​រដ្ឋបាល​រាជធានី​គ្រោង​សាង​សង់ស្ពាន​ឆ្លងទន្លេ​ពី​ព្រែក​ប្រា​ ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២​ ​និង​ផ្លូវ​៦​០​ម៉ែត្រ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​ក្នុង​កិច្ចប្រជុំ​ស្តីពី​ ​ការងារ​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ ​ជូន​ប្រមុខ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​។​   ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​

​រដ្ឋាភិបាល​គ្រោង​សាង​សង់ស្ពាន​ឆ្លង​ទន្លេ​បន្ថែម​ ​២​កន្លែង​ ​ដោយ​ឆ្លង​ពី​ព្រែក​ប្រា​ ​ឆ្ពោះ​ទៅ​ផ្លូវជាតិ​លេខ​២​ ​និង​ឆ្ពោះទៅ​ផ្លូវ​៦​០​ម៉ែត្រ​ ​តំបន់​អភិវឌ្ឍន៍​ជើងឯក​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ​និង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​។​

​ក្នុង​កិច្ចប្រជុំ​ស្តីពី​ ​ការងារ​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ ​ដល់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ ​កាល​ពី​ថ្ងៃអង្គារ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា​ ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​ ​ធ្វើឡើង​ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍​ ​ជាពិសេស​ការ​សម្រួល​ក្បួន​ថ្នាក់​ដឹកនាំ​ឱ្យ​បាន​រលូន​ ​និង​កាត់​បន្ថយ​បាន​នូវ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​។​

​លោក​ ឃួ​ង​ ​ស្រេង​ ​បញ្ជាក់​ថា​ ​ជុំវិញ​បញ្ហា​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់​ ​ដោយ​បាន​សាង​សង់ស្ពាន​បេតុង​ខ្សែ​កាប​កោះ​ន​រា​ ​ឆ្លង​ពី​ទីក្រុង​កោះ​ពេជ្រ​ ​ទៅ​ទីក្រុង​កោះ​ន​រា​ ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ​និង​ខណ្ឌ​ចំការមន​។​

​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏​គ្រោង​សាង​សង់ស្ពាន​ឆ្លង​ទន្លេ​២​កន្លែង​បន្ថែម​ទៀត​ ​ដោយ​ឆ្លង​ពី​ព្រែក​ប្រា​ ​ឆ្លង​ទៅ​ផ្លូវជាតិ​លេខ​២​ ​ទៅ​ផ្លូវ​៦​០​ម៉ែត្រ​ ​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ជើងឯក​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ក្រោយ​ស្ពាន​ទាំងពីរ​ខាង​លើ​នេះ​ ​ស្ថាបនា​រួចរាល់​ ​នោះ​តំបន់​ព្រែក​ប្រា​ ​និង​តំបន់​អភិវឌ្ឍន៍​ជើងឯក​ ​អាច​នឹង​ដោះស្រាយ​បាន​ល្អ​ប្រសើរ​ ​ហើយ​លែង​មានការ​កក​ស្ទះ​ចរាចរណ៍​ដូច​ពេលមុន​ទៀតហើយ​»​។​

​លោក​បន្ត​ថា​ ​កំណាត់ផ្លូវ​ជាតិ​លេខ​១​ ​កាល​ពី​មិនទាន់​បើក​ការដ្ឋាន​សាង​សង់ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​គឺ​មានការ​កក​ស្ទះ​ចរាចរណ៍​រួច​ទៅ​ហើយ​ ​ប៉ុន្តែ​នៅ​ពេល​ការដ្ឋាន​ចាប់​ផ្តើម​ដំណើរការ​ ​កំណាត់ផ្លូវ​មួយ​នេះ​កាន់តែ​ស្ទះ​ខ្លាំង​ឡើង​ថែមទៀត​។​

​លោក​ ឃួ​ង​ ​ស្រេង​ ​ថ្លែង​ថា​ ​បញ្ហា​កក​ស្ទះ​ខ្លាំង​ជាបន្តបន្ទាប់​បែប​នេះ​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​តែង​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ ​ដើម្បី​កាត់បន្ថយ​ការ​កក​ស្ទះ​ ​ពិសេស​នៅ​រង្វង់​មូល​ក្បាល​ថ្នល់​ ​និង​នៅមុខ​ក្រសួង​មហាផ្ទៃ​។​ ​ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក្តី​ ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តែ​បន្ត​កើត​មាន​។​

​អភិបាល​រាជធានី​បន្ថែម​ថា​ ​ទោះបី​ការដ្ឋាន​សាង​សង់ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​ត្រូវ​បាន​បញ្ចប់​នា​ថ្ងៃខាងមុខ​ក៏ដោយ​ ​ប៉ុន្តែ​ទីតាំង​នេះ​ ​នៅ​តែ​ប្រឈម​នៃ​ការ​កក​ស្ទះ​ដដែល​ ​ព្រោះ​លំ​ហូរ​ចរាចរណ៍​ខ្លាំង​ពី​ផ្លូវជាតិ​លេខ​១​។​
​លោក​បន្ត​ថា​ ​ជា​ជំហាន​នៃ​ការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​ចំណុច​ខាងលើ​នេះ​ ​ស្នើ​កង​កម្លាំង​មានសមត្ថកិច្ច​ពាក់ព័ន្ធ​ ​ត្រូវ​ហាម​ដាច់​ខាត​ចំពោះ​រថយន្ត​ដឹកទំនិញ​ធំ​ៗ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​ចូល​រាជធានី​ភ្នំពេញ​ ​តាម​ផ្លូវជាតិ​លេខ​១​ ​ពិសេស​ចាប់ពី​និរោធ​៣​ ​រហូត​ដល់​ស្ពាន​ច្បារអំពៅ​ ​ព្រោះ​បច្ចុប្បន្ន​មាន​ផ្លូវ​វាង​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​។​

​លោក​បន្ថែម​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ត្រូវ​ធ្វើ​សេចក្តីជូនដំណឹង​ភ្លាម​ ​ដើម្បី​ឱ្យ​អ្នក​បើកបរ​​​រថយន្ត​ដឹកទំនិញ​ធំ​ៗ​បាន​ជ្រាប​ព័ត៌មាន​ ​និង​ស្គាល់ផ្លូវ​វាង​ចេញពី​តំបន់​កក​ស្ទះ​ខ្លាំង​។​

​លោក​ ឃួ​ង​ ​ស្រេង​ ​បញ្ជាក់​ថា​ ​ការ​សម្រួល​ក្បួន​ ​និង​កិច្ចការពារ​សន្តិសុខ​ ​សុវត្ថិភាព​ ​ជូន​ប្រមុខ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ ​ដែល​ឆ្លង​កាត់​តំបន់​ខាងលើ​ ​ត្រូវតែ​ធ្វើឡើង​ដោយ​ភាព​ហ្មត់ចត់​ដោយ​ត្រូវ​សម្រួល​ក្បួនជូន​ប្រមុខ​ថ្នាក់​ដឹកនាំ​បាន​ល្អ​ ​និង​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ ​ពិសេស​ពេល​ក្បួន​ចេញ​ផុត​ក៏​មិន​ត្រូវ​ដក​កម្លាំង​ចេញ​ភ្លាម​ទេ​ ​តែ​ត្រូវ​ជួយ​សម្រួល​ចរាចរណ៍​ឱ្យ​នៅ​ធម្មតា​វិញ​ ​ទើប​អាច​ដក​កម្លាំង​ចេញ​បាន​។​

​លោក​ ​ញាណ​ ​ច​័ន្ទ​សោភា​ ​នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​ ​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ ​កាល​ពីម្សិលមិញ​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ពិតជា​មាន​គម្រោង​សាង​សង់ស្ពាន​ព្រែកប្រា​ ​ឆ្លង​ទន្លេ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២​ ​និង​ផ្លូវ​៦​០​ម៉ែត្រ​ ​ក្នុង​តំបន់​អភិវឌ្ឍ​ជើងឯក​ពិតមែន​ ​ព្រោះ​បច្ចុប្បន្ន​តំបន់​ទាំងពីរ​នេះ​ ​មានការ​កក​ស្ទះ​ខ្លាំង​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​ទីតាំង​ដែល​គ្រោង​សាង​សង់ស្ពាន​ព្រែក​ប្រា​នេះ​ ​បច្ចុប្បន្ន​អ្នក​ជំនាញ​បោស​ស​ម្អា​ត​មីន​ ​និង​គ្រឿង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ​កំពុង​រុករក​រាវ​មីន​ ​និង​គ្រឿង​មិន​ទាន់​ផ្ទុះ​ក្នុង​បាតទន្លេ​ ​ហើយ​នៅ​ពេល​បោស​ស្អាត​រួចរាល់​ ​នោះ​ការដ្ឋាន​សាង​សង់ស្ពាន​នឹង​ចាប់​ផ្ដើម​ដំណើរការ​។​

​លោក​បន្ត​ថា​៖​ ​«​បើ​សិន​ស្ពាន​នេះ​សាង​សង់​រួចរាល់​ ​ហើយ​ដាក់​ឱ្យ​ដំណើរការ​ជា​សាធារណៈ​ ​គឺ​ជួយ​រំដោះ​ការ​កក​ស្ទះ​ចរាចរណ៍​បាន​ច្រើន​តំបន់​ ​ជាពិសេស​រួមចំណែក​បង្កើន​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ ​និង​កាត់បន្ថយ​ការធ្វើដំណើរ​ដោយ​ប្រើ​រយៈពេល​យូរ​ម៉ោង​ទៀត​ផង​»​។​

​លោក​ ​ញាណ​ ​ច​័ន្ទ​សោភា​ ​​ថា​ ​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នឹង​បើក​ឱ្យ​ដំណើរការ​ស្ពាន​កោះ​ន​រា​ ​ដែល​ឆ្លង​ពី​ទីក្រុង​កោះ​ពេជ្រ​ ​ទៅ​ទីក្រុង​កោះ​នរា​ ​ជា​បណ្ដោះ​អាសន្ន​នៅមុន​បុណ្យ​អុំទូក​ ​បណ្ដែត​ប្រទីប​ ​និង​សំពះព្រះខែ​ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​៕

Related Posts

Previous Article

​លោក​ ​ហ៊ុន​ ​ម៉ា​នី​៖​ ​ក្រសួង​មុខងារ​សាធារណៈ​ ​ដើរ​តួនាទី​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ក្នុង​អាណត្តិ​ថ្មី​

Next Article

​សមាគម​ស៊ី​កា​ដា​បារម្ភ​សិល្បករ​បោះបង់​ការងារ​វប្បធម៌​ ​បន្ទាប់ពី​ការ​​រក​បាន​ចំណូល​បានទាប​​