​ក្រសួង​មុខងារ​សាធារណៈ​ចេញ​គោលការណ៍​ទប់​ស្កាត់​ការផ្លាស់ប្ដូរ​មន្ត្រី​ស៊ីវិល​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​

​ត​ន​ ​វិបុល​ / Khmer Times Share:
ការ​ប្រកួត​ប្រជែងជ្រើសរើសមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៣។ ​ ​ រូបភាព៖ ក្រសួងការងារ

 

​ក្រសួង​មុខងារ​សាធារណៈ​​បាន​ចេញ​គោល​ការណ៍​ស្ដីពី​ការពិនិត្យ​សំណើ​សុំ​ផ្ទេរ​និង​ផ្លាស់ប្ដូរ​កន្លែង​ការងារ​របស់​មន្ត្រី​រាជការ​ស៊ីវិល​របស់​​​ក្រសួង​ ​ស្ថាប័ន​ ​និង​រដ្ឋបាល​ ​ថ្នាក់​ក្រោម​ជាតិ​ ​ដើម្បី​ទប់​ស្កាត់​មន្ត្រី​រាជការ​ស៊ីវិល​ផ្ទេរ​និង​ផ្លាស់ប្ដូរ​ស្ថាប័ន​ការងារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​លោក​ ជុ​ន​ ​ម​ន្នី ​អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​ ​បាន​ប្រាប់​ពីម្សិលមិញ​ថា​៖​ ​«​ការ​ផ្អាក​ការ​ផ្ទេរ​នេះ​ ​គឺ​មានន័យ​ថា​ ​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មន្ត្រី​រត់​ចុះ​រត់ឡើង​នៅ​ក្នុង​ស្ថានភាព​ដែល​កំពុង​រៀបចំ​នៅ​តាម​ក្រសួង​ស្ថាប័ន។​ ​ការ​ផ្អាក​នេះ​មិនមែន​ផ្អាក​រហូត​ទេ​ ​គឺ​ផ្អាក​ត្រឹមតែ​មួយ​រយៈកាល​ ​ហើយនឹង​មាន​គោលការណ៍​បើក​ឡើង​វិញ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ការ​ផ្អាក​នេះ​ ​ដើម្បី​រក្សា​ស្ថេរ​ភាព​ ​ដើម្បី​ចៀសវាង​ [​មន្ត្រី​រាជការ​ស៊ីវិល​] ​ផ្ទេរ​ចុះ​ផ្ទេរ​ឡើង​ច្រើន​ពេក​។​ ​ឧបមា​ថា​ ​ខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​ម្នាក់​ត្រូវ​បាន​ផ្ទេរ​ទៅ​កន្លែង​ថ្មី​ ​ហើយ​មាន​ជំនួយ​ការផ្ទេរ​ទៅ​តាម​ ​ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់​ក៏​គេ​អនុញ្ញាត​ដែរ​»​។​

​លោក​បាន​បញ្ជាក់​ថា​ ​ក្នុង​ដំណាក់​ការ​នេះ​ ​រដ្ឋ​មិន​អនុញ្ញាត​មន្ត្រី​រាជការ​ស៊ីវិល​ផ្ទេរ​និង​ផ្លាស់ប្ដូរ​កន្លែង​ការងារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​បាន​ឡើយ​។​ ​ឧទាហរណ៍​ថា​ ​ប្រសិនបើ​មន្ត្រី​រាជការ​ស៊ីវិល​ម្នាក់​បម្រើ​ការងារ​នៅ​ក្រសួង​អប់រំ​ ​គឺ​មិន​
អនុ​ញ្ញាត្តឱ្យ​ផ្ទេរ​ទៅ​ក្រសួង​មហាផ្ទៃ​បាន​ឡើយ​ ​ប៉ុន្តែ​ប្រសិន​បើ​មន្ត្រី​រាជការ​ម្នាក់​នោះ​ស្នើ​ទៅ​តាម​ខេត្ត​ត្រូវ​បាន​អនុញ្ញាត​។​

​ក្រសួង​មុខងារ​សាធារណៈ​បាន​ធ្វើ​លិខិត​ចុះ​ថ្ងៃ​ទី​២​៩​ ​ខែកញ្ញា​ ​ស្ដីពី​ការ​គ្រប់គ្រង​ការផ្ទេរ​និង​ផ្លាស់ប្ដូរ​ការងារ​របស់​មន្ត្រី​រាជការ​ស៊ីវិល​ ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ណែនាំ​ឱ្យ​ផ្អាក​ផ្ទេរ​និង​ផ្លាស់ប្ដូរ​មន្ត្រី​រាជការ​សង្គម​ស៊ីវិល​កាលពី​ថ្ងៃ​ទី​១​១​ ​ខែកញ្ញា​។​

​លិខិត​នេះ​បាន​ផ្ញើ​ជូន​ចំពោះ​ក្រសួង​ ​ស្ថាប័ន​ ​និង​អង្គភាព​គ្រប់​លំដាប់​ថ្នាក់​ ​ដោយ​បញ្ជាក់​ថា​ ​ផ្អែកលើ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​បំ​ពេញ​ការ​ងារ​របស់​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​មាន​ស្ថិរភាព​និង​ប្រសិទ្ធ​ភាព​ក្រសួង​មុខងារ​សាធារណៈ​ក្រសួង​មុខងារ​សាធារណៈ​នឹង​បន្ត​ពិនិត្យ​និង​ផ្តល់​ទិដ្ឋាការ​ចំពោះ​សំណើ​ដែល​មានការ​ឯកភាព​រួចហើយ​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​ក្នុង​អាណត្តិ​មុន​តាម​អនុលោម​បែបបទ​និង​នីតិវិធី​ជាធរមាន​។​

​លោក​​​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​ម៉ា​នី​ ​បាន​និយាយ​ក្នុង​លិខិត​ថា​៖​ ​«​ចំពោះ​សំណើ​ដែល​បាន​ទទួល​ឯកភាព​ពី​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ស្ថាប័ន​នៅ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​ ​នឹង​ត្រូវ​អនុវត្ត​ផ្អែកលើ​គោលការណ៍​សម្រេច​ផ្អាក​ជា​ទូទៅ​របស់​រដ្ឋាភិបាល​រហូត​ដល់​មាន​ការ​ណែនាំ​ជាថ្មី​ ​ឬ​ការ​សម្រេច​ដោយឡែក​របស់​រាជរដ្ឋាភិបាល​»​។​

​លោកបាន​​បន្ត​ថា​ ​ក្រសួង​មុខងារ​សាធារណៈ​នឹង​ពិនិត្យ​និង​ផ្តល់​ទិដ្ឋាការ​ចំពោះ​សំណើ​ផ្ទេរ​និង​ផ្លាស់ប្ដូរ​ការងារ​ក្នុង​ករណី​មន្ត្រី​រាជការ​កំពុង​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័ន​មួយ​ ​ហើយ​បាន​ប្រឡងជាប់​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ស្ថាប័ន​មួយផ្សេងទៀត​ ​ដែល​ត្រូវ​ផ្ទេរ​ក្របខ័ណ្ឌ​ទៅ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ស្ថាប័ន​ដែល​សាមី​ម​ន្តី្រ​បាន​ប្រឡងជាប់​។​

​លោក​បន្ថែម​ថា​ ​សម្រាប់​មន្ត្រី​រាជការ​ដែល​ត្រូវ​បាន​តែងតាំង​ក្នុង​មុខតំណែង​នយោបាយ​ ​ដូចជា​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​និង​មន្ត្រី​ខុទ្ទកាល័យ​របស់​ថ្នាក់​ដឹកនាំ​
ក​ម្រិ​ត​នយោបាយ​និង​ក្នុង​មុខតំណែង​មុខងារ​សាធារណៈ​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ ​អភិបាល​រង​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ឬ​មុខតំណែង​ប្រហាក់ប្រហែល​ផ្សេងទៀត​ ​ដែល​ត្រូវ​ផ្ទេរ​ក្របខណ្ឌ​និង​កា​របើក​បៀវត្ស​នៅ​ក្រសួង​ ​ស្ថាប័ន​ ​និង​អង្គភាព​ថ្មី​។​

​លោក​បាន​បញ្ជាក់​ថា​ ​ការផ្ទេរ​និង​ផ្លាស់ប្ដូរ​កន្លែង​ការងារ​ក្នុង​ក្រសួង​ស្ថាប័ន​តែមួយ​ ​ដែល​ជួយ​ដល់​ការ​ពង្រាយ​មន្ត្រី​ទៅ​តំបន់​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​មន្ត្រី​ (​តំបន់​ក្រៅ​ទីប្រជុំជន​) ​ត្រូវ​បាន​អនុ​ញ្ញត្ត​ក្នុង​រូបភាព​ ​ដូចជា​ការផ្ទេរ​ឆ្លង​អង្គភាព​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ​ ​ការផ្ទេរ​ពី​រាជធានី​ទៅ​ខណ្ឌ​និង​ទៅ​ខេត្ត​ ​ការផ្ទេរ​រវាង​ខេត្ត​និង​ខេត្ត​ (​មិន​អនុញ្ញាត​ការផ្ទេរ​ចូល​រាជធានី​ភ្នំពេញ​) ​និង​ការផ្ទេរ​ពី​ខេត្ត​ទៅ​ក្រុង​និង​ស្រុក​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​ (​A​P​I​) ​យល់​ឃើញ​ថា​ ​គោលការណ៍​របស់​​​ក្រសួង​មុខងារ​សាធារណៈ​ ​ព្រោះ​ជា​គោលការណ៍​អភិបាល​
កិច្ច​ល្អ​ ​ដើម្បី​រក្សា​មន្ត្រី​រាជការ​សង្គម​ស៊ី​វិ​ស​បំ​ពេញ​ការ​ងារ​តាម​ឋានៈ​ ​តួនាទី​ ​ជំនាញ​បច្ចេកទេស​ ​និង​ការទទួលខុសត្រូវ​នៅ​ក្នុង​ស្ថាប័ន​កំពុង​បំ​ពេញការ​ងារ​។​

​លោក​បន្ត​ថា​ ​មន្ត្រី​រាជការ​ស៊ីវិល​មាន​ក្របខណ្ឌ​ ​ទោះបីជា​នៅ​ក្នុង​ស្ថាប័ន​នោះ​មាន​មេដឹកនាំ​ថ្មី​មក​គ្រប់គ្រង​ក៏ដោយ​ ​ក៏​ត្រូវ​នៅ​បន្ត​ធ្វើការងារ​ជាមួយនឹង​មេដឹកនាំ​ថ្មី​នៃ​ស្ថាប័ន​ដែល​ខ្លួន​កំពុង​បំ​ពេញការ​ងារ​នោះ​ដែរ​។​ ​មិនមែន​ថ្នាក់​ដឹកនាំ​ចាស់​ផ្ទេរ​ឬ​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ថ្មី​ ​មន្ត្រី​រាជការ​ស៊ីវិល​មិន​អាច​ផ្ទេរ​ការងារ​ទៅតាម​នោះ​ទេ​។​

​លោក​បាន​បន្ថែម​​ថា​៖​ ​«​ថ្នាក់​ដឹកនាំ​ចាស់​ដែល​ផ្ទេរ​ទៅ​ក្រសួង​ស្ថាប័ន​ថ្មី​ ​ហើយ​យក​មន្ត្រី​រាជការ​ស៊ីវិល​ដែល​មាន​តួនាទី​ជា​ជំនួយ​ការ​ទៅ​ជាមួយ​ ​គឺ​អាច​ថ្នាក់​ដឹកនាំ​ចាស់​នោះ​ជឿជាក់​ ​ទុកចិត្ត​ ​ឬ​អាច​ជា​សាច់ញាតិ​របស់​គាត់​ដែល​បាន​ដឹងរឿង​ល្អ​និង​រឿង​មិនដែល​អាច​ជួយ​លាក់បាំង​បាន​»​៕​

Related Posts

Previous Article

ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

Next Article

​អាជ្ញាធរ​មីន​ណែនាំ​ពី​ការ​ទប់​ស្កាត់​គ្រោះថ្នាក់​ដោយ​យុទ្ធ​ភណ្ឌ​គ្រឿងផ្ទុះ​ក្នុង​ពេល​ឬ​ក្រោយ​ទឹកជំនន់​