ផ្លែ​ដូង​​ស្រស់ខ្មែរ និងផ្លែ​បឺរ​វ៉េណេស៊ុយអេឡា ត្រូវបានអនុញ្ញាតឱ្យនាំ​ចូល​ប្រទេស​ចិន

Khmer Times Share:
ទិដ្ឋភាពនៃផ្លែបឺរវ៉េណេស៊ុយអេឡា។ រូបថត VCG

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គរដ្ឋបាលគយចិន (GAC) បានឲ្យដឹងថា គយចិនបានអនុញ្ញាតឲ្យនាំចូលដូងស្រស់ពីកម្ពុជា និងផ្លែបឺរស្រស់ពីប្រទេសវេណេហ្ស៊ុយអេឡា ចាប់ពីថ្ងៃច័ន្ទ។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា និងវេណេស៊ុយអេឡាទៅកាន់ប្រទេសចិនកាលពីខែកញ្ញា ដែលបានផ្តល់លទ្ធផលជាក់ស្តែង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។

ប្រទេសចិន និងកម្ពុជាបានពង្រឹងនិងពង្រីកនូវចំណងមិត្តភាពដ៏យូរអង្វែង ហើយបានសន្យាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា ជាមួយនឹងការឯកភាពគ្នាជាបន្តបន្ទាប់ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងប៉េកាំង។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា ប្រទេសទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការដោយផ្អែកលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ(Diamond Hexagon)” ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

យោងតាមទិន្នន័យគយកម្ពុជា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីមានចំនួន ៨,០៩ពាន់លានដុល្លារ កើនឡើង ១,១ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​បាន​កើន​ឡើង ១៦,៨ ភាគរយ ​ដល់​ទៅ ៩៤០លាន​ដុល្លារ។

ជាមួយនឹងផលិតផលកសិកម្មកម្ពុជាកាន់តែច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ប្រទេសចិនបានក្លាយជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករ ចេកស្រស់ ស្វាយ និងផ្លែមៀនកម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន ពាណិជ្ជកម្មរវាងប្រទេសចិន និងសមាជិកអាស៊ានបានកើនឡើងពីជាង ១០០ប៊ីលានដុល្លារក្នុងឆ្នាំ២០០៤ ដល់ ៩៧៥,៣ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។ ប្រទេសទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមកក្នុងរយៈពេល៣ឆ្នាំជាប់គ្នា។

ដំណើរ​ទស្សនកិច្ច​របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ប្រទេស​ចិន​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolás Maduro Moros ដែល​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ចិន​ពី​ថ្ងៃ​ទី ៨ ដល់ ១៤ ខែ​កញ្ញា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​ ម៉ៅ នីង (Mao Ning) បាននិយាយថ្ងៃទី១៤ ខែកញ្ញាថា ប្រទេសចិន និងវ៉េណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន ហើយពួកគេបានឈានដល់ការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងភាពជាដៃគូកាន់តែជិតស្និទ្ធក្នុងវិស័យពាណិជ្ជកម្ម អប់រំ ទេសចរណ៍ លំហអាកាស អាកាសចរណ៍ស៊ីវិល វិទ្យាសាស្ត្របច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមទិន្នន័យរបស់អគ្គរដ្ឋបាលគយចិនបានឱ្យដឹងថា ក្នុងអំឡុងពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១៧,៦ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ ឈានដល់ ១៨,២៧ ប៊ីលានយ័ន (២,៥ពាន់លានដុល្លារ)៕ Global Times

Related Posts

Previous Article

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣៖ វិស័យ​កាត់ដេរ​របស់​កម្ពុជាជួបការលំបាក​ដោយសារសម្ពាធខាងក្រៅ

Next Article

ក្មេងជំទង់បើកហាងកាហ្វេនៅពិធីបុណ្យ Staithes ដើម្បីរៃអង្គាសប្រាក់សម្រាប់ដំណើរកម្សាន្តសប្បុរសធម៌នៅកម្ពុជា