​ព្រះមហាក្សត្រ​ជំរុញ​ការ​ផ្សព្វផ្សាយ​ ​«​ពុទ្ធ​ឱវាទ​» ឱ្យ​ទូលំទូលាយ​ ​ដើម្បី​សន្តិភាព​ក្នុង​សង្គម​

​ត​ន​ ​វិបុល​ / Khmer Times Share:
​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ជាមួយ​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​សាសនា​មួយ​។​ ​ រូបភាព​៖​ ​Press​ OC​M​

​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​បាន​ចេញ​ព្រះរាជសារ​អប​អរសាទរ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​ដែល​ប្រារព្ធ​ធ្វើ​ពីម្សិលមិញ​។​ ​នៅ​ក្នុង​ព្រះរាជសារ​នោះ​ ​ព្រះមហាក្សត្រ​បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​ ​«​ពុទ្ធ​ឱវាទ​»​ ឱ្យ​បាន​ទូលំទូលាយ​និង​កាន់​តែ​ផុស​ផុល​ឡើង​ ​ដើម្បី​បុព្វហេតុ​នៃ​ការ​រីក​ចម្រើន​ព្រះពុទ្ធ​សាសនា​ ​និង​ការ​កសាង​សន្តិភាព​នៅ​ក្នុង​សង្គមជាតិ​កម្ពុជា​។​

​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​មាន​ព្រះបន្ទូល​ថា​ ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​ប្រារព្ធ​ឡើង​ដើម្បី​ឯកភាព​និង​សាមគ្គីភាព​រវាង​និកាយ​ទាំងអស់​នៃ​ព្រះពុទ្ធសាសនា​ ​និង​ដឹកនាំ​ពុទ្ធបរិស័ទ​គ្រប់​និកាយ​ត្រឡប់ទៅ​បតិ​ប​ត្តិ​ខ្ជាប់ខ្ជួន​តាម​ពាក្យ​ប្រៀនប្រដៅ​ដើមដំបូង​របស់​ព្រះសម្មាសម្ពុទ្ធ​។​

​ព្រះមហាក្សត្រ​បាន​ជំរុញ​ថា​៖​ ​«​សូម​មានការ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​ឱវាទ​ឱ្យ​ទូលំទូលាយ​និង​កាន់តែ​សកម្ម​ផុស​ផុល​ឡើង​ ​ដើម្បី​ប​ព្វ​ហេតុ​នៃ​ការ​រីក​ចម្រើន​ព្រះពុទ្ធសាសនា​និង​ការ​កសាង​សន្តិភាព​នៅ​ក្នុង​សង្គមជាតិ​យើង​និង​នៅ​លើ​សាកលលោក​ទាំងមូល​»​។​

​ក្រសួងធម្មការ​និង​សាសនា​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ធ្វើពិធី​ប្រារព្ធ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​ពីម្សិលមិញ​ ​ដើម្បី​រំលឹក​ព្រះរាជបូជនីយកិច្ច​របស់​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ដែល​បាន​ទទួល​ព្រះរាជ​បរម​ងារ​កិត្តិយស​ជា​“​ព្រះស្រី​លោក​ធម្មិករាជ​“ ​នៅ​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​២​០​១​៤​។​

​ព្រះ​បរម​ងារ​កិត្តិយស​ដែល​ព្រះមហាក្សត្រ​បាន​ទទួល​នោះ​មានន័យ​ថា​៖​ ​«​ព្រះរាជា​មានគុណ​ធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ជា​គំរូ​ក្នុង​ការប្រតិបត្តិ​និង​ផ្សព្វផ្សាយ​ព្រះ​ធម៌ព្រះពុទ្ធ​លើ​សកលលោក​»​។​

​សម្រាប់​ក្រសួងធម្មការ​និង​សាសនា​ ​នេះ​ជា​ភស្តុតាង​យ៉ាង​ប្រត្យក្ស​ ​ដើម្បី​រំលឹក​ព្រះរាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ​ដែល​បាន​បំពេញ​ចំពោះ​ប្រទេសជាតិ​និង​ព្រះពុទ្ធសាសនា​។​

​បន្ថែម​លើស​ពី​នេះ​ ​ការ​ប្រារព្ធ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​ ​គឺជា​ការ​រួមចំណែក​ជំរុញ​ការ​ផ្សព្វផ្សាយ​ ​ការផ្ទេរ​ចំណេះ​ដឹង​ ​ការ​ក្រើន​រំលឹក​ ​បំផុស​ស្មារតី​ ​និង​មនសិការ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​។​

​លោក​ ​ចាយ​ ​បូ​រិន​ ​រដ្ឋមន្ត្រី​ក្រសួងធម្មការ​និង​សាសនា​មាន​ប្រសាសន៍ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ក​ម្ពស់​ការយល់​ដឹង​ ​និង​ជំរុញ​តួនាទី​ព្រះពុទ្ធសាសនា​ក្នុង​ការចូលរួម​អប់រំ​សីលធម៌​ ​គុណធម៌​ ​សុជីវធម៌​ ​និង​ការ​បំផុស​ ​គំនិតច្នៃប្រឌិត​ ​ដើម្បី​ចូលរួម​លើក​ក​ម្ពស់​សង្គមជាតិ​។​

​ព្រះ​តេជគុណ​ ​ឃឹម​ ​សន​ ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក​កម្ពុជា​ ​បាន​មាន​ថេរ​ដីកា​ថា​ ​ការ​ប្រារព្ធ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​ ​គឺជា​ការកំណត់​ដោយ​អ្នក​កាន់​ព្រះពុទ្ធសាសនា​នៅ​លើក​ពិភពលោក​ ​ដើម្បី​ថ្លែង​សារ​ទៅកាន់​ពុទ្ធសាសនិក​ទាំងអស់​នៅ​លើ​ពិភពលោក​ ​ជាពិសេស​ថ្លែង​សារ​ថ្វាយ​ព្រះមហាក្សត្រ​និង​រំលឹក​នឹកឃើញ​ថ្នាក់​ដឹកនាំ​ប្រទេស​ជាដើម​។​ ​ព្រះ​តេជគុណ​បាន​បញ្ជាក់​ថា​ ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ព្រះពុទ្ធសាសនា​ពិភពលោក​លើក​ទី​៦​ ​របស់​អ្នក​គោរព​ព្រះពុទ្ធសាសនា​ទាំង​៤​១​ប្រទេស​តំណាង​ពុទ្ធសាសនិកជន​៥​១​០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កាលពី​ឆ្នាំ​២​០​១​៤​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ជប៉ុន​។​ ​ការកំណត់​នេះ​ធ្វើឡើង​ជាមួយនឹង​ការ​ថ្វាយ​ព្រះ​ព្រះរាជ​គោរមងារ​កិត្តិយស​ជា​ ​«​ព្រះស្រី​លោក​ធម្មិករាជ»​ ​ចំពោះ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​។​

​ព្រះ​តេជគុណ​បាន​បន្ថែម​ថា​៖​ ​«​កម្ពុជា​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ ​ប៉ុន្តែ​ប្រសិនបើ​ពុទ្ធសាសនិក​យល់​អំពី​គោល​បំណង​ឬ​ទ្រឹស្ដី​ជាក់លាក់​ដែល​ព្រះពុទ្ធ​បាន​ត្រាស់​សម្ដែង​ ​ដូចជា​កា​រហាម​ប្រព្រឹត្ត​អំពើអាក្រក់​ទាំង​ពួង​ ​ហើយ​ធ្វើ​តែ​សេចក្ដី​ល្អ​ ​ចេះ​អប់រំ​ចិត្ត​ឱ្យ​ល្អ​ជា​ដើម​ ​គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​សង្គម​»​។​

​ព្រះ​តេជគុណ​ ​ឃឹម​ ​សន​ ​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​ថា​ ​នៅ​ក្នុងថ្ងៃនេះ​ជា​ការ​ប្រារព្ធ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​ ​ព្រះសង្ឃ​គ្រប់​អង្គ​និង​ពុទ្ធសាសនិក​ទាំង​អស់​បាន​ចងចាំ​ក្នុង​ចិត្ត​ទាំងអស់គ្នា​ ​ហើយ​រួបរួម​គ្នា្ផ​ផ្សព្វផ្សាយ​នូវ​ពុទ្ធ​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ​ទៅដល់​មនុស្ស​ទូទៅ​ ​ជាពិសេស​អ្នក​រស់នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

​ព្រះ​តេជគុណ​ថា​៖​ ​«​យ៉ាងហោចណាស់​យើង​មាន​សីល​ប្រាំ​ទាំងអស់គ្នា​ ​ដើម្បី​ចូលរួម​លើក​ស្ទួយ​វប្បធម៌​និង​សីលធម៌​សង្គម​របស់យើង​ ​ក៏ដូចជា​ជួយ​ដល់​រាជរដ្ឋាភិបាល​និង​ប្រទេសជាតិ​របស់យើង​ទាំងមូល​ដែរ​»​។​

​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។​ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិពេញទី​ខាង​ជំនឿ​ ​ប៉ុន្តែ​សេរីភាព​ខាង​ជំងឺ​និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​និង​សាសនា​ដទៃទៀត​ដល់​សណ្ដាប់ធ្នាប់​និង​សន្តិសុខ​សាធារណៈ​។​

​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅតែ​ប្រកាន់​គោល​នយោបាយ​ធានា​​សិទ្ធិ​សេរីភាព​គ្រប់​សាសនា​ទាំងអស់​។​ ​កន្លងមក​លោក​បាន​អំពាវ​នាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​ដែល​កាន់សាសនា​ខុសគ្នា​នៅ​កម្ពុជា​។​

​កាលពី​ចុង​ឆ្នាំ​២​០​២​៣​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជា​ឱ្យ​ទប់​ស្កាត់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​ការប្រតិបត្តិ​សាសនា​នៅ​កម្ពុជា​។​ ​លោក​ថា​រាល់​ការប្រតិបត្តិ​សាសនា​ត្រូវ​មាន​មូលដ្ឋាន​ច្បាស់លាស់​។​ ​យ៉ាងណា​លោក​បញ្ជាក់​ថា​ ​នេះ​មិនមែន​រដ្ឋាភិបាល​បិទ​សិទ្ធិ​ខាង​ជំនឿ​សាសនា​នៅ​កម្ពុជា​នោះ​ឡើយ៕

Related Posts

Previous Article

កម្ពុជា​ស្នើ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ ​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​យុវជន​ ​និង​មន្ត្រី​កម្ពុជា​

Next Article

​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​រុះរើ​ក្បាល​ម៉ាស៊ីន​ពង្រឹង​កម្លាំង​ត្រៀម​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​