​រដ្ឋាភិបាល​អនុញ្ញាត​ក្រសួង​បរិស្ថាន​ប្រើយុទ្ធសាស្ត្រ​ច​ក្រា​វិ​ស័​យ​បរិស្ថាន​ដើម្បី​ធានា​ចីរភាព​បរិស្ថាន​

​ត​ន​ ​វិបុល​ / Khmer Times Share:
​រដ្ឋ​ម​ន្រ្តី​ក្រសួង​បរិស្ថាន​ ​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​ពិនិត្យ​ថ្នាល​បណ្ដុះ​កូនឈើ​ ​សួន​បន្លែ​ ​និង​សួន​កេសរកូល​ ​ខេត្ត​សៀមរាប​។​ ​រូបភាព​៖​ ​ក្រសួង​បរិស្ថាន​

​រដ្ឋាភិបាល​បាន​អនុញ្ញាត​ក្រសួង​បរិស្ថាន​ប្រកាស​ប្រើប្រាស់​យុទ្ធសាស្ត្រ​ច​ក្រា​វិ​ស័​យ​បរិស្ថាន​ឆ្នាំ​២​០​២​៣​-​២០៥០​ ​ដើម្បី​ធានា​ចីរភាព​បរិស្ថាន​និង​សុក្រឹត​កម្ម​បរិស្ថានកិច្ច​ ​ឆ្លើយតបនឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​លើក​ក​ម្ពស់​សេដ្ឋកិច្ច​បៃតង​។​​

ការអនុញ្ញាត​នេះ​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃសុក្រ​ ​ក្រោយ​ពី​ក្រសួង​បាន​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល​។​

​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា​ ​យុទ្ធសាស្ត្រ​ច​ក្រា​វិ​ស​័​យ​បរិស្ថាន​ឈ​រលើ​អាទិភាព​ចម្បង​បី​ ​គឺ​ស្អាត​ ​បៃតង​ ​និង​ចីរភាព​ ​ដែល​នឹង​ប្រកាស​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​១​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​។​

​ក្រសួង​បរិស្ថាន​បាន​បន្ត​ថា​៖​ ​«​ការរៀបចំ​យុទ្ធ​សាស្រ្ត​ចក្រា​វិ​ស​័​យ​បរិស្ថាន​ក្នុង​គោលបំណង​តម្រង់​ទិស​និង​ចង្អុល​បង្ហាញ​ការងារ​ជា​អាទិភាព​ ​ដើម្បី​ធានា​ចីរភាព​បរិស្ថាន​និង​សុក្រឹត​កម្ម​បរិស្ថាន​កិច្ច​ឆ្លើយតបនឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​លើក​ក​ម្ពស់​សេដ្ឋកិច្ច​បៃតង​»​។​

​ក្រសួង​បន្ថែម​ថា​ ​កិច្ចការ​ទាំងនេះ​សំដៅ​ដល់​ការ​សម្រេច​គោលដៅ​យុទ្ធ​សា​ស្រ្ត​បញ្ចកោណ​ ​គឺជា​ប្រទេស​អព្យាក្រឹត​កា​បូ​ន​និង​មាន​គម្រប​ព្រៃឈើ​៦​០​ភាគរយ​នៅ​ឆ្នាំ​២​០​៥​០​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​យុទ្ធ​សា​ស្រ្ត​ច​ក្រា​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​ពី​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​ពី​បញ្ហា​បរិស្ថាន​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​ដើម្បី​ជួយ​ប្រជាជន​មាន​ជីវភាព​ប្រសើរ​និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក​បាន​និយាយ​ថា​៖​ ​«​យុទ្ធសាស្ត្រ​ច​ក្រា​វិ​ស​័​យ​បរិស្ថាន​ ​គឺជា​ត្រីវិស័យ​និង​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​វិស័យ​បរិស្ថាន​។​ ​យុទ្ធសាស្ត្រ​នេះ​បង្កើត​ឡើង​ដើម្បី​នាំ​នាវា​បរិស្ថាន​ឆ្ពោះទៅ​កាន់​ទិសដៅ​ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ក្រសួង​បរិស្ថាន​មាន​សេចក្ដី​រំពឹង​ថា​ជាមួយ​យុទ្ធសាស្ត្រ​ច​ក្រា​វិ​ស​័​យ​ ​វា​នឹង​ទទួល​ជោគជ័យ​ជាបន្តបន្ទាប់​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ស្អាត​ ​ភាព​បៃតង​ ​ប្រកប​ដោយ​ចីរភាព​»​។​

​បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​យុទ្ធនាការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ក្រោម​ប្រធាន​បទ​ ​«​ថ្ងៃនេះ​ ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ​»​ ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​មាន​ការ​ចូលរួម​ពី​សិស្សានុសិស្ស​ចំនួនជា​ង​២​.​៦​លាន​នាក់​។​ ​យុទ្ធនាការ​នេះ​មិន​ត្រឹមតែ​មានការ​គាំទ្រ​និង​ចូលរួម​ពី​សាលារៀន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ដៃគូ​អភិវឌ្ឍន៍​ ​ម្ចាស់​រោងចក្រ​ ​និង​កាកបាទក្រហម​កម្ពុជា​ព្រមទ​ាំង​ដៃ​អភិវឌ្ឍន៍​ដែរ​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​បាន​ប្រកាស​ផ្តល់​កូនឈើ​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ​្រចិត្ត​យក​ទៅ​ដាំ​ថែរក្សា​ដោយខ្លួន​ឯង​ប្រមាណ ​១​.​៣​០​លាន​ដើម​ក្នុង​មួយ​ឆ្នាំ​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​រហូត​ដល់​៦​០​ភាគរយ​នៅ​ឆ្នាំ​២​០​៥​០​។​

​ទន្ទឹម​នឹង​នេះ​ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​៤​ ​សម្រាប់​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ​និង​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ដែល​ក្នុង​នោះ​រួម​មាន​ទី​១​.​គឺ​ការ​អនុវត្ត​ច្បាប់​១​០​០​ភាគរយ​ដោយ​មិន​អត់ឱន​ចំពោះ​ឧក្រិដ្ឋកម្ម​ធនធានធម្មជាតិ​។​

​ទី​២​.​គឺ​ពង្រឹង​សហការ​កាន់តែ​ស្អិត​រ​មួត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់​ ​ដើម្បី​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​។

​ទី​៣​.​គឺ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​និង​បញ្ជាការ​ដ្ឋា​នក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​ ​និង​ទី​៤​.​គឺ​ការ​បង្កើត​ផែនការ​ដាំ​ដើម​ឈើ​ឡើង​វិញ​និង​ការ​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព​។​

​លោក​ ​ហេង​ ​គឹម​ហុង​ ​ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ​បាន​កត់​សម្គាល់​ឃើញ​ថា​ ​ការ​បង្កើន​គម្រប​ព្រៃឈើ​៦​០​ភាគរយ​ ​គឺ​ទិសដៅ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​តាំងពី​យុទ្ធសាស្ត្រ​ចតុ​កោណ​អនុវត្ត​តាំងពី​ឆ្នាំ​២​០​១​៥​មក​ម៉្លេះ​ ​ហើយ​ពន្យារ​ទិសដៅ​ទៅដល់​ឆ្នាំ​២​០​៣​០​ ​និង​បច្ចុប្បន្ននេះ​ពន្យារ​ទៅដល់​ឆ្នាំ​២​០​៥​០​ ​ខណៈ​ដែល​និន្នាការ​គម្រប​ព្រៃឈើ​ហាក់បីដូចជា​គ្មាន​ការ​កើន​ឡើង។​ ​ចំណែក​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមានឡើង​។​

​ដូច្នេះ​លោក​យល់ថា​ ​កា​រដាក់​ចេញ​យុទ្ធសាស្ត្រ​ទាំង​ឡាយ​ណា​ដែល​មិនបាន​អនុវត្ត​ការ​ការពារ​ពុំ​មាន​ឆន្ទៈ​អនុវត្ត​ពិត​ប្រាកដ​ ​វា​គ្រាន់តែ​ជា​ការ​បង្ហាញ​តែ​រូបភាព​ប៉ុណ្ណោះ​ ​ប៉ុន្តែ​មិន​មាន​ប្រសិទ្ធ​ភាព​។​

​លោក​បន្ត​ថា​៖​ ​«​ប្រសិនបើ​គ្មាន​ឆន្ទៈ​ ​គ្មាន​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​បាន​ល្អ​ប្រសើរ​ ​ហើយ​មន្ត្រី​មូលដ្ឋាន​នៅ​តែ​បន្ត​បណ្ដោយ​ឱ្យ​មានការ​បំផ្លិចបំផ្លាញ​។​ ​ដូច្នេះ​យុទ្ធសាស្ត្រ​ទិសដៅ​បង្កើន​គម្រប​ព្រៃឈើ​៦​០​ភាគរយ​ ​ខ្ញុំ​ពិបាក​នឹង​ជឿ​ណាស់​ ​ព្រោះ​ក្នុង​ពីរ​ទសវត្សរ៍​ចុង​ ​គម្រប​ព្រៃឈើ​បាន​ធ្លាក់​ចុះ​រហូត​ដល់​១​៤​ភាគរយ​»​។​

​លោក​បាន​លើកឡើង​ថា​ ​ជុំវិញ​នឹង​ការ​អនុវត្ត​ប្រទេស​កម្ពុជា​អព្យាក្រឹត​កា​បូ​ន​ ​លោក​ស្នើ​ក្រសួង​បរិស្ថាន​គួរតែ​ប្រជុំ​ពិភាក្សា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បន្ថយ​ពន្ធ​នាំចូល​រថយន្ត​ថ្មីៗ​ ​និង​លើកទឹកចិត្ត​ពលរដ្ឋ​ប្រើប្រាស់​រថយន្ត​ថ្មីៗ​ ​ក៏ដូចជា​រថយន្តដើរ​ដោយ​ថាមពលអគ្គិសនី​ ​ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​រថយន្ត​ជជុះ​ៗ​នាំចូល​ពីក្រៅ​ ​ដ្បិត​រថយន្ត​ចាស់ៗ​ទាំង​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​៕

Related Posts

Previous Article

នាយក​រដ្ឋ​ម​ន្រ្តី​៖​ ​ផ្លូវជាតិ​លេខ​៥​នឹង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​អោយ​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត​

Next Article

​លោក​ ​ទៀ​ ​សីហា​ ​​ជួប​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ ​ដើម្បី​ពង្រីក​ទំនាក់ទំនង​កងទ័ព​ប្រទេស​ទាំង​ពីរ