ក្រុម​ហ៊ុន​ថាមពល​ជាច្រើនងាក​ទៅ​ផ្តោត​លើ​គម្រោង​បៃតង​  ដោយប្រទេស​កម្ពុជា​នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងទាំងនេះ

Khmer Times Share:
អ្នកបច្ចេកទេសពិនិត្យឧបករណ៍ដើរដោយថាមពលខ្យល់នៅ Zhanatas ប្រទេសកាហ្សាក់ស្ថានក្នុងខែមេសា។ រូបថត Xinhua

ការវិនិយោគរបស់ក្រុមហ៊ុនចិនលើថាមពលកកើតឡើងវិញថ្មីៗនៅទូទាំងពិភពលោកកើនឡើង ៥៥.៦% ក្នុងឆ្នាំ២០២២។

របាយការណ៍​ឧស្សាហកម្ម​មួយ​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ថាមពល​របស់​ចិន​កំពុង​ផ្តោត​យ៉ាង​ខ្លាំង​លើ​គម្រោង​ថាមពល​កកើត​ឡើង​វិញ​ដូច​ជា​ថាមពល​ព្រះអាទិត្យ និង​ថាមពល​ខ្យល់​។

ក្រុមប្រឹក្សាអគ្គិសនីចិនបាននិយាយនៅក្នុងរបាយការណ៍នេះថា ជាក់ស្តែង ពួកគេបានអនុវត្តគម្រោងថាមពលបៃតងនៅទូទាំងពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយចំនួនគម្រោងថាមពលថ្មីដែលបានវិនិយោគដោយក្រុមហ៊ុនថាមពលចិនកាលពីឆ្នាំមុនបានកើនឡើង ៥៥.៦ ភាគរយបើធៀបនឹងឆ្នាំមុន ដែលគ្របដណ្តប់តំបន់ដូចជាអាស៊ីអាគ្នេយ៍ អឺរ៉ុប អូសេអានី និងអាមេរិកឡាទីន។

ក្រុមហ៊ុនថាមពលរបស់ចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការតភ្ជាប់ខ្សែបញ្ជូនឆ្លងដែន និងធ្វើពាណិជ្ជកម្មអគ្គិសនីជាមួយប្រទេសជិតខាង រួមមានរុស្ស៊ី ម៉ុងហ្គោលី វៀតណាម មីយ៉ាន់ម៉ា និងឡាវ។ លោក Xu Guangbin ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រុមប្រឹក្សាបាននិយាយថា នេះមិនត្រឹមតែបានលើកកម្ពស់ការចែករំលែក និងផ្លាស់ប្តូរធនធានថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងកម្រិតតំបន់ផងដែរ។

ប្រទេសចិន ដែលជាប្រទេសនាំមុខគេក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យក្នុងពិភពលោក បានធ្វើពាណិជ្ជកម្មអគ្គិសនីសរុបចំនួន ៩.១ ពាន់លានគីឡូវ៉ាត់ម៉ោងជាមួយប្រទេសជិតខាងក្នុងឆ្នាំ២០២២  ដែលកើនឡើង ២០.៧ ភាគរយបើធៀបនឹងឆ្នាំមុន។  ក្នុងចំណោមនោះ អគ្គិសនីដែលបានទិញមានចំនួន ៦,៤ ពាន់លានគីឡូវ៉ាត់ម៉ោង កើនឡើង ១៨,៥ ភាគរយបើធៀបនឹងឆ្នាំមុន ខណៈអគ្គិសនីដែលបាននាំចេញមានដល់ទៅ ២,៧ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលកើនឡើង ២៦,១ ភាគរយ។

លោក Xu បានលើកឡើងបែបនេះក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ដើម្បីប្រកាសពីការរៀបចំសន្និសីទលើកទី២៤នៃឧស្សាហកម្មផ្គត់ផ្គង់ថាមពលអគ្គិសនីដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Xiamen ខេត្ត Fujian ក្នុងខែតុលា។

លោកបាននិយាយថា សន្និសិទនេះគឺមានសារៈសំខាន់សម្រាប់ឧស្សាហកម្មថាមពលពិភពលោក និងការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយផ្តោតលើការកាត់បន្ថយឧស័ន្មកាបូនិករបស់ពិភពលោក និងការផ្លាស់ប្តូរទៅជាថាមពលបៃតង។

អ្នកវិភាគម្នាក់បាននិយាយថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិន្នាការបៃតងរបស់ក្រុមហ៊ុនថាមពលចិននៅក្នុងទីផ្សារពិភពលោក។

លោក Luo Zuoxian ប្រធានផ្នែកស៊ើបការណ៍សម្ងាត់ និងស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងអភិវឌ្ឍន៍ Sinopec បាននិយាយថា និន្នាការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការអនុវត្តថាមពលប្រកបដោយនិរន្តរភាព ធនធានកកើតឡើងវិញ និងការវិនិយោគដែលគិតគូរពីបរិស្ថាន។

លោកបានបន្ថែមថា ក្រុមហ៊ុនថាមពលចិនដែលមានបច្ចេកវិទ្យា ដើមទុន ទេពកោសល្យ ការគ្រប់គ្រង និងឧបករណ៍គ្រប់គ្រាន់ នឹងដើរតួនាទីកាន់តែធំក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្រុមហ៊ុនថាមពលចិនធំៗបានវិនិយោគ និងសាងសង់គម្រោងថាមពលចំនួន១៦ នៅក្នុងប្រទេសដែលជាសមាជិកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលស្មើនឹង ៦៦.៧ ភាគរយនៃគម្រោងវិនិយោគថាមពលសរុបនៅបរទេសរបស់ពួកគេ។

ការវិនិយោគជាក់ស្តែងនៅក្នុងប្រទេសចំនួន១០ រួមមានប៉ាគីស្ថាន កម្ពុជា អ៊ូសបេគីស្ថាន ឥណ្ឌូនេស៊ី និងវៀតណាម បានឈានដល់ប្រហែល ១.៩៥ ពាន់លានដុល្លារ ស្មើនឹង ៥៧.៧ ភាគរយនៃការវិនិយោគនៅបរទេសសរុបដោយក្រុមហ៊ុនថាមពលចិនធំៗកាលពីឆ្នាំមុន។

ក្រុមហ៊ុនថាមពលចិនធំៗបានចុះហត្ថលេខាលើកិច្ចសន្យានៅក្រៅប្រទេសថ្មីចំនួន១០២នៅក្នុងប្រទេសដែលចូលរួមជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ  ដែលស្មើនឹង ៥៣.១ ភាគរយនៃចំនួនសរុបនៃគម្រោងកិច្ចសន្យាថាមពលថ្មី។ តម្លៃកិច្ចសន្យាសរុបនៃគម្រោងដែលគ្របដណ្តប់ប្រទេស និងតំបន់ចំនួន ២៣ នៅអាស៊ី អាហ្រ្វិក និងអឺរ៉ុប មានចំនួនប្រហែល ២២.០៩ ពាន់លានដុល្លារ ដែលស្មើនឹង ៦៧.៤ ភាគរយនៃកិច្ចសន្យានៅក្រៅប្រទេសដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២២។

យោងតាមក្រុមប្រឹក្សានេះ ចាប់តាំងពីប្រទេសចិនបានបញ្ឈប់គម្រោងថាមពលដើរដោយធ្យូងថ្មនៅក្រៅប្រទេសថ្មីក្នុងឆ្នាំ២០២១ ឧស្សាហកម្មថាមពលរបស់ប្រទេសចិនបានសហការជាមួយក្រុមហ៊ុនថាមពលក្នុងស្រុកធំៗដើម្បីងាកទៅវិនិយោគក្នុងគម្រោងថាមពលបៃតងជំនួសវិញ។

នៅឆ្នាំ២០២២ ថាមពលកកើតឡើងវិញបានក្លាយជាវិស័យដែលមានចំនួនគម្រោងវិនិយោគនៅបរទេសច្រើនជាងគេ ដែលមានចំនួនប្រហែល៥៨ ភាគរយនៃចំនួនវិនិយោគសរុប។ ក្នុងចំណោមគម្រោងទាំងនោះ មានគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន៨ ដែលស្មើនឹង៣៣ ភាគរយនៃចំនួនថាមពលសរុប ដែលមានតម្លៃវិនិយោគចំនួន ១.៣៣ ពាន់លានដុល្លារ និងគម្រោងថាមពលខ្យល់ចំនួន ៦ ឬស្មើនឹង២៥ ភាគរយនៃចំនួនថាមពលសរុប ដែលមានទុនវិនិយោគចំនួន ៥១៩ លានដុល្លារ។

បន្ថែមពីលើថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ឱកាសវិនិយោគក្នុងការផ្ទុកថាមពល ថាមពលអ៊ីដ្រូសែន ថាមពលរួមបញ្ចូលគ្នា និងប្រភពថាមពលជាច្រើនទៀតក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ៕ China Daily

Related Posts

Previous Article

ក្រសួង​កសិកម្មកំពុង​​បង្កើតអោយមាន​អ្នក​សម្រប​សម្រួល​កសិកម្ម​តាមឃុំ​នៅ​ទូទាំង​ប្រទេស

Next Article

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP កើនឡើង ២៤ ភាគរយនៅក្នុងឆមាសទី១