ការជ្រើសរើស​មន្ត្រីរាជកា​រ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ត្រូវ​ធ្វើតាម​យន្តការ​ប្រឡង​ថ្នាក់ជាតិ

តន វិបុល / Khmer Times Share:
ការប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ថ្មី​សម្រាប់​ឆ្នាំ២០២៣ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ រូបភាព៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

 

រដ្ឋាភិបាល​បានប្រកាសថា ការជ្រើសរើស​មន្ត្រីរាជកា​រ ​ចូល​ក្របខណ្ឌ​រដ្ឋ​ត្រូវ​ធ្វើតាម​យន្តការ​ប្រឡង​ថ្នាក់ជាតិ ដែល​នេះ​ជា​កំណែទម្រង់​ថ្មី​ក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត។

ក្នុងខណៈ​រដ្ឋាភិបាល​ប្រកាស​ធ្វើកំណែទម្រង់​ថ្មី​នេះ លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បញ្ជាក់​ជំហរ​គាំទ្រ​យ៉ាង​មុះ​មុត​លើ​ការ​កែទម្រង់​វិស័យ​មុខងារ​សារណៈ​តាម​យន្ត​ការប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ថ្នាក់ជាតិ ដែលជា​គោលការណ៍​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល។

លោក​បានបង្ហាញ​ឆន្ទៈ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រសួង​មុខងារ​សាធារណៈ​នឹង​ព​ន្លឿ​ន​យន្តការ​ប្រឡង​មន្ត្រីរាជការ​ថ្នាក់ជ​ាតិ​ឱ្យ​សម្រេច​យ៉ាង​ឆាប់​រហ័ស។

លោក​និយាយថា៖ «ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​និង​មាន​កិត្តិយស​ដោយបាន​ក្លាយជា​ផ្នែក​មួយ​ក្នុងនាម​ជា​សេនាធិការ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​កំណែ​ទម្រង់​វិស័យ​មុខងារសាធារណៈ»។

លោក យក់ ប៊ុន​ណា ​អ្នក​នាំ​ពាក្យ​ក្រសួង​មុខងារសាធារណៈ បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា រដ្ឋាភិបាល​បានបញ្ជាក់​រួម​មកហើយ ការ​ធ្វើ​កំណ​ែទម្រង់​ការ​ប្រឡង​ចូល​ក្រប​ខណ្ឌ​រដ្ឋ​ត្រូវ​ឈរលើ​គោលការណ៍ “អ្នកចេះ គឺជា​ប់” ដើម្បី​ធានា​ស​ង្គ​ត​ភាព ភាព​ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌។

លោក​បញ្ជាក់ថា ការប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ត្រូវ​រៀបចំ​ធ្វើ​ដោយមាន​ស្ថាប័ន​ជាតិ ដើម្បី​គ្រប់គ្រង​ការប្រឡង​នោះ ហើយ​រដ្ឋាភិបាល​នឹង​កំណត់​នីតិវិធី​ប្រឡង​យ៉ាង​ឆាប់​នាពេល​ខាង​មុខ។

លោក​បន្ថែមថា ការប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​កន្លងមក គឺជា​ការ​ប្រឡង​ជ្រើសរើស​ក្រោម​នីតិវិធី​និង​យន្តការ​ដាច់​ដោយឡែក​ពីគ្នា​របស់​ក្រសួង​ស្ថាប័ននីមួយៗ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​តទៅ រដ្ឋាភិបាល​នឹង​ពិនិត្យ​កែលម្អ​យន្តការ​ដែល​មាន​ស្រាប់​របស់​ក្រសួង​ស្ថាប័ននីមួយៗឱ្យ​កាន​់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត។

លោក​បន្តថា តាម​គោល​គំនិត​របស់​រដ្ឋាភិបាល ការរៀបចំ​យន្តការ​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ គឺមាន​យន្តការ​ស្រដៀង​នឹង​យន្ត​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​ត្រូវមាន​គណកម្មការ​ជាតិ​រួម​មួយ ដើម្បី​គ្រប់គ្រង​ការប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ថ្នាក​់ជាតិ។

លោក​និយាយថា៖ «ដើម្បី​ធ្វើកំណែទម្រង់​នេះ រដ្ឋាភិបាល​បាន​ផ្អាក​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​មន្ត្រ​រាជការ​ចូល​ក្រប​ខណ្ឌ​រដ្ឋ​សម្រាប់​ឆ្នាំ២០២៣ ដែល​មិនទាន់បាន​ប្រឡង​ចប់​សព្វគ្រប់។ យើង​រង់ចាំ​នីតិវិធី​ថ្មី ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ក្នុង​ឆ្នាំ២០២៤»។

លោក​បាន​បញ្ជាក់ថា៖ «សម្រាប់​ឆ្នាំ២០២៣ រដ្ឋាភិបាល​មាន​ផែនការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ចូល​ក្របខណ្ឌ​រដ្ឋ​ប្រមាណ​ជិត ៤ ០០០នាក់ ដែល​ក្នុងនោះ​ក្រសួង​អប់រំ​ត្រូវ​ការ​ប្រមាណ ៣ ០០០នាក់ ព្រោះ​ក្រសួង​អប់រំ ជា​ក្រសួង​អាទិភាព​ដែល​ត្រូវការ​ធនធានមនុស្ស​ច្រើន។ ចំណែក​នៅ​សល់​ជិត ១ ០០០នាក់​ទៀត គឺ​យើង​បែងចែក​ទៅតាម​ក្រសួង​ស្ថាប័នផ្សេងៗ ដើម្បី​ជំនួស​មន្ត្រី​ដែល​បាត់​ក្របខណ្ឌ​ដោយសារ​ការ​ចូល​និវត្តន៍​និង​ការ​ទទួល​មរណភាព​ជា​ដើម»។

លោក​បាន​បន្ថែមថា សម្រាប់​ឆ្នាំ២០២៤ខាងមុខ គឺ​ស្ថិត​ក្នុង​ដំណាក់​ការរៀបចំ​ផែនការ​ក្របខណ្ឌ​ជាថ្មី។ ដូច្នេះ​​ក្រសួង​មុខងារសាធារណៈ​នឹងធ្វើ​កិច្ចការងារ​នេះ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​ធ្វើ​របាយការណ៍​ដាក់ជូន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដើម្បី​សម្រេច។

នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ប្រមាណ​ជិត​ពីរពាន់​នាក់​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​សៅរ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ធ្វើកំណែទម្រង់​ការប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​ដោយ​ឈរលើ​គោលការណ៍ “អ្នកចេះ គឺជា​ប់”។

លោក​បញ្ជាក់ថា ចាប់ផ្ដើម​អនុវត្ត​ដំបូង​លើ​គោលការណ៍​នៃ​គោលនយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​កំណែទម្រង់​ការប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ចូល​ក្រប​ខណ្ឌ​មុខងារសាធារណៈ។ កំណែទម្រង់​នេះ​នឹង​រៀបចំ​យន្តការ​ថ្នាក់ជាតិ​មួយ​ដោយ​រៀបចំ​ឱ្យមាន​ការប្រឡង​យន្តការ​ថ្នាក់កណ្ដាល ដែល​សហការ​ជាមួយ​ក្រសួង​ជំនាញ ដើម្បី​ធានា​ស​ង្គ​ត​ភាព ភាពត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌។

លោក​បាន​អភ័យទោស​ចំពោះ​បេក្ខជន​ប្រមាណ ៩០០នាក់ ដែល​បានដាក់​ពាក្យ​ប្រឡង​ចូល​ក្របខណ្ឌ​ក្រសួង​កសិករ រុក្ខាប្រមាញ់ និង​នេសាទ ដែល​ត្រូវបាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន។

លោក​បាន​លើកឡើងថា៖ «យើង​នឹង​ខិតខំ​ព​ន្លឿ​ន​នីតិវិធី​នេះ​ដោយ​រៀបចំ​ឱ្យបាន​ល្អ។ យើង​លែងមាន​ក្រសួង​នេះ​រៀបចំ​បែបនេះ ក្រសួង​នោះ​រៀបចំ​បែប​នោះ​ទៀត​ទេ គឺ​មន្ត្រី​ក្របខណ្ឌ​ទាំងអស់​ត្រូវ​ប្រឡង​តាម​យន្តការ​ថ្នាក់ជាតិ ដើម្បី​យុត្តិធម៌​និង​តម្លាភាព»។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា បាន​លើក​ឡើងថា ការប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ គឺ​គួរតែ​ធ្វើកំណែទម្រង់ ពីព្រោះ​វា​ជា​ចំណុច​សំខាន់​ក្នុងការ​ជ្រើសរើស​ធនធាន​មនុស្ស​សម្រាប់​ការជំរុញឱ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​ប្រព័ន្ធ​មន្ត្រីរាជការ​សាធារណៈ។

លោក​បន្តថា ដើម្បី​បម្រើសេវា​ឱ្យបាន​ល្អប្រសើរ គឺ​ត្រូវ​ការ​អ្នកមាន​សមត្ថភាព​ពិតប្រាកដ រួមទាំង​ចំណេះដឹង​និង​ទស្សនវិស័យ​បម្រើ​ផលប្រយោជន៍​សង្គម។

លោក​យល់ឃើញថា៖ «បញ្ហា​នេះ​មិនមែន​ទើបតែ​មាន​ការ​លើក​ឡើង​នៅក្នុង​អាណត្តិ​របស់លោក ហ៊ុន ម៉ា​ណែ​ត ប៉ុណ្ណេះ​ទេ។ បញ្ហា​នេះ​ត្រូវបាន​លើកឡើង​តាំងពី​អាណត្តិ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មកម្ល៉េះ ប៉ុន្តែ​យើង​សង្ឃឹមថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ថ្មី​នឹង​ជំរុញឱ្យមាន​ការអនុវត្ត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ហើយ​នៅ​ពេល​អនាគត​ប្រទេស​យើង​នឹង​ទទួលបាន​មន្ត្រីរាជការ​សាធារណៈ​ដែលមាន​សមត្ថភាព​ពិតប្រាកដ»៕​

Related Posts

Previous Article

កម្ពុជានិង​គុយបាជំរុញ​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ និង​គាំទ្រ​គ្នា​ក្នុង​វេទិកា​ពហុភាគី

Next Article

កម្ពុជា​សម្លឹង​រកការ​ផ្សព្វផ្សាយ​ទេសចរណ៍​ ពី​ពិ​ព័រ​ណ៌​ទេសចរណ៍​អន្តរជាតិ​លើក​ទី​១​៧​