កម្ពុជា និងអាស៊ាន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង

Khmer Times Share:

រដ្ឋមន្ត្រីការបរទេសអាស៊ាន រួមទាំងកម្ពុជានៅថ្ងៃនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែល AKP ទទួលបានកាលពីម្សិលមិញថា យើងមានការស្រងាកចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៥៦/ក្រោយកិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រី (AMM/PMC) និងកិច្ចប្រជុំផ្សេងទៀតដែលដឹកនាំដោយអាស៊ាន ហើយបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) ដែលបានប្តេជ្ញាចិត្តផងដែរ រួមទាំងជាសមាជិកនៃវេទិកាតំបន់អាស៊ាន (ASEAN Regional Forum-ARF)។

ប្លុកនេះបានជំរុញឱ្យកូរ៉េខាងជើងចាត់វិធានការដើម្បីបន្ធូរបន្ថយភាពតានតឹង និងបានអំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងបង្កើតបរិយាកាសអំណោយផលឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “យើងសូមអះអាងសារជាថ្មីអំពីសារៈសំខាន់នៃអនុលោមភាពពេញលេញទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)ដែលពាក់ព័ន្ធនានា និងគោរពតាមច្បាប់អន្តរជាតិ” ។

ជាងនេះទៅទៀត រដ្ឋមន្ត្រីការបរទេសអាស៊ានបានរំលឹកឡើងវិញនូវការត្រៀមខ្លួនដើម្បីដើរតួនាទីស្ថាបនា រួមទាំងតាមរយៈការប្រើប្រាស់វេទិកាដែលដឹកនាំដោយអាស៊ានដូចជាវេទិកាតំបន់អាស៊ាន (ARF) ជាដើម៕ AKP-ហេង បញ្ញា

 

 

Related Posts

Previous Article

កម្ពុជា​បន្ត​ទៅការ​ប្រកួតជើងឯកកីឡាអេឡិចត្រូនិកពិភពលោក IESF នៅ​ប្រទេស​រូម៉ានី

Next Article

កម្ពុជា​នឹង​បង្កើន​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក