កម្ពុជា និង​ថៃ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ពង្រឹង​វិស័យសន្តិសុខ

Khmer Times Share:
ស្នងការរងនគរបាលភូមិន្ទថៃ លោក Surachat Hakparn។ khaosodenglish

នាពេលថ្មីៗនេះ ថៃ និងកម្ពុជាបានសន្យាពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងស្ថិរភាព និងសន្តិសុខនៃប្រទេសទាំងពីរតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ។

ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងស្នងការរងនគរបាលភូមិន្ទថៃ លោក Surachat Hakparn និងអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ស ថេត។ ភាគីទាំងពីរបានពិភាក្សាគ្នាពង្រឹងទំនាក់ទំនងទ្វេភាគី ដោយសង្កត់ធ្ងន់ជាពិសេសលើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងព្រំដែន។

ភាគីទាំងពីរបានបង្ហាញឆន្ទៈ និងសម្តែងការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់នៅក្នុងតំបន់។

លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាពដើម្បីគ្រប់គ្រងបទល្មើសនានា ដូចជាការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តច្បាប់ ជាពិសេសគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងនេះ។ លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធទាំងអស់ គឺមានសារៈសំខាន់ណាស់ក្នុងការយកឈ្នះលើបញ្ហាប្រឈមទាំងនេះ។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សហការ​រវាង​ប្រទេស​ថៃ និង​កម្ពុជា ក៏​បាន​ទទួល​ការគាំទ្រពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។ ក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានតស៊ូមតិសម្រាប់ការសម្របសម្រួល និងបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងសកម្មភាពខុសច្បាប់ក្នុងតំបន់។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា “យើងបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ហើយខ្ញុំជឿជាក់ថា យើងនឹងអាចធ្វើអោយមានវឌ្ឍនភាពលើបញ្ហាទាំងនេះ”។

ការប្តេជ្ញាចិត្តក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ បង្ហាញពីជំហានដ៏សំខាន់ឆ្ពោះទៅរកការធានាបាននូវសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់។ វាបង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសទាំងពីរក្នុងការការពារទឹកដីប្រឆាំងនឹងសកម្មភាពខុសច្បាប់ និងការផ្តល់សារៈសំខាន់លើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការសម្រេចបាននូវគោលដៅនេះ។

ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​មិន​ត្រឹម​តែ​បម្រើ​ដល់​ការ​ពង្រឹង​វិធានការ​សន្តិសុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ទំនាក់ទំនង​ចុះសម្រុង​គ្នា​រវាង​ប្រទេស​ថៃ និង​កម្ពុជា។ ខណៈដែលប្រទេសទាំងពីររួបរួមគ្នាដោះស្រាយបញ្ហារួម ភាពជាដៃគូនេះនឹងនាំមកនូវអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដោយផ្តល់សន្តិភាព និងសន្តិសុខ៕​ Thaiger

Related Posts

Previous Article

Inpay សហការ​ជាមួយ CPBank ដើម្បី​ណែនាំសេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ

Next Article

​វិនិយោគគិន​ឥណ្ឌា​ ត្រូវបានជំរុញ​ឲ្យ​ចាត់​ទុក​កម្ពុជា​ជា​ច្រក​​អាស៊ាន