប្រជាជននឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីវា”។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោក​បន្ត​ថា​៖ «​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ចូល និង​ចេញ​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​» ។ “វាបាននិងកំពុងប្រែក្លាយតំបន់នានានៅតាមបណ្តោយផ្លូវទៅជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋាន មជ្ឈមណ្ឌលភស្តុភារកម្ម តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ និងឃ្លាំង។”

លោក ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន ដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា “ដោយគ្មានលក្ខណ្ឌ” ដោយលោកបញ្ជាក់ថា ជំនួយរបស់ចិនមានសារៈសំខាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

Xinhua

Related Posts

Previous Article

ទូរគមនាគមន៍កម្ពុជាបានជួយផ្សារភ្ជាប់ចំណេះដឹងផ្នែកឌីជីថលនៅក្នុងប្រទេស

Next Article

ទូរគមនាគមន៍​កម្ពុជា​បាន​ជួយ​ផ្សារភ្ជាប់​ចំណេះ​ដឹង​ផ្នែក​ឌី​ជី​ថល​នៅ​ក្នុង​ប្រទេស​