​រដ្ឋាភិបាល​ផ្តល់​ពូជស្រូវ​ដល់​កសិករ​នៅ​ខេត្ត​កំពង់ធំ​

Share:

ឯកឧត្តម​ ​អេង​ ​ជា​សាន​ ​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​នាំ​យក​ពូជស្រូវ​សែនក្រ​អូ​ប​ចំនួន​ ​៥​៤​តោន​ ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ​៥​៤​១​គ្រួសារ​ ​នៅ​ឃុំ​ចំនួន​៤​ ​ក្នុងស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​ក្នុង​គោលបំណង​ជួយ​ស្តារ​ការ​ធ្វើស្រែ​ឡើងវិញ​ ​ក្រោយ​ការ​លិចលង់​ដោយសារ​ទឹកជំនន់​កាលពី​ពេលថ្មីៗនេះ​។​

​ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការសិក្សា​យល់​ដឹង​ពី​រដូវ​កាល​ ​ទីតាំង​ភូមិ​សា​ស្រ្ត ​និង​ស្ថានភាព​អាកាសធាតុ​ ​មុននឹង​ធ្វើ​ស្រូវ​មិន​ប្រកាន់​រដូវ​។​ ​ចំណេះ​ដឹង​ទាំងនេះ​នឹង​ជួយ​កសិករ​អោយ​ជៀស​ផុត​ពី​បញ្ហា​ដែល​អាច​កើតមាន​ ​ដូចជា​ទឹកជំនន់​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ឬ​ទឹកជំនន់​ស្ទឹង​ស្ទោង​។​ ​តាមរយៈ​ការយល់​ដឹង​ពី​កត្តា​ទាំងនេះ​ ​កសិករ​អាច​បង្កើន​ការ​ដាំ​ដុះ​ស្រូវ​និង​ទិន្នផល​ដំណាំ​ផ្សេងទៀត​ ​ជាពិសេស​ស្រូវ​មិន​ប្រកាន់​រដូវ​។​

​ឯកឧត្តម​ក៏បាន​ណែនាំ​កសិករ​អោយ​ស្ដារ​ឡើងវិញ​ ​ឲ្យបាន​ទាន់ពេល​វេលា​ទៅតាម​រដូវ​កាល​ជាពិសេស​នៅពេលដែល​ទឹកបាន​ស្រក​។​ ​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​ក៏បាន​សង្កត់ធ្ងន់​នៃ​ការ​ថែរក្សា​ប្រភព​ទឹក​និង​ប្រើប្រាស់​ទឹក​ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​លើកទឹកចិត្ត​កសិករ​ឱ្យ​ប្រកាន់យក​នូវ​បច្ចេកទេស​កសិកម្ម​ទំនើប​ ​និង​សម្រប​ខ្លួន​ទៅ​នឹង​បញ្ហា​ប្រឈម​ដែល​បណ្តាលមកពី​ការ​ប្រែប្រួល​អាកាសធាតុ​។​

​ឯកឧត្តម​បាន​គូស​បញ្ជាក់​ថា​ ​ការចែក​ពូជស្រូវ​សែនក្រ​អូ​ប​នេះ​ ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​រដ្ឋាភិបាល​ចំពោះ​សុខុមាលភាព​របស់​កសិករ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​។​នេះ​ក៏​ស្របតាម​ការ​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាព​ក្រីក្រ​ ​ស្របតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

Related Posts

Previous Article

វៀតណាម​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​

Next Article

ការ​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​សភា​កម្ពុជា​-​ឡាវ​-​វៀតណាម​ ​នៅ​ខែ​ធ្នូ​