អង្គការ UNICEF ចាប់ដៃគូជាមួយប្រទេសចិន ដើម្បីអនុវត្តគម្រោងសាកល្បងបច្ចេកវិទ្យាទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា

Khmer Times Share:
UNICEF/Cambodia/2023/Bunsak But

សេចក្តីប្រកាសព័ត៌មានបានអោយដឹងថា គណៈប្រតិភូមកពីប្រទេសចិន និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា ដើម្បីសិក្សាលទ្ធភាពអនុវត្តគម្រោងសាកល្បងបច្ចេកវិទ្យាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុនៅក្នុងប្រទេសនេះ។

ការអនុវត្តគម្រោងសាកល្បងបច្ចេកវិទ្យាទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការត្បូង-ត្បូង រវាងប្រទេសទាំងពីរ និងអង្គការ UNICEF ។

សេចក្តីប្រកាសព័ត៌មានបានអោយដឹងទៀតថា “បេសកកម្មសិក្សាលទ្ធភាពនៅកម្ពុជាមានគោលបំណងបង្ហាញនូវសម្ថភាពរបស់អ្នកជំនាញចិនលើការផ្គត់ផ្គង់ទឹកដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ការបន្សុតទឹក និងការធ្វើប្រព្រឹត្តិកម្មទឹកខ្វក់នៅតាមទីក្រុង និងជនបទ ដើម្បីស្វែងរកគម្លាតនៃបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ”។

លោក Will Parks តំណាងអង្គការ UNICEF ប្រចាំកម្ពុជា បាននិយាយថា សន្ទស្សន៍ហានិភ័យអាកាសធាតុស្តីពីកុមារនៅកម្ពុជាជាប់ចំណាត់ថ្នាក់ទីបីនៃប្រទេសដែលប្រឈមនឹងហានិភ័យខ្ពស់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហើយកុមារប្រឈមនឹងការខ្វះខាតទឹក ការជន់លិចតាមទន្លេ និងជំងឺដែលបង្កដោយមេរោគផ្សេងទៀត។

លោកបានបន្ថែមថា “យើងសូមថ្លែងអំណរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គ UNICEFប្រចាំប្រទេសចិន សម្រាប់ការគាំទ្ររបស់ពួកគេក្នុងការអនុវត្តការឆ្លើយតបប្រកបដោយភាពច្នៃប្រឌិត និងធន់នឹងអាកាសធាតុ ដែលបង្កើតបរិយាកាសប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុត” ។

នៅក្នុងប្រទេសកម្ពុជា ប្រជាជនម្នាក់ក្នុងចំណោម៤ នាក់នៅតំបន់ជនបទនៅតែខ្វះលទ្ធភាពទទួលបានទឹកស្អាត  ដែលបង្ហាញពីហានិភ័យដល់សុខភាពសាធារណៈ រារាំងដល់ការអភិវឌ្ឍន៍ និងបណ្តាលឱ្យមានហានិភ័យនៃការបំពុលប្រភពទឹក។

លោក Nenad Radonjic តំណាងស្តីទីរបស់អង្គការ UNICEF ប្រចាំប្រទេសចិន បាននិយាយថា “UNICEF ប្រចាំប្រទេសចិន កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីសិទ្ធិកុមារ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។

លោកបានបន្ថែមថា “កិច្ចសហការរវាងកម្ពុជា និងចិនគឺជាគំរូដ៏ល្អមួយដែលយើងអាចបំពេញតួនាទីជាអ្នកសម្របសម្រួលសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យទឹកស្អាត អនាម័យ អាកាសធាតុ និងបរិស្ថាន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទូទៅដែល កុមារទូទាំងពិភពលោកកំពុងជួបប្រទះ”។  Xinhua

Related Posts

Previous Article

ប្រធានគណៈកម្មការអឺរ៉ុបត្រៀមខ្លួនធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា

Next Article

កម្ពុជា​បម្រុង​ថវិការប្រមាណ ១០០​លាន​ដុល្លារ​សម្រាប់​ជំរុញ​វិស័យ​កសិកម្ម