​កម្ពុជានឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ សារ​ព័ត៌មាន​ស្របតាមការ​វិវត្ត​សង្គម

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
លោក នេត្រ​ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែតុលា។ ​ ​ ខ្មែរថាមស៍៖ ខឹម សុវណ្ណារ៉ា

​ក្រសួង​ព័ត៌មាន​ ​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ ​របប​សារ​ព័ត៌មាន​ ​និង​ធ្វើ​បច្ចុប្បន្នភាព​អ្នក​សារ​ព័ត៌មាន​ ​ដែល​គ្មាន​ភាព​ស្រប​ច្បាប់​ ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវត្ត​នៃ​សង្គម​ ​និង​កាត់​បន្ថយ​ព័ត៌មាន​មិន​ពិត​នៅ​កម្ពុជា​។​​

ការ​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​និង​ធ្វើ​បច្ចុប្បន្នភាព​អ្នក​សារ​ព័ត៌មាន​ខាង​លើ​នេះ​ ​បន្ទាប់ពី​​មាន​កា​ស៊ី​ណូមួយ ​ស្ថិត​ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​កាល​ពី​ខែ​សីហា​ ​បាន​ផ្សព្វផ្សាយ​ថា​ ​មាន​អ្នក​សារ​ព័ត៌មាន​ចន្លោះ​ពី​ ​៧​០​០​ ​ទៅ​ ​៩​០​០​​អង្គភាព​ ​បាន​សុំ​ប្រាក់ឧបត្ថម្ភ​ពី​ខ្លួន​ជា​រៀងរាល់​ខែ​។​​

ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ ​និង​ទិសដៅ​ការងារ​បន្ត​របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន​ ​និង​សោត​ទ​ស្សន៍ ​នៃ​ក្រសួង​ព័ត៌មាន​ ​កាលពី​ថ្ងៃចន្ទ​ ​លោក​ ​នេត្រ​ ​ភ​ត្រ្តា ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​មាន​អ្នក​សារ​ព័ត៌មាន​អន​ឡា​ញ​ជាច្រើន​ ​ដែល​មិន​ទាន់​មាន​ច្បាប់​ត្រឹមត្រូវ​ ​និង​មិន​គោរព​ច្បាប់​របស់​សារព័ត៌មាន​នៅ​កម្ពុជា​។​

​លោក​បន្ថែម​ថា​ ​ការ​មិនទាន់​មាន​ភាព​ស្រប​ច្បាប់​ ​និង​មិន​គោរពច្បាប់​សារ​ព័ត៌មាន​ ​បាន​ធ្វើ​ឱ្យ​មាន​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន​កើតឡើង​ ​ហើយ​សារ​ព័ត៌មាន​ ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ ​គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​មិន​ត្រឹមត្រូវ​ ​ជាពិសេស​បំពុល​ដល់​សង្គម​ផង​ដែរ​។​

​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​បន្ត​ថា​ ​ក្រសួង​ព័ត៌មាន​ ​នឹង​ពង្រឹង​ច្បាប់​ ​ក្រម​សីលធម៌​ ​និង​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន​ ​ព្រោះ​បច្ចុប្បន្ន​នេះ​ ​កម្ពុជា​កំពុង​មាន​អ្នក​សារ​ព័ត៌មាន​អន​ឡាន​ជាច្រើន​ ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​

​ការ​ពង្រឹង​ច្បាប់​ ​ក្រម​សីលធម៌​ ​និង​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន​ ​ដើម្បី​កាត់បន្ថយ​ព័ត៌មាន​មិន​ពិត​នៅ​ក្នុង​សង្គម​ ​និង​ធានា​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ទទួល​ព័ត៌មាន​ពិត​ ​ឥត​ក្លែងក្លាយ​។​

​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖​ ​«​ក្រសួង​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ ​របប​សារ​ព័ត៌មាន​ ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវត្ត​នៃ​សង្គម​ជា​រួម​ ​ព្រមទាំង​ពិនិត្យមើល​ច្បាប់​ផ្សេងៗ​ទៀត​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ការពារ​ផល​ប្រយោជន៍​នៅ​ក្នុង​វិ​ស​័​យ​ព័ត៌មាន​»​។​

​ក្នុង​នោះ​ក៏​ពិនិត្យ​លើ​លិខិត​បទដ្ឋាន​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ធ្វើ​ ​ហើយ​បន្ត​តាមដាន​និង​ពិនិត្យ​រក​ព័ត៌មាន​ក្លែងក្លាយ​ ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ​ជាពិសេស​នឹង​ធ្វើ​បច្ចុប្បន្នភាព​អ្នក​សារ​ព័ត៌មាន​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ​ ​ដើម្បី​កាត់បន្ថយ​ព័ត៌មាន​មិន​ពិត​ ​និង​នាំ​ផលប្រយោជន៍​សម្រាប់​សាធារណជន​ទូទាំង​ប្រទេស​។​

​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​បាន​ជំរុញ​អ្នក​សារ​ព័ត៌មាន​ ​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​ប្រកបដោយ​វិជ្ជាជីវៈ​ ​ក្រម​សីលធម៌​ ​និង​ត្រូវ​មាន​ប្រភព​ច្បាស់លាស់​ ​ព្រោះ​ការ​ផ្សាយ​ព័ត៌មាន​ពិត​ ​នឹង​ក្លាយ​ជា​អាវក្រោះ​សម្រាប់​ការពារ​អ្នក​សារ​ព័ត៌មាន​ពី​ទណ្ឌកម្ម​ផ្លូវច្បាប់​ ​ព្រមទាំង​រក្សា​តម្លៃ​ថ្លៃថ្នូរ​ក្នុងនាម​ជា​អ្នក​សារ​ព័ត៌មាន​ផង​ដែរ​។​

​លោក​ ​ណុប​ ​វី​ ​នាយក​ប្រតិបត្តិ​នៃ​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ការ​ធ្វើ​បច្ចុប្បន្នភាព​ ​ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ ​របប​សារ​ព័ត៌មាន​ ​គឺជា​ការ​ផ្ដួចផ្ដើម​ដ៏​ល្អ​។​

​លោក​បន្ថែម​ថា​ ​លោក​ក៏​គាំទ្រ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ខាង​លើ​នេះ​ ​ប៉ុន្តែ​ទទូច​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ស្របតាម​បទដ្ឋាន​ច្បាប់អន្តរជាតិ​ ​ក៏​ដូច​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ​សិទ្ធិ​នយោបាយ​ ​និង​សិទ្ធិ​ថ្លែងការណ៍​ជាសាកល​ស្ដីពី​ ​សិទ្ធិមនុស្ស​។​

​លោក​បន្ត​ថា​ ​អ្នក​សារ​ព័ត៌មាន​ ​ដែល​មាន​ភាព​ស្រប​ច្បាប់​ ​ឬ​គ្មាន​ភាព​ស្រប​ច្បាប់​ ​គឺ​គ្មាន​ច្បាប់​ណា​កំណត់​អំពី​ស្រប​ច្បាប់​ ​ឬ​មិន​ស្រប​ច្បាប់​របស់​អ្នក​សារ​ព័ត៌មាន​នោះ​ទេ​ ​ព្រោះ​នៅ​ក្នុង​ច្បាប់អន្តរជាតិ​ ​ទោះ​បុគ្គល​ណា​ក៏ដោយ​ដែល​អាច​អនុវត្ត​តួនាទី​ ​និង​ភារកិច្ច​របស់​អ្នក​សារ​ព័ត៌មាន​ ​ក្នុង​ការចូលរួម​យក​ព័ត៌មាន​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ ​ត្រូវ​បាន​គេ​សម្គាល់​ថា​ ​ជា​អ្នក​សារ​ព័ត៌មាន​ទាំងអស់​។​

​លោក​ ​ណុប​ ​វី​ ​បញ្ជាក់​ថា​៖​ ​«​​បើ​បង្កើត​ច្បាប់​ដើម្បី​កំណត់​អ្នកនេះ​ជា​អ្នក​សារ​ព័ត៌មាន​ ​ហើយ​អ្នកនោះ​មិនមែន​ជា​អ្នក​សារ​ព័ត៌មាន​ ​ខ្ញុំ​គិតថា​ ​នឹង​ប៉ះពាល់​សេរីភាព​នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មិនខាន​»​។​

​លោក​បន្ថែម​ថា​ ​សារ​ព័ត៌មាន​ ​គឺជា​អំណាច​មួយ​នៅ​ដាច់ដោយឡែក​ ​ព្រោះ​អ្នក​សារ​ព័ត៌មាន​ ​គឺ​មាន​តួនាទី​ក្នុង​ការ​អង្កេត​ ​និង​ឃ្លាំមើល​លើ​ការ​អនុវត្ត​តួនាទី​ ​និង​ភារកិច្ច​នៃ​អំណាច​ទាំង​បី​នៅ​កម្ពុជា​៕​

Related Posts

Previous Article

វៀតណាម​ ​និង​កម្ពុជា​ពិចារណា​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​

Next Article

​ទេសចរ​មក​ក​ម្សាន្ត​នៅ​សៀមរាប​កើន​ឡើង​ពេល​ភ្ជុំបិណ្ឌ​ ​ខណៈ​អ្នកជំនាញ​ណែនាំ​ឱ្យ​ត្រៀម​ទទួល​រដូវ​ទេសចរ​កើន​