រដ្ឋាភិបាល​កម្ពុជា អនុញ្ញាតឱ្យ​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​ធ្វើលិខិត​ឆ្លងដែន​នៅលើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង

ហង្ស ពណ្ណរាយ / Khmer Times Share:
សកម្មភាព​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​កូរ៉េខាងត្បូង។ រូបភាព៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ

 

រដ្ឋាភិបាល​កម្ពុជាបាន​អនុ​ញ្ញា​ឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ធ្វើលិខិត​ឆ្លងដែន​នៅលើ​ទឹកដី​ប្រទេស​កូរ៉េខាង​ត្បូង ដើម្បី​កាត់បន្ថយ​លើ​ការចំណាយ និង​ពេល​វេលា​ដល់​ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កូរ៉េ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានលើក​ឡើង​ក្នុង​ជំនួប​សំ​ណេះ​សំណាល​ជាមួយ​កម្មករ​និយោជិត​ប្រ​មាណ​ជិត២ម៉ឺន​នាក់ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាល​ពី​ថ្ងៃ​សៅរ៍​ថា ទោះបី​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រ​ទេស​ណា​ក៏​ដោយ ក៏​​​រដ្ឋា​​​ភិបាល​​​​មាន​កាតព្វកិច្ច​គា​ំពារ និង​ផ្ដល់​​សេវា​ជូន​ដូច​ទៅនឹង​ប្រជាពលរដ្ឋ​ក្នុងប្រទេស​ដែរ។

លោក​បន្ថែមថា កាតព្វកិច្ច​គាំពារ និង​ផ្ដល់​សេវា​នេះ មិន​ត្រឹមតែ​ផ្ដល់​ក្នុងប្រទេស​ប៉ុណ្ណោះ​ទេ ប្រជា​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ក៏​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ជួយ​សម្រប​សម្រួល និង​ផ្ដល់​ការ​គាំពារ ជាពិសេស​ផ្ដល់​សេវាសាធារណៈផ្សេងៗតាម​ដែល​អាច​ធ្វើ​ទៅបាន។

លោក ហ៊ុន ម៉ា​ណែ​ត ធ្លាប់​ដឹង​អំពី​បញ្ហា​ប្រឈម​របស់​ពលករ​នៅ​កូរ៉េខាងត្បូង គឺ​ការពន្យារ​សុពលភាព​លិខិតឆ្លងដែន ដែលមាន​ការលំបាក​ដោយ​សារ​មាន​លក្ខខណ្ឌ​មួយចំនួន​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់ ក៏ដូចជា​ការគិតគូរ​ពី​សន្តិសុខ​ជាតិ គិតគូរ​ពី​ការ​ក្លែង​បន្លំ​ជាដើម។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជំរុញ​ដល់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អគ្គនាយក​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងយុត្តិធម៌ ដើម្បី​សម្របសម្រួល​ធ្វើ​លិខិត​ឆ្លងដែន​សម្រាប់​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​កូរ៉េខាងត្បូង។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​បានសម្រេច​អនុញ្ញាតឱ្យ​រៀបចំ​ធ្វើ Passport នៅក្រៅ​ប្រទេស​តែម្ដង ចាប់ផ្ដើម​ពី​កូរ៉េខាងត្បូង​មុន​គេ ដោយនៅ​ទីនោះ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​មក​ធ្វើ​នៅ​ប្រទេស​យើង​ឆ្ងាយ»។

លោក​បន្ថែមថា ដើម្បី​ដោះស្រាយ​ពី​ទុក្ខលំបាក​លើ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​កម្មករ សម្រេច​ឱ្យ​បង្កើត​ការិយាល័យ​អនុ​ពន្ធ​មួយ ដើម្បីឱ្យ​មន្ត្រី​កម្ពុជា​ភ្ជាប់​បណ្ដាញ ទិន្នន័យ និង​ធ្វើការ​ជាមួយ​ស្ថាប័ន​នៅក្នុង​ប្រទេស ដូចជា​ការបំពេញ​បែបបទ និង​ការធ្វើ​លិខិត​ថ្កោលទោស​ជាដើម។

លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​បង្កើត​កុងស៊ុល​កម្ពុជា​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ដើម្បី​ពង្រីក​ការផ្តល់សេវា​នានា​ជូន​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ទីនោះ។

លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​មន្ត្រី​ស្ថានទូត​កម្ពុជា កុងស៊ុល និង​កម្លាំង​នគរបាល​ពាក់ព័ន្ធ ត្រូវ​សម្រួល​បែបបទ​នៃ​ការធ្វើ​លិខិតឆ្លងដែន​ជូន​ពលករ​ឱ្យបាន​ល្អប្រសើរ ឆាប់​រហ័ស និង​ជៀង​វាង​ការយក​ថវិកា​ក្រៅ​ប្រព័ន្ធ។

លោក យ៉ង គិ​ម​អេង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍ បានឱ្យដឹងថា ការ​រៀបចំ​ឱ្យមាន​កន្លែង​ធ្វើលិខិត​ឆ្លងដែន​នៅលើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង គឺជា​រឿង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ និង​រស់នៅ​ប្រទេស​កូរ៉េ។

លោក​បន្ថែមថា ការធ្វើ​លិខិតឆ្លងដែន​ក្នុងប្រទេស​កូរ៉េ​ដោយផ្ទាល់​បែបនេះ បានរួម​ចំណែក​កាត់​បន្ថយ​លើ​ការ​ចំណាយ​ថវិកា ពេលវេលា និង​ចំណេញ​ច្រើន​សម្រាប់​ការ​រួម​ចំណែក​អភិវឌ្ឍ​សង្គមជាតិ និង​ពលករ​ខ្មែរ ជាពិសេស​ចៀស​វាង​ការ​ចោទប្រកាន់​ករណី​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ ឬ​មាន​ភាព​យឺតយ៉ាវ​ជាដើម។

លោក យ៉ង គិ​ម​អេង បញ្ជាក់ថា៖ «ខ្ញុំ​យល់ថា ការធ្វើ​លិខិត​ឆ្លងដែន លិខិតស្នាម លិខិត​ថ្កោលទោស គឺ​ប្រសើរ​ណាស់ [,,,] ជាពិសេស​កិច្ចការរដ្ឋបាល​កាន់​តែមាន​ប្រសិទ្ធភាព។
ខ្ញុំ​សង្ឃឹមថា ដំណើរការ​នេះ​នឹង​កើតមានឡើង​ពិតប្រាកដ»។

អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោកស្រី ជ្រឹង បទុម​រង្សី បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា  ក្នុងនាម​ជា​មន្ត្រីការទូត និង​បុគ្គលិក​ទាំងអស់ ព្រមទាំង​ពលករ និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងធ្វើការ និង​រស់នៅក្នុង​កូរ៉េ គឺ​ពិត​ជា​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​អនុញ្ញាតឱ្យ​មាន​កា​រ​រៀបចំ​ធ្វើលិខិត​ឆ្លងដែន​នៅក្រៅ​ប្រទេស។

លោកស្រី​បន្ថែមថា ការអនុញ្ញាត​ឱ្យមាន​ក​ន្លែ​ង​ធ្វើលិខិត​ឆ្លង​ដែន​នៅ​កូរ៉េខាងត្បូង គឺជា​ដំណឹង​ដ៏​សែន​រីករាយ​សម្រាប់​ពលករ និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងធ្វើការ និង​រស់នៅ​ក្រៅប្រទេស។

លោកស្រី​បញ្ជាក់ថា៖ «នេះ គឺជា​ការសម្រេចចិត្ត​ប្រកប​ដោយ​គតិបណ្ឌិត និង​ប្រកបដោយ​ចក្ខុវិស័យ​វែង
ឆ្ងាយ​របស់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ក្នុង​គោលដៅ​បង្ខិត​សេវាសាធារណៈ​ឱ្យ​ដល់ដៃ​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង
​ក្រៅប្រទេស»។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នកនាំពាក្យ​នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​សុក្រ បានឱ្យដឹងថា លោក ហ៊ុន ម៉ា​ណែ​ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក គីម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភា​កូរ៉េខាង​ត្បូង ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

ក្នុងជំនួប​នេះ លោក ហ៊ុន ម៉ា​ណែ​ត បានស្នើ​ភាគី​កូរ៉េ​ផ្តល់​ការ​គាំពារ និង​ពិចារណា​បង្កើន​កូតា​ដល់​ពលករ​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​បន្ថែមទៀត ដើម្បី​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ៕

Related Posts

Previous Article

ជនជនជាតិ​ថៃ​៤​នាក់​ដែលធ្វើការអោយក្រុមឆបោកតាម​ទូរស័ព្ទ​ត្រូវបាន​ចាប់ខ្លួន​នៅ​កម្ពុជា​

Next Article

ក្រសួងអះអាងថាពីកា​ងារ​អាទិភាព​ស្នូល​ដើម្បីជួយ​កំណែទម្រង់​វិស័យ​អប់រំ​កាន់តែ​ប្រសើរ