កម្ពុជា-ឥណ្ឌាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន

Khmer Times Share:

 

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ភាគីទាំងពីរបានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មានរវាងស្ថាប័នសារព័ត៌មានជាតិ រួមមាន ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (RNK) និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ជាមួយទូរទស្សន៍ជាតិឥណ្ឌា។

ក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះ លោក នេត្រ ភក្ត្រា បានជម្រាបជូនឯកអគ្គរដ្ឋទូតឥណ្ឌា អំពីការងារជាអាទិភាពមួយចំនួនរបស់ក្រសួងព័ត៌មាន សម្រាប់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ រួមមាន ការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួង តាមរយៈការពង្រឹងប្រសិទ្ធភាព ប្រសិទ្ធផល និងគុណភាពស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពឯកសារច្បាប់ និងពង្រឹងសមត្ថភាពបច្ចេកទេសមន្ត្រីនៃអគ្គនាយកដ្ឋានក្រោមក្រសួង ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការធ្វើឱ្យក្រសួងព័ត៌មានក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលសកម្មនិងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើដល់ភាគីឥណ្ឌា ជួយដល់ក្រសួងព័ត៌មាន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស របស់មន្ត្រីក្រសួងព័ត៌មាន លើជំនាញព័ត៌មាន និងសោតទស្សន៍ ក៏ដូចជាស្នើឱ្យឥណ្ឌា ផ្តល់ ជំនួយបច្ចេកទេសលើការជួយរៀបចំប្រព័ន្ធឌីជីថលដែលមានសុវត្ថិភាពក្នុងការបង្ហោះរូបថត ឯកសារចាស់ៗសំខាន់ៗ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាននៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើម្បីឱ្យវាមានសុវត្ថិភាព និងងាយស្រួលក្នុងការស្វែងរក។

ជាការឆ្លើយតប លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នឹងធ្វើការប្រឹក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយរៀបចំប្រព័ន្ធឌីជីថល ដែលងាយស្រួលគ្រប់គ្រង សុវត្ថិភាព និងធានាគុណភាពនៃការងារថែរក្សាហ្វីលនិងរូបថតសំខាន់ៗរបស់កម្ពុជា។

តាមរយៈការងារនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានទៅទស្សនាការិយាល័យអភិរក្សភាពយន្ត និងរូបថត នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន ដែលបានរក្សាទុករូបថតចាស់ៗ ពីឆ្នាំ១៩៧៨ ដល់បច្ចុប្បន្ន ដែលមានជាង ២០០,០០០ រូប៕

Related Posts

Previous Article

ក្រុមហ៊ុន CHINT ទទួលបានចំណែកទីផ្សារក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង

Next Article

ផ្លូវល្បឿនលឿនដែលវិនិយោគដោយចិនសន្សំសំចៃពេលវេលានិងថវិកាសម្រាប់អ្នកធ្វើដំណើរ