​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ​ហាម​នេសាទ​និង​ចត​នាវា​លើ​គន្លង​ខ្សែ​បណ្តាញ​អគ្គិសនី​កប់​ក្រោម​បាត​សមុទ្រ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​ផែនទី​បង្ហាញ​ពី​បណ្តាញ​ខ្សែកាប​ក្រោម​សមុទ្រ​នៅ​បាត​សមុទ្រ​កម្ពុជា​។​ ​រូបភាព​៖​ ​ក្រសួង​ប្រេ​ស​នី​យ៍ ​និង​ទូរគមនាគមន៍

រដ្ឋា​បាល​ខេត្ត​ព្រះ​សី​ហ​នុ​បាន​ហាម​នេសាទ​និង​ចត​នាវា​គ្រប់​ប្រភេទ​នៅ​លើ​គន្លង​ខ្សែ​បណ្តាញ​អគ្គិសនី​ដែល​កប់​ក្រោម​បាត​សមុទ្រ​ ​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ផ្សេងៗ​។​ ​កា​រហាម​នេះ​ត្រូវ​បាន​កំណត់​ការ​បរិច្ឆេទ​ជាអចិន្ត្រៃយ៍​។​

​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ​កាលពី​ថ្ងៃពុធ​បាន​ប្រកាស​ពី​កា​រដាក់​បំរាម​នេះ​ថា​ ​មូលហេតុ​នៃ​កា​រហាម​នេះ​ ​ដោយសារតែ​អគ្គិសនី​កម្ពុជា​បាន​កសាង​ខ្សែ​បណ្តាញ​អគ្គិសនី​តង់ស្យុង​២​២​គីឡូវ៉ុល​ ​និង​៣​៥​គីឡូវ៉ុល​តាម​តំបន់​ភូមិសាស្ត្រ​ខេត្ត​ព្រះ​សី​ហ​នុ​និង​ខេត្ត​កោះ​កុង​។​

​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ​បន្ត​ថា​ ​ខ្សែ​បណ្តាញ​អាកាស​និង​ខ្សែក​ប់​ក្រោម​បាត​សមុទ្រ​ឆ្លងកាត់​កោះ​ទទឹង​ ​កោះ​ស្តេច​ ​កោះ​សា​មិត​ ​កោះ​អំពិល​តូច​ ​កោះ​អំពិល​ធំ​កោះ​ស្មាច់​ ​កោះ​ស្រមោច​ ​កោះ​ម្នាស់​ ​កោះ​តា​ទាម​ ​និង​កោះ​រ៉ុ​ង​​ដែល​បាន​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។​

​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ​បាន​បញ្ជាក់​ថា​ ​សាធារណជន​ ​ជាពិសេស​ម្ចាស់​នាវា​គ្រប់​ប្រភេទ​ ​រួម​មាន​ទូក​ ​កាណូត​ ​កប៉ាល់​ ​សាឡង់​ ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្ដា​កោះ​ទាំងនេះ​ហាម​បោះយុថ្កា​នៅ​ទីតាំង​គន្លង​ខ្សែ​បណ្ដាញ​អគ្គិសនី​កប់​ក្រោម​សមុទ្រ​ ​និង​រក្សា​គ​ម្លា​ត​ប្រមាណ​២​០​០​ម៉ែត្រ​ពី​គន្លង​ខ្សែ​បណ្ដាញ​អគ្គិសនី​កប់​ក្រោម​សមុទ្រ​ ​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​លើ​ខ្សែ​បណ្តាញ​អគ្គិសនី​ដែល​អាចប​ង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។​

​រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ឱ្យ​ពិនិត្យ​គំនូស​ប្លង់​ហាម​នេសាទ​និង​ចត​នាវា​លើ​ទីតាំង​តាម​គន្លង​ខ្សែ​បណ្តាញ​អគ្គិសនី​កប់​ក្រោម​បាត​សមុទ្រ​ឱ្យ​បាន​ច្បាស់លាស់​។​

​លោក​ ​នួន​ ​អភិបាល​ក្រុង​កោះ​រ៉ុ​ង​ ​បាន​និយាយ​ថា​ ​កា​រហាម​នេះ​មាន​រយៈពេល​ជាអចិន្ត្រៃយ៍​ ​ពីព្រោះ​មាន​ការរៀបចំ​គន្លង​ខ្សែ​បណ្ដាញ​អគ្គិសនី​កប់​ក្រោម​សមុទ្រ​ ​ហើយ​វាក​៏​មិនមែន​ជា​ទីតាំង​សម្រាប់​នេសាទ​នោះ​ទេ​។​

​លោក​បាន​បញ្ជាក់​ថា​ ​សម្រាប់​នៅ​កោះ​រ៉ុ​ង​មិន​មាន​ទូត​ច្រើន​ទេ​ ​ហើយ​ប្រជាពលរដ្ឋ​កោះ​រ៉ុ​ង​ ​គឺ​ពួកគេ​បាន​យល់​ដឹង​ពី​បំរាម​នេះ​រួចហើយ​ ​ប៉ុន្តែ​អាជ្ញាធរ​បាន​ក្រើន​រំលឹក​បន្ថែម​សម្រាប់​អ្នកដំណើរ​និង​អ្នកនេសាទ​មកពី​ខាង​ស្ទឹង​ហាវ​ ​និង​មកពី​ខាង​ខេត្ត​កោះ​កុង​។​

​លោក​បាន​លើកឡើង​ថា​ ​គន្លង​ខ្សែ​បណ្ដាញ​អគ្គិសនី​ដែល​កប់​ក្រោម​បាត​សមុទ្រ​ ​គឺ​មាន​ប្រភព​ពី​ខាង​ខេត្ត​កោះ​កុង​ចាប់ពី​តំបន់​តារា​សាគរ​ ​ពាម​កាយ​ ​ហើយ​ឆ្លងកាត់​កោះ​ម្នាស់​ ​កោះ​តា​ទាម​រហូតដល់​កោះ​រ៉ុ​ង​ ​ក្រុង​កោះ​រ៉ុ​ង​ ​ខេត្ត​ព្រះ​សី​ហ​នុ​។​

​លោក​បន្ត​ថា​ ​ការរៀបចំ​ខ្សែ​បណ្ដាញ​អគ្គិសនី​នេះ​ ​ដើម្បី​ចែកចាយ​សម្រាប់​ប្រើប្រាស់​ទូទាំង​សង្កាត់​កោះ​រ៉ុ​ង​ ​និង​មួយ​ផ្នែក​នៃ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​។​

​លោក​បន្ថែម​ថា​៖​ ​«​យើង​នៅ​មាន​ការសិក្សា​បន្ថែម​ទៀត​ ​ថាត្រូវ​ពង្រីក​អគ្គិសនី​ឱ្យ​ទៅដល់​កោះ​រ៉ុ​ង​សន្លឹម​»​៕​

Related Posts

Previous Article

​អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​ឈើ​ចម្រុះ​ជាង​ពីរ​លាន​ដើម​ដោយ​ប្រើ​ពេល​ ​១​៩​ឆ្នាំ​ ​ដើម្បី​លើក​សោភ័ណ​ភាព​ប្រាសាទ​

Next Article

​សមត្ថកិច្ច​កំពុង​ប្រមាញ់​អ្នកទោស​ជនជាតិ​ចិន​ដែល​រត់​គេច​ពី​ពន្ធ​នាគា​រ​ខេត្ត​សៀមរាប​