​ប​.​ស​.​ស​ ​ទទួល​ពានរង្វាន់​ឆ្នើម​ផ្នែក​ថែទាំ​សុខភាព​ ​នៅ​កូឡា​ឡាំ​ពួ

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​នៃ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ ​បាន​ទទួល​អង្គភាព​ឆ្នើម​សម្រាប់​ការធានា​រ៉ាប់រង​លើ​ការពង្រីក​ការធានា​រ៉ាប់រង​របប​សន្តិសុខ​សង្គម​លើ​ការចូលរួម​ចំណែក​ដោយ​ស្ម័គ្រចិត្ត​។​ ​ ​ ​​ ប.ស.ស.

​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (ប.ស.ស.) ​ដែល​ជា​សេនាធិការ​របស់​​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ទទួល​បាន​ពានរង្វាន់​អង្គភាព​ឆ្នើម​ពង្រីក​ការ​គ្របដណ្តប់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍​ ​និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួ ​ប្រទេស​ម៉ាឡេស៊ី​ ​កាលពី​ថ្ងៃអង្គារ​។​​

លោក​ ​ម៉េង​ ​ហុង​ ​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ស្តីទី​ ​ដែល​ជា​តំណាង​កម្ពុជា​បាន​ទៅ​ទទួល​ពានរង្វាន់​ផ្ទាល់​ពី​ប្រធាន​ផ្លាស់វេន​នៃ​សមាគម​សន្តិសុខ​សង្គម​អា​ស៊ាន​ (ASSA) ​ឆ្នាំ​២​០​២​២​-​២​០​២​៣​។​

​លោក​ ​ម៉េង​ ​ហុង​ ​បាន​ឱ្យ​ដឹង​ថា​ ​គិត​រហូត​មកដល់ពេលនេះ​ ប.ស.ស.ធ្លាប់​ទទួល​បាន​ពានរង្វាន់​អង្គភាព​ឆ្នើម​ស្តីពី​ ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​បាន​ចំនួន​ ​៧​លើក​ ​ពី​សមាគម​សន្តិសុខ​សង្គម​អា​ស៊ាន​ (ASSA) ​ហើយ​ពាន់​រង្វាន់​អង្គភាព​ឆ្នើម​ដែល​ទទួល​បាន​នា​ពេលនេះ​ ​គឺជា​ពានរង្វាន់​ទី​៨​ ​ដែល​ប្រធាន​សមាគម​សន្តិសុខ​សង្គម​អា​ស៊ាន​ (ASSA) ​បាន​ផ្តល់​ជូន​។​

​កាលពី​ថ្ងៃពុធ​ ប.ស.ស.បាន​ប្រកាស​ថា​ ​ការ​ផ្ដល់​ពានរង្វាន់​អង្គភាព​ឆ្នើម​នេះ​ ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ប្រឹក្សា​ភិ​បាល​នៃ​សមាគម​សន្តិសុខ​សង្គម​អា​ស៊ាន​ (ASSA) ​លើក​ទី​៤​០​ ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួ ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយមាន​ស​មា​ភាព​ចូល​រួម​ពី​តំណាង​ស្ថាប័ន​សន្តិសុខ​សង្គម​នៃ​សមាគម​សន្តិសុខ​សង្គម​អា​ស៊ាន​ (ASSA) ​ចំនួន​ ​២​០​ស្ថាប័ន​ ​ដែល​មក​ពី​បណ្តា​ប្រទេស​ចំនួន​១​០​។​

ប.ស.ស.បញ្ជាក់​ថា​ ​ក្នុង​កិច្ចប្រជុំ​ប្រឹក្សា​ភិ​បាល​នៃ​សមាគម​សន្តិសុខ​សង្គម​អា​ស៊ាន​ (ASSA) ​លើក​ទី​៤​០​ ​សមាជិក​ទាំងអស់​ក៏បាន​ពិនិត្យ​ ​និង​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ផែនការ​សកម្មភាព​ឆ្នាំ​២​០​២​២​-​២​០​២​៣​ ​របស់​សមាគម​សន្តិសុខ​សង្គម​អា​ស៊ាន​ (ASSA) ​និង​ផែន​សកម្មភាព​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២​០​២​៣​-​២​០​២​៤​ ​របស់​សមាគម​ផង​ដែរ​។​

​លោក​ ​ហេង​ ​សុផា​ន់​ណា​រិទ្ធ​ ​អគ្គនាយក​រង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស​ ​គឺជា​យុទ្ធ​សា​ស្រ្ត​មួយ​ក្នុងចំណោម​យុទ្ធសាស្ត្រ​ជា​អាទិភាព​ដទៃ​ផ្សេងទៀត​ ​ដែល​ប.ស.ស.​ចាំបាច់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​ផលិតភាព​ ​និង​គុណភាព​ ​ដើម្បី​ធានា​ឱ្យ​ការ​ផ្ដល់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​ភាព​ជឿជាក់​។​

​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ប.ស.ស.បាន​រៀបចំផែនការ​ផ្សព្វផ្សាយ​ចំនួន​ ​៤​ ​០​០​០​លើក​ ​សម្រាប់​ក្រុម​គោលដៅ​សរុប​ប្រមាណ​ ​១​លាន​ ​២​០​ម៉ឺន​នាក់​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កម្មករ​និយោជិត​ ​និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​ផ្ទាល់ខ្លួន​ទទួល​បានការ​យល់​ដឹង​កាន់តែ​ច្បាស់​ ​និង​ស៊ី​ជម្រៅ​ ​ពីរបប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​។​

​លោក​បញ្ជាក់​ថា​ ​ជា​លទ្ធផល​នៃ​យុទ្ធនាការ​តាម​រោងចក្រ​ ​សហគ្រាស​ ​ផ្ទះ​ជួល​ ​ផ្សារ​ ​និង​ទីប្រជុំជន​ ​នៅ​ទូទាំង​ប្រទេស​ ​គិត​ត្រឹម​ថ្ងៃអង្គារ​ ប.ស.ស.បាន​ផ្សព្វផ្សាយ​សរុប​ចំនួន​ ​១​​០​៤​៩​លើក​ ​ដែល​មាន​អ្នកចូលរួម​ចំនួន​ ​៣​៥​៣​ ​០​៥​៧​នាក់​ ​ស្មើនឹង​ ​៣​០​% ​នៃ​ផែនការ​ដែល​បាន​គ្រោងទុក​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃពុធ​ ​លោក​ ​ហេង​ ​សួរ​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បាន​លើក​ឡើង​ថា​ ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស​័្ម​គ្រ​ចិត្ត​ ​គឺជា​ការពង្រីក​វិសាលភាព​បន្ថែម​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​តម្រូវ​ការ​ ​និង​សេចក្តីប្រាថ្នា​ក្នុង​ការ​ចង់​ក្លាយទៅជា​សមាជិក​ ​ប​.​ស​.​ស​.​។​

​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ ​និង​ចង់​ក្លាយទ​ៅ​ជា​សមាជិក​ ប.ស.ស.ក្នុងចំណោម​ប្រជាពលរដ្ឋ​ក្នុង​វិ​ស​័​យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ជាពិសេស​បុគ្គល​ស្វ័យ​និ​យោជន៍​ ​ព្រម​ទាំង​ពី​សំណាក់​សមាជិក​ ប.ស.ស.ដែល​ប្រាថ្នា​ចង់​បាន​ការ​ថែទាំ​សុខភាព​ទៅ​ដល់​សមាជិក​គ្រួសារ​របស់​ខ្លួន​បន្ថែម​ទៀត​។​

​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ប.ស.ស.បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សុខភាព​ ​និង​ការ​រីក​ចម្រើន​របស់​ប្រជាជន​ ​និង​កម្មករ​និយោជិត​ ​ដែល​បាន​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​ ​ពង្រឹង​ស្ថិ​ភាព​ ​និង​ការ​ព្យាករ​បាន​នៃ​ចំណូល​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​របស់​ខ្លួន​។​

​លោក​ ​ហេង​ ​សួរ​ ​បញ្ជាក់​ថា​ ​ការ​អនុវត្ត​កម្ម​វិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត​នេះ​ ​ជា​សមិទ្ធផល​មួយ​ ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​រដ្ឋាភិបាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​បំផុត​ ​ទៅ​ដល់​សុខុមាលភាព​របស់​កម្មករ​និយោជិត​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​មិន​ទុក​ឱ្យ​នរណា​ម្នាក់​មិន​ទទួល​បាន​ការ​ព្យា​បាល​ជំងឺ​ ​នៅ​ពេល​ដែល​មាន​ជំងឺ​នោះ​ឡើយ​ ​ដែល​នេះ​ជា​ការ​គ្រប​ដណ្ដប់​ឆ្ពោះ​ទៅ​រក​ការ​គ្រប​ដណ្តប់​សុខភាព​ជាស​កល​។​

​គួរ​រម្លឹក​ថា​ ​គិត​រហូតមកដល់​បច្ចុប្បន្ននេះ​ ប.ស.ស.បាន​នឹង​កំពុង​ដំណើរការ​របប​សន្តិសុខ​សង្គម​ចំនួន​ ​៣​ផ្នែក​ ​គឺ​មាន​ផ្នែក​ហា​និ​ភ័យ​ការងារ​ ​ផ្នែក​ថែទាំ​សុខភាព​ ​និង​ផ្នែក​ប្រាក់​សោធន​។​

​កាលពី​ថ្មីៗ​នេះ​ ​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​គោល​នយោបាយ​ថ្មី​មួយ​ ​ដើម្បី​ប្រជាពលរដ្ឋ​មាន​របរ​ផ្ទាល់​ខ្លួន​ (​បុគ្គល​ស្វ័យ​និ​យោជន៍​) ​រួម​ទាំង​អ្នក​ក្នុង​បន្ទុក​សមាជិក​ ​ប.ស.ស. ​ក៏​អាច​មាន​សិទ្ធិ​ស្នើសុំ​ធ្វើ​ប​ណ្ណ​សមាជិក​ ប.ស.ស. បាន​ផង​ដែរ​ ​ហើយ​ប​ណ្ណ ប.ស.ស.នឹង​ទទួល​បាន​ការធានា​រ៉ាប់រង​លើ​ការ​ថែទាំ​សុខភាព​ពេញ​ ​២​៤​ម៉ោង​ ​លើ​២​៤​ម៉ោង៕​

Related Posts

Previous Article

​មេ​ប៉ុស្តិ៍​ឃុំ​ស្រែ​ចា​អាច​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខណ្ឌ​ ​បន្ទាប់ពី​ផ្អាក​ក្រុម​ល្ខោនបាសាក់​កំពុង​សម្តែង​

Next Article

​ធនាគារ​ពិភពលោក​អនុម័ត​គម្រោង​តម្លៃ​ ​១​៦​៣​ ​លាន​ដុល្លារ​ដើម្បី​ពង្រឹង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនាម័យ​នៅ​កម្ពុជា​