​ពលរដ្ឋ​ស្ថិត​ក្នុង​តំបន់​ងាយ​រងគ្រោះ​ទឹកជំនន់​ ​ស្នើ​អាជ្ញាធរ​ត្រៀម​អន្តរាគមន៍​ឱ្យ​បាន​ទាន់ពេល​វេលា​

ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ទិដ្ឋភាពស្ទឹងព្រែកត្នោត​នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ខ្មែរថាមស៍៖ ទេព សូនី

​​ប្រជាពលរដ្ឋ​ស្ថិតនៅ​តំបន់​ដែល​ងាយ​រងគ្រោះ​ទឹកជំនន់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រៀម​កម្លាំង​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា​ ​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​

​លោក​ ​សាយ​ ​សុវណ្ណ​រិទ្ធ​ ​ប្រជាពលរដ្ឋ​រស់​ក្នុង​ខណ្ឌ​ដង្កោ​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ជា​រៀង​រាល​ឆ្នាំ​ ​ទឹកជំនន់​តែង​កើត​ឡើងជា​ប្រចាំ​ ​ប៉ុន្តែ​ឆ្នាំ​ខ្លះ​ ​ទឹកជំនន់​ឡើង​តិចតួច​ ​ក៏​ស្រក​ទៅ​វិញ​ ​តែ​ឆ្នាំ​ខ្លះ​ទឹកជំនន់​បាន​ហក់​ឡើង​ខ្លាំង​ ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មួយ​ចំនួន​ប្រឈម​ហា​នី​ភ័យ​ខ្ពស់​។​

​លោក​បន្ថែម​ថា​ ​នៅ​ពេល​ទឹកជំនន់​ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ខាតបង់​ទ្រព្យសម្បត្តិ​ ​និង​ខូចខាត​ផ្ទះសម្បែង​ ​ហើយ​ក្មេងៗ​ក្នុង​តំបន់​មួយ​ចំនួន​ ​ក៏​ប្រឈម​គ្រោះថ្នាក់​ផង​ដែរ​ ​បើ​សិន​អាជ្ញាធរ​មិនបាន​អន្តរាគមន៍​ទាន់ពេល​វេលា​។​

​លោក​ស្នើ​ថា​៖​ ​«​ខ្ញុំ​សូម​ស្នើ​ឱ្យ​រដ្ឋបាល​រាជធានី​ ​ក៏​ដូច​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ ​និង​ខណ្ឌ​ពាក់ព័ន្ធ​មួយ​ចំនួន​ ​គួរ​ត្រៀម​កម្លាំង​ឱ្យ​បាន​រួចរាល់​ ​ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ​»​។​

​លោក​ ​សេក​ ​មីនា​ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​កំ​បូល​ ​បាន​លើក​ឡើង​ថា​ ​ភាគច្រើន​នៅ​ពាក់កណ្ដាល​ខែ​តុលា​ ​ឬ​ដើម​ខែវិច្ឆិកា​ ​តែង​មាន​ទឹកជំនន់​កើតឡើង​ ​ប៉ុន្តែ​ក្នុង​តំបន់​មួយ​ចំនួន​ឃើញ​អាជ្ញាធរ​ចុះ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​ ​ប៉ុន្តែ​តំបន់​មួយ​ចំនួន​ពុំ​ឃើញ​មាន​អាជ្ញាធរ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក​បន្ថែម​ថា​ ​ចង់​ឃើញ​មេភូមិ​ ​ចៅសង្កាត់​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់ពេល​វេលា​ ​និង​ស្នើ​ភាព​គ្នា​ ​ដោយ​មិន​គិត​ពី​និន្នាការនយោបាយ​ ​ឬ​ពណ៌​សម្បុរ​នោះ​ទេ​ ​ព្រោះ​អាជ្ញាធរ​ស្ថិត​ក្នុង​គណបក្ស​កាន់អំណាច​ ​តែ​បើ​តំបន់​នោះ​ធ្លាប​់តែ​ប្រឆាំង​នឹង​គាត់​ ​គឺ​ពួកគាត់​នឹង​មិន​ជួយ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​សូម​ស្នើ​មេភូមិ​ ​ឬ​ចៅសង្កាត់​ ​បើ​ចែក​អំណោយ​ ​គួរ​ផ្ដល់​ដល់​ជនរងគ្រោះ​ឱ្យ​បាន​ស្មើភាព​គ្នា​ ​ជាពិសេស​អ្នក​ខ្វះខាត​ពិតប្រាកដ​ ​តែ​កុំ​ជួយ​ដោយ​រើសអើង​បក្ស​នយោបាយ​ធ្វើអ្វី​? ​គឺ​មិន​ល្អ​ទេ​ ​ហើយ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ ​ក៏​មិន​គាំទ្រ​បែប​នេះ​ដែរ​»​។​

​កាល​ពីម្សិលមិញ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជា​រដ្ឋបាល​ខណ្ឌ​ទាំង​១​៤​ ​ជាពិសេស​រដ្ឋបាល​ខណ្ឌ​ដង្កោ​ ​ខណ្ឌ​កំ​បូល​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​ខណ្ឌ​ឫស្សីកែវ​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​និង​ខណ្ឌ​ច្បារអំពៅ​ ​ត្រូវ​កំណត់​ទី​ទួល​សុវត្ថិភាព​ ​ដើម្បី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​។​

​ត្រូវ​រៀបចំ​បង្គន់​អនាម័យ​ ​ទឹក​ស្អាត​ ​និង​អគ្គិសនី​ ​ដើម្បី​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្ដោះអាសន្ន​ ​និង​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​នូវ​ទី​ទួល​សុវត្ថិភាព​ ​ដែល​បាន​កំណត់​ ​និង​ត្រូវ​រៀបចំ​កម្លាំង​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​របៀបរៀបរយ​នៅ​ទី​ទួល​សុវត្ថិភាព​។​

​លោក​ក៏បាន​ជំរុញ​រដ្ឋបាល​ខណ្ឌ​ពាក់ព័ន្ធ​ត្រៀម​មធ្យោបាយ​ដឹកជញ្ជូន​ ​រថយន្ត​ ​ស​ម្ភារៈ ​ចប​ ​បង្គី​ ​បាវ​ខ្សាច់​ ​និង​ស្បៀង​ ​ដើម្បី​ជួយសង្គ្រោះ​ ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​ត្រៀម​ធ្វើស្ថិតិ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ​ដើម្បី​ងាយស្រួល​គាំពារ​ផ្នែក​ជីវភាព​ ​និង​ជំនួយ​សង្គម​ផ្សេងៗ​ ​ព្រមទាំង​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ងាយ​រងគ្រោះ​ ​ដើម្បី​ឱ្យ​ត្រៀមលក្ខណៈ​បង្ការ​ ​និង​ការពារ​សុវត្ថិភាព​នៅ​ពេល​មាន​ទឹកជំនន់​កើតឡើង​។​

​លោក​ ឃួ​ង​ ​ស្រេង​ ​បាន​ណែនាំ​រដ្ឋបាល​ខណ្ឌ​កៀរគរ​រក​សប្បុរស​ជន​ ​ដើម្បី​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ ​ស​ម្ភារៈ ​នឹង​គ្រឿងឧបភោគបរិភោគ​ ​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ ​ព្រមទាំង​រៀបចំ​ក្រុម​វេន​យាម​ប្រចាំការ​ ​ដើម្បី​ក្តាប់​ព័ត៌មាន​ ​ត្រៀម​អន្តរាគមន៍​ ​និង​ចាត់វិធានការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​បាន​កើតឡើង​។​

​ចំពោះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ​បញ្ជាការ​ដ្ឋា​នក​ង​រាជ​អាវុធហត្ថ​រាជធានី​ ​និង​បញ្ជាការ​ដ្ឋា​ន​យោធភូមិភាគ​ពិសេស​ ​ត្រូវ​ត្រៀម​កម្លាំង​ ​មធ្យោបាយ​ដឹកជញ្ជូន​ ​រថយន្ត​ ​ទូក​ ​កាណូត​ ​អូប័រ​ ​និង​ស​ម្ភារៈ​ផ្សេងៗ​ ​ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​ក្នុង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ ​បាន​ស្នើ​មន្ទីរ​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ត្រូវ​តាមដាន​ព្យាករណ៍​ឧតុនិយម​ជាប្រចាំ​ ​ដើម្បី​ផ្ដល់​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ ​រដ្ឋបាល​ខណ្ឌ​ ​រដ្ឋបាល​សង្កាត់​ ​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ ​ព្រមទាំង​សម្របសម្រួល​ការងារ​បច្ចេកទេស​ផ្សេងៗ​។​

​មន្ទីរ​សុខាភិបាល​ ​ត្រូវ​ត្រៀម​រៀបចំផែនការ​ការពារ​សុខភាព​ ​និង​រថយន្ត​គិលានសង្គ្រោះ​ ​ឧបករណ៍​ ​ស​ម្ភារៈ​សុខាភិបាល​ ​និង​ថ្នាំសង្កូវ​ផ្សេងៗ​ ​ដើម្បី​ផ្តល់​សេវា​សុខាភិបាល​នៅ​តាម​ទី​ទួល​សុវត្ថិភាព​។​

​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​ត្រូវ​ត្រៀម​គ្រឿងចក្រ​ ​កាណូត​ ​និង​ស​ម្ភារៈ​ផ្សេងៗ​ ​ដើម្បី​ត្រៀម​ចុះ​នៅ​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​ ​និង​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ពាក់ព័ន្ធ​រៀបចំ​បង្គន់​អនាម័យ​ចល័ត​នៅ​ទី​ទួល​មាន​សុវត្ថិភាព​ ​ព្រមទាំង​ត្រៀម​ស្ការ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សាធារណៈ​ឡើងវិញ​។​

​មន្ទីរអប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​មន្ទីរ​ធម្មការ​ ​និង​សាសនា​ ​ត្រូវ​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​ ​និង​វត្តអារាម​ ​ដែល​ស្ថិត​ក្នុង​តំបន់​ងាយ​រងគ្រោះ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​ចំពោះ​មន្ទីរអប់រំ​ ​យុវជន​ ​និង​កីឡា​ ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ ​ដើម្បី​ត្រៀម​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ជា​បណ្ដោះអាសន្ន​ ​សម្រាប់​គ្រឹះស្ថានសិក្សា​ដែល​ត្រូវ​រងគ្រោះ​ដោយ​ទឹកជំនន់​ ​និង​ធ្វើ​ការផ្ទេរ​សិស្ស​ទៅ​រៀន​នៅ​គ្រឹះស្ថានសិក្សា​ផ្សេង​ជា​បណ្តោះអាសន្ន​។​

​រដ្ឋបាល​រាជធានី​ ​អំពាវនាវ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​ ​និង​ដងស្ទឹង​ព្រែកត្នោត​ ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​តាមដាន​ព័ត៌មាន​ជាប្រចាំ​អំពី​ក​ម្ពស់​ទឹក​ ​និង​ត្រូវ​ត្រៀមលក្ខណៈ​ទុកជាមុន​ដូចជា​ ​ទ្រព្យសម្បត្តិ​ ​ស​ម្ភារៈ​ចាំបាច់​ ​និង​សត្វពាហនៈ​ឱ្យ​បាន​រៀបរយ​ ​ដើម្បី​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព៕

Related Posts

Previous Article

​ក្រសួងសុខាភិបាល​ចាត់វិធានការ​ទប់​ស្កាត់​បន្ទាប់ពី​បុរស​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ស្វាយរៀង​

Next Article

​មន្ត្រី​រំពឹង​ថា តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​ភាគ​ឦ​សាន​​នឹង​​ទទួល​បានទេ​ស​ចរ​ច្រើន​ក្នុង​ពេល​បិណ្ឌ​ភ្ជុំ​