កម្ពុជា-កូរ៉េ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល និងការវិនិយោគ

Khmer Times Share:

ប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ តាមរយៈសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Korea International Trade Association-KITA) បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀតនៅក្នុងវិស័យឌីជីថល ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារនៅសណ្ឋារគារ Rosewood ភ្នំពេញ រវាងលោកស្រី ជ្រឹង បុទមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ គណៈប្រតិភូ KITA និងលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហែម វណ្ឌី សង្ឃឹមថា កិច្ចប្រជុំនេះនឹងជួយប្រទេសទាំងពីរពង្រីកឱកាសឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឧស្សាហកម្មកាន់តែស៊ីជម្រៅ ដែលនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេមិនត្រឹមតែក្នុងឧស្សាហកម្មដែលផ្តោតលើផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ផងដែរ។

យោងតាមលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្មបានឱ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានរៀបចំវេទិកាធុរកិច្ច ដោយមានការចូលរួមពីក្រុមហ៊ុនចំនួន១០០ ដើម្បីសិក្សា និងពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជា។

លោកបានបន្ថែមថា KITA ដែលមានក្រុមហ៊ុនជាង៧០,០០០ ជាសមាជិក នឹងបន្តស្វែងរកឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា។

កាលពីម្សិលមិញ លោកស្រី ជ្រឹង បុទុមរង្សី និងគណៈប្រតិភូសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ដឹកនាំដោយអនុប្រធាន លោក Jeong Marn-ki បានទៅបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខ្លួន ដែលផ្តោតលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ គណៈប្រតិភូបានជួបជាមួយរដ្ឋបាលខេត្ត និងទស្សនាកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់អភិវឌ្ឍន៍ Bay of Lights ក្នុងឃុំរាម ស្រុកព្រៃនប់៕ AKP-C.Nika

Related Posts

Previous Article

​ព្រឹត្តិការណ៍​ ​Equinox​ ​An​g​kor ​W​at​ ​នឹង​មកដល់​នៅ​ស​ប្ដាហ៍​ក្រោយ​

Next Article

កិច្ចព្រមព្រៀងRCEP នឹងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជាក្នុងប៉ុន្មានឆ្នាំខាងមុខ