រថយន្តអគ្គិសនីរបស់ចិនកំពុងទទួលបានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា

Khmer Times Share:
រថយន្ត​អគ្គិសនី Hongqi ផលិត​នៅ​ប្រទេស​ចិន ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​​ក្នុង​ទីក្រុង​ភ្នំពេញ  កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២៣។ រូបថត​ដោយ Van Pov/Xinhua

លោក គីម ឃាង អាយុ ២៥ ឆ្នាំ ជាអាជីវករបានសម្រេចចិត្តប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីចិន ដើម្បីសន្សំថ្លៃសាំង និងជួយរក្សាខ្យល់អាកាសអោយបរិសុទ្ធ។

និយាយទៅកាន់ Xinhua ខណៈពេលកំពុងទិញរថយន្តអគ្គិសនី Hongqi នៅភ្នំពេញកាលពីថ្ងៃច័ន្ទ លោកឃាងសង្ឃឹមថា រថយន្តនេះនឹងកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈពាក់កណ្តាល និងរួមចំណែកការពារបរិស្ថាន។

គាត់បានប្រាប់ស៊ីនហួថា “ពីមុនខ្ញុំប្រើឡានចាក់សាំង ហើយការចំណាយរបស់ខ្ញុំលើថ្លៃសាំងគឺខ្ពស់ ពី៣០០ ទៅ៤០០ ដុល្លារក្នុងមួយខែ” ។

គាត់​បាន​បន្ត​ថា​តម្លៃ​រថយន្តអគ្គិសនី គឺ​ស្រដៀង​នឹង​រថយន្ត​សាំង​ដែរ។

គាត់​បាន​បន្ថែម​ថា​៖ «​រថយន្ត Hongqi EV ​គឺ​ជា​រថយន្ត​ដែល​ខ្ញុំ​ចូលចិត្ត​ព្រោះ​វា​ជា​ម៉ាក​យីហោ​លំដាប់​ខ្ពស់​នៅ​ប្រទេស​ចិន ហើយ​វា​មាន​ភាពស្រស់ស្អាត គុណភាព​ខ្ពស់ និង​តម្លៃ​ប្រកួតប្រជែង​»​។

មឿង សុខម៉េង អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន Mingyang Guoji Co., Ltd. ដែលជាភ្នាក់ងារផ្តាច់មុខរបស់យីហោ Hongqi នៅកម្ពុជាបាននិយាយថា ចាប់តាំងពីរដ្ឋាភិបាលចាប់ផ្តើមជំរុញការនាំចូលរថយន្តអគ្គិសនី មក អ្នកប្រើប្រាស់មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែពួកគេដឹងពីគុណសម្បត្តិរបស់រថយន្តប្រភេទនេះដូចជាកាត់បន្ថយការចំណាយលើសាំង និងជួយការពារបរិស្ថាន។

នាងបានប្រាប់ Xinhua ថា “បច្ចុប្បន្ននេះ យើងបានលក់រថយន្តអគ្គិសនីជាច្រើន ទាំងខ្នាតតូច និងខ្នាតធំ ហើយរថយន្តអគ្គិសនី របស់យើងបានទទួលការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់”។

នាងបាននិយាយថា តម្លៃសាករថយន្ត Hongqi EV គឺត្រឹមតែ៩ ដុល្លារប៉ុណ្ណោះ ហើយអាចបើកបរបានចម្ងាយ៤៣១ គីឡូម៉ែត្រ។

នាងបានបន្ត​ថា​៖ «​សម្រាប់​ចម្ងាយ​នេះ​បើ​យើង​ប្រើ​សាំង​ឬ​រថយន្ត​កូនកាត់ វា​ត្រូវ​ចំណាយ​អស់ប្រមាណ​៣០​ដុល្លារ​សម្រាប់​សាំង ដូច្នេះ​ការ​ប្រើ​រថយន្តអគ្គិសនីផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​ប្រើប្រាស់​។

ឧត្តម ពិសី អ្នកគ្រប់គ្រងនៅក្រុមហ៊ុន Car4you Co., Ltd. ដែលនាំចូលរថយន្ត Letin Mengo EVs ពីប្រទេសចិន បាននិយាយថា រថយន្តអគ្គិសនីមានគ្រឿងតិចជាងរថយន្តសាំង ឬម៉ាស៊ូត ដូច្នេះតម្លៃថែទាំ និងជួសជុលគឺទាបជាងរថយន្តប្រើចំហេះ។

អ្នក​ស្រី​បាន​ប្រាប់​ស៊ីនហួ​ថា​៖ «​ការ​ប្រើ​រថយន្ត​អគ្គិសនី​ជួយ​សន្សំ​ប្រាក់​ ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​សាក​ថ្ម​ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​»។

អ្នក​ស្រី​បន្ត​ថា តម្លៃ​រថយន្តអគ្គិសនីគឺ​ស្រដៀង​គ្នា​នឹង​រថយន្ត​សាំង ឬ​ម៉ាស៊ូត ប៉ុន្តែ​ដោយ​សារ​រដ្ឋាភិបាល​បាន​លើក​ទឹក​ចិត្ត​ប្រជាជន​ឲ្យ​ប្រើ​រថយន្តអគ្គិសនី រដ្ឋបានបញ្ចុះ​ពន្ធ​នាំ​ចូល​សម្រាប់​រថយន្ត​ប្រភេទ​នេះ។ “តម្លៃរថយន្តអគ្គិសនីនៅក្រុមហ៊ុនរបស់យើងមានចាប់ពីជាង ១០,០០០ ដុល្លារដល់ជាង ៤០,០០០ ដុល្លារ ហើយរថយន្តអគ្គិសនីរបស់យើងអាចរត់បានពីជាង ២០០ គីឡូម៉ែត្រទៅ ៥០០ គីឡូម៉ែត្រ (នៅពេលសាកថ្មម្តង) ដោយផ្អែកលើម៉ូដែលរថយន្ត”។

អ្នកស្រី​បាន​បន្ថែម​ថា​៖ «​សម្រាប់​រថយន្ត​អគ្គិសនី កាលណាយើងប្រើវា​កាន់​តែ​ច្រើន យើងអាចសន្សំ​ប្រាក់​កាន់​តែ​ច្រើន ហើយ​ជា​ពិសេស​រថយន្ត​ទាំង​នោះ​គឺ​មិនប៉ះពាល់ដល់​បរិស្ថាន​។

រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ជំរុញ​ឱ្យ​ប្រជាជន​ប្រើប្រាស់​រថយន្តអគ្គិសនី និង​ម៉ូតូ​អគ្គិសនី ព្រោះ​វា​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ជួយ​សន្សំ​ប្រាក់​​។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន រថយន្តអគ្គិសនី ថ្មីប្រហែល ៨០០គ្រឿង ត្រូវបានចុះបញ្ជីគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣​ ដោយឡែកម៉ូតូអគ្គិសនីមិនមានទិន្នន័យនោះទេ។

ក្រសួងបាននិយាយថា កម្ពុជាបានប្តេជ្ញាចិត្តថានឹងប្រើរថយន្តអគ្គិសនីអោយបានចំនួន ៤០ ភាគរយ និងម៉ូតូអគ្គិសនីចំនួន ៧០ ភាគរយនៅឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបំភាយកាបូន។

ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលបានកាត់បន្ថយពន្ធនាំចូលលើយានយន្តអគ្គិសនីចាប់តាំងពីឆ្នាំ២០២១មកនៅត្រឹមប្រហែល ៥០ ភាគរយទាបជាងពន្ធលើរថយន្តម៉ាស៊ីនប្រើចំហេះ។ Xinhua

Related Posts

Previous Article

ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ត្រូវបាន​កត់ត្រា​ មានជិត៣២ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល ៨ខែ​ដំបូង

Next Article

ជនមានពិការភាពត្រូវបានលើកកម្ពស់ឱ្យដំណើរការរោងចក្រកែច្នៃសំរាម