​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បើក​កិច្ចប្រជុំ​ប្រមូល​ធាតុ​ចូល​ពី​អ្នក​ពាក់ព័ន្ធ​លើ​កំណែ​ទម្រង់​

​ត​ន​ ​វិបុល​ / Khmer Times Share:
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាព៖ក្រសួងមុខងារសាធារណៈ

​ក្រសួង​មុខងារ​សាធារណៈ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ទទួល​យក​ធាតុ​ចូល​ពី​ក្រសួង​ស្ថាប័ន​នានា​សម្រាប់​សេចក្ដីព្រាង​វិធានការ​និង​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ ​រួម​មាន​ការ​កែ​លម្អ​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ ​ការ​ពង្រឹង​សមត្ថភាព​និង​សមិទ្ធកម្ម​ស្ថាប័ន​ ​និង​កា​រដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​លើក​ទឹក​ចិត្ត​ផ្អែកលើ​សមិទ្ធកម្ម​។​

​កិច្ច​ប្រជុំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​កាល​ពី​ថ្ងៃចន្ទ​ ​ក្រោមអធិបតីភាព​របស់​លោក​ ​ហ៊ុន​ ​ម៉ា​នី​ ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង​ ​ស្ថាប័ន​ ​និង​គណៈ​អភិបាល​រាជធានី​ខេត្ត​ប្រមាណ​ជាង​១​០​០​នាក់​។​

​អង្គប្រជុំ​នោះ​បាន​ពិភាក្សាគ្នា​លើ​ការ​កែ​លម្អ​សេចក្តីព្រាង​វិធានការ​និង​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​និង​ការចូលរួម​ជា​ធាតុ​ចូល​គាំទ្រ​ដល់​ការ​អនុវត្ត​វិធានការ​គន្លឹះ​កែ​លម្អ​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ ​ការ​ពង្រឹង​សមត្ថភាព​និង​សមិទ្ធកម្ម​ស្ថាប័ន​ ​និង​កា​រដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​ផ្អែកលើ​សមិទ្ធកម្ម​។​

​លោក​ ​ហ៊ុន​ ​ម៉ា​នី​ ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ដាក់​ការងារ​កែ​ទម្រង់​រដ្ឋបាល​ធារ​ណៈ​ជា​កិច្ចការ​អាទិភាព​ ​ហើយ​ក្រសួង​មុខងារ​សាធារណៈ​បាន​ដើរតួ​កាន់តែ​សំខាន់​លើ​ការងារ​នេះ​បន្ថែម​លើ​កិច្ចការ​ងារ​បច្ចេកទេស​ប្រចាំថ្ងៃ​ដែល​កំពុង​អនុវត្ត​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ការងារ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ​មិនមែន​ជា​រឿង​ថ្មី​ទេ​ ​ប៉ុន្តែ​ទាមទារ​ការ​ធ្វើ​ជាប្រចាំ​ ​កាន់តែ​សកម្ម​ ​កាន់តែ​លម្អិត​ ​មាន​ប្រសិទ្ធ​ភាព​ ​និង​ប្រសិទ្ធ​ផល​»​។​

​លោក​ថា​ ​កិច្ចប្រជុំ​នេះ​បាន​អនុញ្ញាត​ដល់​អ្នក​ពាក់ព័ន្ធ​ចូល​រួម​ពិភាក្សា​និង​ផ្តល់​ធាតុ​ចូល​យ៉ាង​ផុលផុស​លើ​ការ​រៀបចំ​វិធានការ​និង​ផែនការ​សកម្មភាព​នៃ​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ​។​

​លោក​បន្ថែម​ថា​ ​ការចូលរួម​ធាតុ​ចូល​សំខាន់​ៗ​ ​គឺ​មិន​ត្រឹមតែ​សម្រាប់​ការរៀបចំ​វិធានការ​និង​ផែនការ​សកម្មភាព​ ​ក្នុង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ចំពោះមុខ​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ជា​ការរៀបចំ​ ​កសាង​ ​និង​តម្រង់​ទិស​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា​ក្នុងរយៈពេល​យូរអង្វែង​នា​ពេល​អនាគត​ផង​ដែរ​។​

​លោក​បាន​លើកឡើង​ថា​ ​កិច្ចការ​កែ​ទម្រង់​ច្បាស់​ណាស់​នឹង​មានផល​ជះ​ដល់​ប្រតិបត្តិការ​ណាមួយ​របស់​បុគ្គល​និង​ស្ថាប័ន​ ​តែ​អ្វី​ដែល​ជាគោល​ដៅ​សំខាន់​ជាង​គេ​បំផុត​ ​គឺ​ផលប្រយោជន៍​រួម​សម្រាប់​ជាតិ​និង​ប្រជាជន​ដែល​ទាមទារ​ឱ្យ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ​មាន​ឆន្ទៈ​នយោបាយ​ ​មាន​ការ​ចូលរួម​ ​និង​មានការ​លះបង់​ទាំងអស់គ្នា​។​

​លោក​ ​យក់​ ​ប៊ុន​ណា​ ​អ្នកនាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ក្រសួង​មុខងារ​សាធារណៈ​ ​បាន​ធ្វើ​សេចក្តីព្រាង​វិធានការ​និង​ផែនការ​សកម្មភាព​រួច​ហើយ​ ​ប៉ុន្តែ​ចាំបាច់​ត្រូវការ​ធាតុ​ចូល​កែ​លម្អ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​។​

​លោក​​ថា​ ​ក្រសួង​មុខងារ​សាធារណៈ​បាន​កំណត់ពេលវេ​លា​សម្រាប់​ក្រសួង​ស្ថាប័ន​នានា​ផ្ដល់​មតិ​យោបល់​កែ​លម្អ​បន្ថែម​លើ​សេចក្តីព្រាង​វិធានការ​និង​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ក្នុង​ករណី​ក្រសួង​ស្ថាប័ន​មាន​ធាតុ​ចូល​បន្ថែម​ ​យើង​នឹង​យក​ធាតុ​ចូល​នោះ​ដើម្បី​កែ​លម្អ​សេចក្ដីព្រាង​របស់យើង​ ​ហើយ​បន្ទាប់ពី​ប្រមូល​ធាតុ​ចូល​ផុត​ពី​ថ្ងៃសុក្រ​ ​ទី​១​២​ ​ខែ​មេសា​ ​គឺ​ក្រសួង​មុខងារ​សាធារណៈ​នឹង​ធ្វើ​របាយការណ៍​ផ្ញើ​ជូន​ទៅ​កាន់​ប​្រមុខ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច​»​៕​​​​

Related Posts

Previous Article

​រដ្ឋាភិបាល​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​យកកូន​លើស​ពី​ចំនួន​កំណត់​ ​ជៀសវាង​កង្វះ​កម្លាំង​ពលកម្ម​

Next Article

​រដ្ឋាភិបាល​តែងតាំង​មន្ត្រី​ ​៤​៧​នាក់​ ​ជា​គណៈកម្មការ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​