​ក្រសួង​អធិការកិច្ច​ ​និង UNDP​ ​ពិនិត្យ​លទ្ធភាព​បណ្ដុះបណ្ដាល​ជំនាញ​អធិការកិច្ច​នៅ​កម្ពុជា​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោក​ ​ហួត​ ​ហាក់​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​អធិការកិច្ច​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ ​លោកស្រី​ ​A​l​i​ss​ar​ C​h​a​k​e​r ​តំណាង​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​(UN​D​P​) ​ប្រចាំ​នៅ​កម្ពុជា​។​ រូបភាព៖ ​ក្រសួង​អធិការកិច្ច

​កម្ពុជា​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​ ​និង​អ្នកតំណាង​ប្រចាំ​ប្រ​ទេ​សកម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ (UN​D​P​ ​Cam​bo​d​i​a​) ​បាន​ឯកភាព​ពិនិត្យ​លទ្ធភាព​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​វិ​ស័​យ​អធិការកិច្ច​ ​ដើម្បី​ពង្រឹង​និង​លើក​ក​ម្ពស់​សមត្ថភាព​ជំនាញ​របស់​មន្ត្រី​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃពុធ​ ​ក្រសួង​អធិការកិច្ច​ ​បាន​ប្រកាស​អំពី​លទ្ធផល​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ​ហួត​ ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​ ​និង​លោកស្រី​ ​A​l​i​ss​ar​ Chaker ​អ្នក​តំណាង​ប្រចាំ​ប្រ​ទេ​សកម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ ​ប្រចាំ​នៅ​កម្ពុជា​ (UN​D​P​ ​Cam​bo​d​i​a​) ​បាន​ឯកភាព​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​វិ​ស​័​យ​អភិបាល​កិច្ច​ល្អ​ ​ដើម្បី​ចាប់​ផ្ដើម​ចាត់​តាំង​ក្រុម​ការងារ​ស្ថាប័ន​ទាំង​ពីរ​ពិភាក្សា​លម្អិត​លើ​ផ្នែក​បច្ចេកទេស​។​

​ក្រសួង​បញ្ជាក់​ថា​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដើម្បី​ពង្រឹង​ ​និង​លើក​ក​ម្ពស់​សមត្ថភាព​ជំនាញ​របស់​មន្ត្រី​ ​និង​ជំនួយ​បច្ចេកទេស​ ​ជាពិសេស​អ្នកជំនាញ​បច្ចេកទេស​ដើម្បី​ជួយ​ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ ​អធិការកិច្ច​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​ក្រសួង​កំពុង​រៀបចំ​។​

​លោក​ ​ហួត​ ​ហាក់​ ​ក៏បាន​ប្រកាស​ទទួលស្វាគមន៍​លោកស្រី​ ​A​l​i​ss​ar​ C​h​a​k​e​r ​និង​សហការី​ ​ដែល​បាន​មក​កាន់​ទីស្ដីការ​ក្រសួង​ ​ដើម្បី​ជួបពិភាក្សា​ការងារ​ពាក់ព័ន្ធ​សម្រាប់​អនុវត្ត​បន្ត​។​ ​លោក​ក៏បាន​ថ្លែង​អំណរគុណ​ដល់​អង្គការ​ UN​D​P​ ​ដែល​ផ្តល់​ជំនួយ​ជាច្រើន​ដល់​កម្ពុជា​នា​ពេល​កន្លង​មក​ ​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​លើ​គ្រប់​វិ​ស័​យ​។​

​លោក​បន្ថែម​ថា​ វិ​ស​័​យ​ដែល​អង្គការ​ UN​D​P​ ​ដែល​តែង​ផ្ដល់​ជំនួយ​មាន​ជាអាទិ៍​ វិ​ស័​យ​ថាមពល​ ​បរិស្ថាន​ ​កា​រដោះ​មីន​ ​សិទ្ធិមនុស្ស​ ​អប់រំ​ ​សង្គមកិច្ច​ ​ជាពិសេស​លើ​ការងារ​លុប​បំបាត់​ភាព​ក្រីក្រ​ ​ការ​​​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ ​នីតិ​រដ្ឋ​ ​និង​បរិ​យា​ប​ន្ន ​ព្រមទាំង​ជួយ​ជ្រោមជ្រែង​កម្ពុជា​ ​ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២​០​៣​០​។​

​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ​គឺ​មានសភាពល្អ​ប្រសើរ​លើ​គ្រប់​ទិដ្ឋភាព​ទាំង​ផ្នែក​នយោបាយ​ ​សង្គម​ ​សេដ្ឋកិច្ច​ ​ដែល​បង្ក​បរិយាកាស​អនុគ្រោះ​ ​និង​អំណោយផល​ដល់​សង្គមជាតិ​ ​និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។​

​លោក​​ថា​ ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៧​ ​គឺ​ផ្តោត​លើ​ការ​កែ​ទម្រង់​ ​ការ​ពង្រឹង​អភិបាល​កិច្ច​ ​និង​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ ​ដើម្បី​ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ដែល​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ ​ខ្លាំង​ ​វៃ​ឆ្លាត​ ​និង​ស្អាតស្អំ​។​

​ក្នុង​ជំនួប​នេះ​ ​លោកស្រី​ ​A​l​i​ss​ar​ C​h​a​k​e​r ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​ ​ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​លោកស្រី​ ​និង​សហការី​ ​ចូល​ជួបពិភាក្សា​ការងារ​ ​និង​រាយការណ៍​អំពី​បេសកកម្ម​ ​និង​សកម្មភាព​ការងារ​របស់​អង្គការ​ UN​D​P​ ​ប្រចាំ​នៅ​កម្ពុជា​ ​នា​ពេល​កន្លងមក​។​

​លោកស្រី​ក៏បាន​ប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​របស់​ UN​D​P​ ​ជួយ​ដល់​កម្ពុជា​ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (S​D​G​s) ​ឆ្នាំ​២​០​៣​០​ ​និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ចាក​ចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ ​ជាពិសេស​គាំទ្រ​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​ក្នុង​ឆ្នាំ​២​០​៣​០​ ​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២​០​៥​០​។​

​នៅ​លើ​បណ្ដាញ​សង្គម​របស់​​​ក្រសួង​អធិការកិច្ច​ ​កាល​ពី​ថ្ងៃពុធ​ ​បញ្ជាក់​ថា​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភារកិច្ច​ចម្បង​ ​ក្រសួង​មាន​ភារកិច្ច​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ ​កសាង​និង​ពង្រឹង​មូលធន​មនុស្ស​ ​រៀបចំ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នៅ​ក្នុង​សមត្ថកិច្ច​ ​ដែល​រដ្ឋាភិបាល​ប្រគល់​ជូន​ ​និង​ចូល​រួម​ថែរក្សា​បរិយាកាស​សុខដុម​នី​យ​កម្ម​នៅ​ក្នុង​ក្រសួង​ ​និង​អង្គភាព​ចំណុះ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​។​

​កាល​ពីម្សិលមិញ​ ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UN​D​P​) ​ប្រកាស​ព័ត៌មាន​ថា​ ​លោកស្រី​ ​A​l​i​ss​ar​ C​h​a​k​e​r ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​ហួត​ ​ហាក់​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​អធិការកិច្ច​ ​ដើម្បី​ស្វែង​យល់​ពី​ចក្ខុវិស័យ​ ​និង​ការងារ​អាទិភាព​របស់​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​ ​ក៏​ដូចជា​បង្កើន​កិច្ច​សហការ​រវាង​ស្ថាប័ន​ទាំងពីរ​ ​ជាពិសេស​ពង្រឹង​ការងារ​អភិបាល​កិច្ច​ល្អ​ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​។​

​គួរ​រម្លឹក​ថា​ ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ ​និង​អធិការកិច្ច​ ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទៅ​ជា​ ​ក្រសួង​អធិការកិច្ច​ ​ក្រោយ​ពី​រដ្ឋាភិបាល​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​ចូល​កាន់​ដំណែង​ ​ដើម្បី​ឆ្លើយតប​និង​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​ដំណាក់កាល​ទី​១​ ​ក្នុង​សម័យ​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដំបូង​ ​កាល​ថ្ងៃ​ទី​២​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ដែល​ផ្តោត​លើ​ការ​កែ​ទម្រង់​ ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​អ​ធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ៕​

Related Posts

Previous Article

ទស្សនៈ៖ ការផ្តល់​អំណាច​សហគមន៍៖ កម្លាំង​ផ្លាស់​ប្ដូរ​ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​របស់​​កម្ពុជា

Next Article

ការប្រកួតកីឡា​វ៉ូ​វី​ណាម​ពិភពលោក​លើក​ទី​៧​៖​ ​កម្ពុជា​ដណ្តើម​បាន​មេដាយ​ចំនួន​១​៧​គ្រឿង​