ធនាគារពិភពលោក៖ ទឹកជំនន់បង្កហានិភ័យធ្ងន់ធ្ងរដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា

Khmer Times Share:
Shutterstock image

ទឹកជំនន់​​គឺជា​គ្រោះមហន្តរាយ​ដែល​តែងកើតមាន​ជាញឹកញាប់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា។ ទឹកជំនន់ធំៗកើតឡើងរៀងរាល់ប្រាំឆ្នាំម្តង និងអាចបង្កហានិភ័យខ្ពស់។ ក្នុង​ឆ្នាំ ២០១១ គ្រោះ​ទឹក​ជំនន់​បានបង្កផល​ប៉ះ​ពាល់​ដល់​មនុស្ស​ជាង ១.៧០០.០០០ នាក់ ដោយមានអ្នកសម្លាប់​ ២៥០ នាក់ និង​ធ្វើ​ឲ្យ​គ្រួសារ ៥០.០០០ គ្មាន​ផ្ទះ​សម្បែង។ ផលប៉ះពាល់នៃទឹកជំនន់លើវិស័យអប់រំ និងសុខាភិបាលជារឿយៗត្រូវបានគេមើលរំលង ប៉ុន្តែគ្រោះទឹកជំនន់អាចផ្តល់ផលវិបាករយៈពេលវែងយ៉ាងធ្ងន់ធ្ងរទៅលើធនធានមនុស្ស និងផលិតភាព។ ផលវិបាកនៃការបិទមន្ទីរពេទ្យបណ្ដោះអាសន្នអាចមានឥទ្ធិពលយូរអង្វែងលើកុមារ និងជាធនធានមនុស្សនាពេលអនាគត។ យោងទៅតាមធនាគារពិភពលោក កុមារ ៣២ នាក់ក្នុងចំណោម ១០០ នាក់គឺក្រិន និងប្រឈមហានិភ័យខ្ពស់ពាក់ព័ន្ធនឹងខួក្បាល និងរាងកាយដែលអាចផ្តល់ផលប៉ះពាល់ពេញមួយជីវីត។

នៅពេលដែលសាលារៀនត្រូវបានបិទដោយទឹកជំនន់ កត្តានេះជះឥទ្ធិពលលើការសិក្សារបស់សិស្ស និងអាចនាំឱ្យមានការកើនឡើងនៃអត្រាបោះបង់ការសិក្សា ហើយកុមារដែលមិនបានរៀនពេញលេញ នឹងជួបផលវិបាកក្នុងការស្វែងរកការងារនៅពេលអនាគត។  វិសមភាពក៏កាន់តែរីកធំឡើង ដោយសារគ្រួសារក្រីក្រមានធនធានតិច មិនមានលទ្ធភាពបង្ការហានិភ័យ។ បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបណ្តាលឱ្យបិទសាលារៀនចំនួន៥០ នៅខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១១ ប្រធានមន្ទីរអប់រំខេត្តបានលើកឡើងថា “សាលារៀនមួយចំនួនត្រូវបានជន់លិចដែលធ្វើឱ្យសិស្សមិនអាចទៅរៀនបាន។ លោក​បាន​ពន្យល់​បន្ថែម​ថា សិស្ស​ខ្លះ​មក​ពី​គ្រួសារ​ក្រីក្រ​មិនមានលទ្ធភាព​​រៀន​តាមប្រព័ន្ធអនឡាញបាននោះទេ។

ការស្រាវជ្រាវរបស់ធនាគារពិភពលោកសម្រាប់របាយការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍នៅកម្ពុជា (CCDR) ជំរុញការយល់ដឹងអំពីផលវិបាកនៃទឹកជំនន់មានលើធនធានមនុស្ស។ ការវិភាគរបស់យើងកំណត់អត្តសញ្ញាណកត្តាដែលផ្តល់ហានិភ័យដែលបណ្តាលមកពីការជន់លិចដែលអាចប៉ះពាល់លើសេវាថែទាំសុខភាព និងការអប់រំនៅទូទាំងប្រទេស។

ខេត្តភាគច្រើនមានសាលារៀនយ៉ាងតិចណាស់មួយ ដែលប្រឈមនឹងគ្រោះទឹកជំនន់ប្រចាំឆ្នាំ ហើយទឹកជំនន់ធ្វើអោយប៉ះពាល់ដល់ការអប់រំកុមារប្រមាណ ១ ភាគរយ ឬ ៣០,០០០ នាក់ក្នុងមួយឆ្នាំៗ។ សាលាដែលប្រឈមអានិភ័យខ្ពស់នៃទឹកជំនន់គឺនៅតាមដងទន្លេមេគង្គ និងអាងទន្លេសាប ហើយមណ្ឌលថែទាំសុខភាពនៅតាមដងទន្លេមេគង្គ និងនៅតាមឆ្នេរសមុទ្រ ក៏ប្រឈមហានិភ័យខ្ពស់នៃទឹកជំនន់ផងដែរ។ ខេត្តស្ទឹងត្រែង និងក្រចេះ គឺជាខេត្តដែលមានហានិភ័យខ្ពស់បំផុតចំពោះហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស។ ៣១% និង ២០% នៃមណ្ឌលថែទាំសុខភាពប្រឈមហានិភ័យនៃទឹកជំនន់ជារៀងរាល់ឆ្នាំ។ ខេត្តទាំងពីរនេះក៏ជាខេត្តដែលសិស្សភាគច្រើនកំពុងរងការគំរាមកំហែងដោយទឹកជំនន់ ដោយក្នុងនោះ ៣៣% រស់នៅក្នុងខេត្តក្រចេះ និង២៥% នៅស្ទឹងត្រែង។

ហានិភ័យដែលបង្កឡើងដោយទឹកជំនន់ដល់គឺបង្កការំខានដល់ការទទួលបានសេវាថែទាំសុខភាព និងអប់រំ បន្ថែមពីលើការខូចខាតផ្លូវថ្នល់។ ការស្រាវជ្រាវរបស់យើងបង្ហាញថា ពាក់កណ្តាលនៃខេត្ត ប្រជាជនជាង១៥% ត្រូវចំណាយពេលយ៉ាងតិចណាស១ម៉ោងដើម្បីធ្វើដំណើរទទួលសេវាថែទាំងសុខភាពបន្ទាប់ពីមានទឹកជំនន់។ ចំនួន​នេះ​ឡើង​ដល់ ៣០% នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង។ ការខូចខាតផ្លូវថ្នល់​ក៏​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​សាលារៀនសម្រាប់​សិស្ស​ជាង ២០% ក្នុង​ខេត្ត​បាត់ដំបង ព្រៃវែង និង​កំពង់ចាម។ នៅកម្ពុជាដែលមានសិស្សត្រឹមតែ៣០% ប៉ុណ្ណោះដែលបានចូលរៀនថ្នាក់មធ្យមសិក្សាទុតិយភូមិ ការបង្កើនភាពធន់នៃសាលារៀន និងផ្លូវ ទៅនឹងទឹកជំនន់ គឺចាំបាច់ដើម្បីការពារធនធានមនុស្ស ជំនាញ បង្កើនផលិតភាព និងធានាថាការប្រែប្រួលអាកាសធាតុមិនរារាំងដល់អនាគតនៃការអភិវឌ្ឍន៍របស់កម្ពុជា។

ការពង្រឹងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស និងលទ្ធភាពប្រើប្រាស់គឺមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួនក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ វិធានការទាំងបីខាងក្រោមគឺមានប្រសិទ្ធភាពក្នុងការបន្សាំហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្សទៅនឹងការប្រែប្រួលអាកាសធាតុ៖

បង្កើនភាពធន់របស់ហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងការធ្វើផែនការយុទ្ធសាស្រ្ត ដូចជាពង្រីកការបង្ហូរទឹក និងភាពធន់របស់អគារនានានៅក្នុងតំបន់ដែលមានហានិភ័យ និងដំណោះស្រាយផ្អែកលើធម្មជាតិដែលកាត់បន្ថយការប៉ះពាល់នៃទឹកជំនន់។

ការធ្វើអោយប្រសើរឡើងនៃការត្រៀមខ្លួនរបស់សហគមន៍ជាមួយនឹងការទទួលបានព័ត៌មានជាមុន ដែលពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិ។ ប្រព័ន្ធទាំងនេះមានសារៈសំខាន់ជាពិសេសក្នុងការទប់ទល់នឹងស្ថានភាពជន់លិចនៃមណ្ឌលថែទាំសុខភាពក្នុងពេលដំណាលគ្នា។

ពង្រឹងភាពធន់នៃបណ្តាញផ្លូវថ្នល់ដោយធ្វើអោយស្របទៅនឹងទីតាំងដែលប្រឈមហានិភ័យខ្ពស់នៃទឹកជំនន់ និងការប្រែប្រួលអាកាសធាតុ ការថែទាំផ្លូវ និងការបង្កើតយុទ្ធសាស្រ្តហិរញ្ញប្បទានជនបទដោយផ្តល់អាទិភាពលើផ្នែកដែលមានហានិភ័យខ្ពស់៕

Related Posts

Previous Article

អាកាសយានដ្ឋាន​សៀមរាបអង្គរនឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិកាន់តែច្រើន​ឱ្យ​មក​ទស្សនា​ប្រាសាទអង្គរវត្តដ៏​ល្បីល្បាញ​  

Next Article

ព្រឹត្តិការណ៍ទិវាកម្ពុជានៃមហោស្រពភាពយន្តពិភពលោកអាស៊ី ប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច