ការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

Khmer Times Share:

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងប្រភេទកសិកម្ម ចាប់ពីខែតុលា ដល់ខែធ្នូ ដោយបាន​ស្នើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដាក់​ពាក្យ​សុំ​បញ្ចុះថ្លៃទៅអ្នកផ្គត់ផ្គង់អគ្គិសនី​ក្នុង​តំបន់​របស់​ខ្លួន។

វិធានការនេះបានអនុវត្តតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

តាមខ្លឹមសារនៃសេចក្តីជូនដំណឹង ការបញ្ចុះថ្លៃអគ្គិសនីធ្វើឡើងចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់បណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស។

ការបញ្ចុះថ្លៃអគ្គិសនីនេះគឺសម្រាប់ប្រើប្រាស់បរិមាណថាមពលលើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែ ចុងក្រោយគឺពីខែមេសាដល់ខែកញ្ញា។

បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩យប់។

បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។

ក្នុង​អំឡុង​ពេល​បញ្ចុះថ្លៃរយៈពេល​បី​ខែ រដ្ឋាភិបាល​នឹង​វាយ​តម្លៃលើ​វិធានការនេះ។

ប្រសិនបើត្រូវបានរកឃើញថាមានប្រសិទ្ធភាព ការអនុវត្តវិធានការនេះអាចត្រូវបានបន្ត ហើយអ្នកប្រើប្រាស់ដែលមានសិទ្ធិនឹងត្រូវបានជូនដំណឹង៣០ថ្ងៃមុនពេលធ្វើការសម្រេចចិត្ត។

ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ៕ Lim Nary – AKP

Related Posts

Previous Article

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត

Next Article

កសិករ​ខ្មែរត្រូវបាន​ជំរុញអោយ​​ត្រៀម​ខ្លួនដើម្បី​នាំចេញផ្លែ​ដូង​ទៅប្រទេស​ចិន