កម្ពុជាបានរកឃើញតំបន់ការពារធម្មជាតិចំនួនជិត៣០កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌

Khmer Times Share:
លោកជំទាវបណ្ឌិតភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដោយមន្ត្រីនៃក្រសួងទាំងពីរ។

ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ នៃតំបន់ការពារធម្មជាតិទាំង៧៣កន្លែង នៅក្នុងប្រទេសកម្ពុជា។

ដំណឹងនេះត្រូវបានចែករំលែកក្នុងពិធី «ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ» ដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ភឿង សកុណាបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃក្រសួងទាំងពីរ ក្នុងការចូលរួមចំណែកការពារតំបន់បេតិកភណ្ឌវប្បធម៌ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា នេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា និង​ព្រលឹង​ដូនតា​ខ្មែរ​តាំងពី​សម័យ​បុរេ​ប្រវត្តិ ។

បើតាមលោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានឲ្យដឹងថា ក្រុមការងារបានរកឃើញតំបន់ ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ ដោយមិនរាប់បញ្ចូលតំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់ការពារទេសភាពសម្បូរព្រៃគុក ដែលមានព្រះរាជក្រឹត្យនិងមានអង្គភាពគ្រប់គ្រងដោយឡែករួចទៅហើយ។

ក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដូចបានគោរពជម្រាបជូនខាងលើមានចំនួនកើនឡើង បើប្រៀបធៀបជាមួយទិន្នន័យដែលបានស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយកន្លងមក ដោយសាលាបារាំងចុងបូព៌ា (EcoleFrancaise Extreme- Orient)។ ជាក់ស្តែងក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ដែលមានក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» មានចំនួនរហូតដល់ទៅ១០៦៩កន្លែង។ C. Nika – AKP

Related Posts

Previous Article

ក្រុមប្រឹក្សាកីឡាប៉ាគីស្ថាន ត្រៀមផ្តល់កីឡដ្ឋាន Jinnah សម្រាប់ការប្រកួតជម្រុះជាមួយកម្ពុជា

Next Article

កម្ពុជា​យក​ឈ្នះ​ប្រ៊ុយណេ ៥-០ក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF U23 Championship 2023