​រដ្ឋាភិបាល​តែងតាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​​កិច្ចការ​ព័ត៌មាន​និង​សាធារណមតិ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​ស្វាយ​ ​ស៊ីថា​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន​និង​សាធារណមតិ​។​ អង្គភាព​ប្រតិកម្ម​រហ័ស​

​រដ្ឋាភិបាល​​សម្រេច​តែងតាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន​និង​សាធារណមតិ​ ​ដោយមាន​ប្រធាន​ ​អនុប្រធាន​ ​រួម​ទាំង​សមាជិក​ចំនួន​១​១​រូប​ ​ដើម្បី​ការពារ​សមិទ្ធផល​ ​ស្នាដៃ​ ​និង​កេរ្ដិ៍​ឈ្មោះ​របស់​ព្រះរាជាណាចក្រកម្ពុជា​។​

តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ចុះ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​បាន​តែងតាំង​លោក​ ​ស្វាយ​ ​ស៊ីថា​ ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ​ជា​ប្រធាន​។​ ​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​ជា​អនុប្រធាន​ទី​១​។​ ​លោក​ ​ប៉ែន​ ​បូ​ណា​ ​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​។​ ​

​​ការ​សម្រេច​តែងតាំង​សមាសភាព​ពេល​នេះ​ ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ចការ​ព័ត៌មាន​និង​សាធារណមតិ​កាលពី​ថ្ងៃ​ទី​១​ ​ខែកញ្ញា​។​

​អនុក្រឹត្យ​បាន​ចែង​ថា​ ​ពួកគេ​មាន​តួនាទី​និង​ភារកិច្ច​ពង្រឹង​សាធារណមតិ​តាមរយៈ​ការ​តាមដាន​ក្ដាប់​គ្រប់​ស្ថានការណ៍​ ​ឃោសនា​ ​ពន្យល់​ ​និង​ការពារ​រូបភាព​វិជ្ជមាន​របស់​កម្ពុជា​។​ ​ជាពិសេស​ការពារ​អធិបតេយ្យ​ជាតិ​ ​ផ្សព្វផ្សាយ​សមិទ្ធផល​របស់​រដ្ឋាភិបាល​ ​និង​កសាង​រូបភាព​វិជ្ជមាន​និង​លើក​ក​ម្ពស់​កិត្យានុភាព​របស់​កម្ពុជា​ទាំង​ក្នុងស្រុក​និង​លើឆាកអន្តរជាតិ​។​

​បន្ថែម​ពី​នេះ​ ​ពួកគេ​មាន​តួនាទី​និង​ភារកិច្ច​ជំរុញ​ប្រសិទ្ធ​ភាព​ការងារ​ឆ្លើយតប​ព័ត៌មាន​ក្លែងក្លាយ​តាមរយៈ​ការរៀបចំ​យន្ត​ការ​ឆ្លើយតប​ឱ្យ​ទាន់​ពេល​វេលា​ជា​ប្រព័ន្ធ​តួអង្គ​តែមួយ​ ​និង​បង្កើន​សមត្ថភាព​យុទ្ធសាស្ត្រ​បែប​ឌី​ជី​ថល​។​

​លោក​ ​ប៉ែន​ ​បូ​ណា​ ​ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​ធ្លាប់​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ ​ការ​បង្កើត​គណៈកម្មាធិការ​នេះ​មិនមែន​ជា​ការរំលោភ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​ទេ​ ​ប៉ុន្តែ​ដើម្បី​ប្រមូល​ព័ត៌មាន​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ ​ច្បាស់លាស់​និង​រហ័ស​ជាង​មុន​។​

​លោក​ ​ណុប​ ​វី​ ​នាយក​ប្រតិបត្តិ​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ​ឬ​ហៅ​កាត់​ថា​ ខេ​ម​បូ​ចា ​យល់ឃើញ​ថា​ ​ប្រសិនបើ​គណៈកម្មាធិការ​ខាងលើ​មាន​សកម្មភាព​ឬ​តួនាទី​បន្ថែម​ពីលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ​ក្នុង​ការ​ជួយ​លើក​ក​ម្ពស់ ​ក៏ដូចជា​ការធានា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​កាន់តែ​ល្អ​ប្រសើរ​ ​នោះ​ជា​រឿង​ដែល​គួរ​ទទួល​សាទរ​ចំពោះ​ការ​បង្កើត​គណៈកម្មាធិការ​នេះ​ឡើង​។​

​លោក​បន្ត​ថា​៖​ ​«​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​វា​ជា​ការចាំបាច់​ដើម្បី​ធានា​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ ​ប៉ុន្តែ​ការ​ផ្ដល់​ផលប្រយោជន៍​ដល់​សាធារណជន​ដោយ​គណៈកម្មាធិការ​នេះ​ ​គឺ​អាស្រ័យ​លើ​តួនាទី​ ​ភារកិច្ច​ ​លទ្ធភាព​ ​និង​សមត្ថភាព​របស់​ពួកគេ​»​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ដូច្នេះ​មិនគួរ​មានការ​សម្របសម្រួល​ទេ​។​ ​វា​លើកលែងតែ​ករណី​ផ្ដល់​មធ្យោបាយ​សម្របសម្រួល​ឱ្យ​ការ​បញ្ចេញមតិ​កាន់តែ​ផុស​ផុល​ឡើងជា​ង​មុន​»​៕

Related Posts

Previous Article

​ក្រសួងសាធារណការ​ ​ពិនិត្យ​ពិភាក្សា​បន្ថែម​លើ​​ការកំណត់​ល្បឿន​សម្រាប់​យានយន្ត​

Next Article

​ការ​ស្ដារ​ប្រឡាយ​ទឹក​រំដោះ​ទឹកភ្លៀង​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​