មន្ត្រី​ជាន់ខ្ពស់​អះអាង​ថា​ គម្រោង​ខ្សែ​ក្រ​វាត់​និង​ផ្លូវ​នឹង​មិន​នាំ​កម្ពុជា​ទៅ​រក​អន្ទាក់​បំណុល​នោះ​ទេ​

S​reek​ant​h​ R​a​v​in​d​r​an​ / Khmer Times Share:
​ដ​្យា​ក្រាម​បង្ហាញ​ផ្លូវ​ល្បឿន​លឿន​បា​វិ​ត​-​ភ្នំពេញ​ដែល​កំពុង​សាងសង់​។​ រូបភាព​៖​ ​M​P​W​T​

លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​និង​ជា​អនុប្រធាន​ទី​១​ ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ អះអាង​ថា គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​ ​និង​ផ្លូវ​ (BR​I​) ​ដែល​ត្រួសត្រាយ​ដោយ​ប្រទេស​ចិន​ ​នឹង​មិន​នាំ​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​ទេ​ ​​ ហើយ​លោក​ក៏បាន​ច្រានចោល​នូវ​ការ​លើក​ឡើង​នានា​ទាក់ទិន​នឹង​គុណវិបត្តិ​នៃ​គម្រោង​នេះ​មក​លើ​កម្ពុជា​ដែរ​​។​

​ដោយ​និយាយ​ផ្តាច់មុខ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ CNBC ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​មាន​ប្រសាសន៍​ថា​ ​គម្រោង​ BR​I​ ​បាន​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ​ហើយ​ការ​ស​ន្មត់​នានា​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​គឺ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​នោះ​ឡើយ​។​

​កម្ពុជា​បាន​អនុវត្ត​ក៏ដូចជា​បច្ចុប្បន្ន​កំពុង​អនុវត្ត​គម្រោង​ BR​I​ ​ដ៏​ធំ​ ​ជាមួយនឹង​គោលបំណង​ដោះស្រាយបញ្ហា​គ​ម្លា​ត​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដែល​មាននៅ​ក្នុង​ប្រទេស​។​

​លោក​បាន​អះអាង​ថា​៖​ ​«​ ​រហូត​មកដល់ពេលនេះ​ ​យើង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន​អ្នក​វិនិយោគ​ពី​ប្រទេស​ចិន​ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​ដែល​ចំណាយ​ថវិកា​អស់​ ​២​ ​ពាន់​លាន​ដុល្លារ​។​ ​ផ្លូវ​ល្បឿន​លឿនទី​ពី​​​រក​៏​កំពុង​ត្រូវ​បាន​សាងសង់​ដោយ​ប្រទេស​ចិន​ក្រោម​គម្រោង​ BR​I​ ​ដែល​តភ្ជាប់​ពី​ទី​ក្រុងភ្នំពេញ​ទៅ​ទីក្រុង​ហូ​ជី​មិញ​ ​ហើយ​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​ ​១​,​៧​ ​ពាន់​លាន​ដុល្លារ​»​។​

​ឧបនាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា​៖​ ​«​ផ្លូវ​ល្បឿន​លឿនទី​៣​ ​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​សៀមរាប​ ​និង​ប៉ោយ​ប៉ែត​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចំណាយ​អស់​ជិត​ ​៤​ពាន់​លាន​ដុល្លារ​ ​ដែល​ជា​គម្រោង​ BR​I​ ​ផង​ដែរ​។​ ​យើង​ក៏បាន​សហការ​ជាមួយ​ BR​I​ ​សម្រាប់​គម្រោង​ព្រែកជីក​​ដើម្បី​អនុញ្ញាត​​ឲ្យ​កប៉ាល់​ឆ្លង​កាត់​មក​កម្ពុជា​។​

​លោក​បាន​បន្ត​ថា​៖​ ​«​ឥឡូវនេះ​ក្រៅពី​ទទួល​បាន​មូលនិធិ​ពី​វិ​ស​័​យ​​ឯក​ជន​ ​យើង​ក៏​បាន​ទទួល​មូលនិធិ​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ដូចជា​ជប៉ុន​ ​កូរ៉េ​ ​ចិន​ ​ថៃ​ ​ធនា​គារ​ពិភព​លោក​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​និង​ ​A​F​D​ ​របស់​បារាំង​»​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​មានប្រសាសន៍ថា​ ​ប្រទេស​ដែល​ជា​ប្រទេស​​មាន​សេដ្ឋកិច្ច​កំពុង​រីក​​ចម្រើន​ ​គឺ​កំពុង​ស្វែងរក​ប្រភព​មូលនិធិ​ពីគ្រប់ទិស​ទី​ក្នុង​ពិភពលោក​ ​មិន​ត្រឹមតែ​ពី​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ​។​

​លោកបាន​លើកឡើង​ថា​៖​«​នៅ​ពេលដែល​យើង​ខ្ចី​ ​មាន​ការ​ព្រួយ​បារម្ភ​ថា​គម្រោង​ BR​I​ ​កំពុង​បង្កើត​អន្ទាក់​បំណុល​សម្រាប់​កម្ពុជា​។​ ​ខ្ញុំ​ស​ុំ​បញ្ជាក់​ថា​ ​គំនិត​​ផ្តួច​ផ្តើម​នេះ​មិន​ប៉ះពាល់​អ្វី​ទេ​ ​ប៉ុន្តែ​តាមពិត​ ​វា​បាន​ជួយ​ ​និង​ផ្តល់​មូលនិធិ​ដែល​ត្រូវការ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​របស់​យើង​»​។​

​លោក​​បន្ត​ថា​៖​«​សមាមាត្រ​បំណុល​របស​់យើង​ទៅ​នឹង​ ​G​D​P​ ​គឺ​តិច​ជាង​ ​៤​០​ ​ភាគរយ​។​ ​ប្រសិនបើ​អ្នក​ក្រឡេក​មើល​ស្ថានភាព​ជុំវិញ​ពិភព​លោក​ ​ប្រទេស​ជាច្រើន​មាន​បំណុល​ ​១​០​០​ ​ភាគរយ​ទៅ​នឹង​សមាមាត្រ​ ​G​D​P​ ​ហើយ​ប្រទេស​ខ្លះ​មាន​ ​២​០​០​ ​ភាគរយ​។​

​ឧបនាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថ​ា​៖​ ​«​សមាមាត្រ​មាន​ស្ថេរ​ភាព​តិច​​ជាង​ ​៤​០​ ​ភាគរយ​នេះ​ផ្តល់​ឱ្យ​កម្ពុជា​នូវ​លទ្ធភាព​ក្នុង​ការ​ខ្ចីប្រាក់​បន្ថែម​​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​។​

​យើង​នឹង​មិន​​សាងសង់​ថ្លៃ​​លើស​លុប​នាំ​ឱ្យ​ខាត​ប្រយោជន៍​នោះ​ទេ​។​ ​ប្រសិនបើ​គម្រោង​ជាក់លាក់​មួយ​មិន​មាន​សក្តានុពល​ក្នុង​ការ​បង្កើត​ប្រាក់ចំណូល​ផ្ទៃក្នុង​សេដ្ឋកិច្ច​អប្បបរមា​ពី​ ​១​២​ ​ទៅ​ ​១​៥​ ​ភាគរយ​ទេ​នោះ​ ​យើង​នឹង​មិន​បន្ត​គម្រោង​នោះ​ទេ​»​។​

BR​I​ ​ដែល​ជា​គម្រោង​តភ្ជាប់​ ​និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដ៏​មាន​មហិច្ឆតា​ ​និង​ទូលំទូលាយ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ​ត្រូវ​បាន​ស្នើ​ឡើង​កាល​ពី​មួយ​ទសវត្សរ៍​មុន​។​ ​វា​ភ្ជាប់​ប្រទេស​ប្រហែល​ ​១​៥​០​ ​នៅ​អាស៊ី​ ​អឺរ៉ុប​ ​អាហ្វ្រិក​ ​និង​អាមេរិក​ឡា​ទី​ន​ ​តាមរយៈ​បណ្តាញ​នៃ​ការ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​និង​ការផ្លាស់ប្តូរ​វប្បធម៌​។​ ​កម្ពុជា​​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​បាន​មើល​ឃើញ​ពី​ផល​ខ្លាំង​បំផុត​នៃ​គំនិត​ផ្តួចផ្តើម​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ​សេដ្ឋកិច្ច​ ​និង​ទេសភាព​​វប្បធម៌​របស់​ខ្លួន​។​

​ទីតាំង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​នៅ​លើ​ដង​ទន្លេមេគង្គ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ​ ​និង​រវាងប្រទេស​ថៃ​ ​និង​វៀតណាម​នៅ​លើ​ឈូងសមុទ្រ​ថៃ​ ​បាន​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ ​និង​ការ​តភ្ជាប់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ​ហើយ​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​គួរឲ្យ​កត់​សម្គាល់​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​របស់​ខ្លួននេះ​បើ​យោង​តាម​អ្នកជំនាញ​។​

​ផ្លូវ​ហាយ​​វេ​ថ្មី​ ​ផ្លូវ​រថភ្លើង​ ​កំពង់ផែ​សមុទ្រ​ ​និង​អាកាសយានដ្ឋាន​ត្រូវ​បាន​សាងសង់​ឡើង​ ​ឬ​ផ្លូវ​ចាស់​ត្រូវ​បាន​កែ​លម្អ​ ​ដែល​សម្រួល​ដល់​ការ​​​ដឹកជញ្ជូន​ទំនិញ​ ​និង​ចលនា​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ក្នុង​ ​និង​ហួស​ព្រំដែន​កម្ពុជា​។​

​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទាំងនេះ​ត្រូវ​បាន​តភ្ជាប់​ទៅ​តំបន់​ពាណិជ្ជកម្ម​សេរី​ ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ដែល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត​នូវ​ការ​តភ្ជាប់​ក្នុង​តំបន់​ ​សម្រួល​ពាណិជ្ជកម្ម​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ ​ស្រប​ពេល​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​របស់​ខ្លួន​។​

BR​I​ ​ក៏បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​កម្ពុជា​។​ ​ជាមួយនឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​សមត្ថភាព​ភ​័ស្តុ​ភារ​ ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​រវាងប្រទេស​ទាំងពីរ​ ​កម្ពុជា​បាន​ក្លាយ​ជាគោល​ដៅ​ទាក់ទាញ​សម្រាប់​វិនិ​យោគិន​អន្តរជាតិ​ ​និង​ធុរកិច្ច​ដែល​កំពុង​ស្វែងរក​ពង្រីក​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​តំបន់​។​

គួរ​បញ្ជាក់​ផងដែរ​ថា ​ការ​កើន​ឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចម្រុះ​កាន់​តែ​ច្រើន​ ​និង​បាន​ជួយ​កម្ពុជា​អភិវឌ្ឍ​វិ​ស​័​យ​ថាមពល​ ​ទូរគមនាគមន៍​ ​ហិរញ្ញវត្ថុ​ ​ភស្តុភារ​ ​ទេសចរណ៍​ ​និង​កសិកម្ម​៕​​​

Related Posts

Previous Article

​រដ្ឋាភិបាល​កំណត់​ទិសដៅ​ ពីរ​ឆ្នាំ​ដើម្បី​ប្រែក្លាយ​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ពី​៥​០​០​ ​ទៅ​១​០​០​០​ ​ជា​សាលារៀន​គំរូ​

Next Article

​កម្ពុជា​-​ចិន​ ​អប​អរសាទរ​ឆ្នាំ​មិត្តភាព​ ​៦​៥​ឆ្នាំ​ ​តាមរយៈ​សម្ដែង​សិល្បៈ​វិថី​សូត្រ​ពន្លឺ​សិល្បៈ​ចិន​