កម្ពុជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួនបីលាននាក់ក្នុងរយៈពេលប្រាំពីរខែ

Khmer Times Share:

របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសកម្ពុជាបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,០៣ លាននាក់ នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ដែលជាការកើនឡើងយ៉ាងខ្លាំងចំនួន៣០៨ ភាគរយ ពីចំនួន ៧៤៣,៤៥៩ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសថៃបានឈរនៅលើកំពូលតារាងក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជា ក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំនេះ តាមពីក្រោយដោយប្រទេសវៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​បរទេស​មក​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ដល់ ៧លាន​នាក់ ​ក្នុង​ឆ្នាំ ២០២៥ លើស​កម្រិត​មុន​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ដែល​មាន ៦,៦ លាន​នាក់​ ក្នុង​ឆ្នាំ២០១៩។

ទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។

យោងតាមក្រសួងបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង ២,២ លាននាក់បានមកទស្សនាប្រទេសកម្ពុជា កើនឡើង១,០៥៩ ភាគរយបើធៀបនឹងឆ្នាំ២០២១។

ប្រទេស​កម្ពុជា មានភាពល្បីល្បាញចំពោះរមណីដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ចំនួន​បី​គឺរមណីដ្ឋាន​បុរាណ​អង្គរ​ក្នុង​ខេត្ត​សៀមរាប ប្រាសាទ​ព្រះវិហារ​ក្នុង​ខេត្ត​ព្រះវិហារ និង​រមណីយដ្ឋានបុរាណ​ប្រាសាទ​សំបូរ​ព្រៃគុក​ក្នុង​ខេត្ត​កំពង់ធំ។

ក្រៅពីនេះ ប្រទេសកម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ ដែលលាតសន្ធឹងកាត់ខេត្តភាគនិរតីចំនួន ៤ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង៕ ជា វណ្ណៈ – AKP

Related Posts

Previous Article

បញ្ញាសប្បនិមិ្មតបាននាំមកបញ្ហាប្រឈមថ្មីៗដែលជាឧបសគ្គដល់ការបង្កើតគោលនយោបាយ

Next Article

នាយករដ្ឋមន្ត្រីឡាវ បានផ្ញើរសារអបអរសាទរនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា