​រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ស្នើ​អ្នក​កំពុង​បន្សាប​គ្រឿងញៀន​បំភ្លេច​រឿង​ចាស់​និងកសាង​ជីវិត​ថ្មី​

​ត​ន​ ​វិបុល​ / Khmer Times Share:
រដ្ឋមន្រ្តីថ្មីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព​របស់មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទានៅ ខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ។ រូបភាព៖ ក្រសួងសង្គមកិច្ច

 

​រដ្ឋ​ម​ន្រ្តី​ថ្មី​នៃ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​លោក​ ​ជា​ សុ​មេធី​ ​បាន​ស្នើ​ជនរងគ្រោះ​ដែល​ទទួល​សេវា​បន្សាប​គ្រឿង​ញៀន​ខិតខំ​ហាត់​កីឡា​និង​លុត​ដំ​ខ្លួន​ដោយ​អត់ធ្មត់​ ​ដើម្បី​កសាង​អនាគត​ថ្មី​ ​និង​ប្រាប់​ពួកគេ​ឱ្យ​ជឿជាក់​ថា​ ​សង្គម​មិន​រើសអើង​អ្នក​ដែល​រងគ្រោះ​ឬ​មាន​ប្រវត្តិ​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​ឡើយ​។​

​ការ​ស្នើ​នេះ​ធ្វើឡើង​នៅពេលដែល​លោក​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​វឌ្ឍនភាព​របស់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​និង​ស្ដារ​នីតិសម្បទា​ ​អ្នក​ញៀន​គ្រឿង​ញៀន​ដោយ​ស្ម័គ្រចិត្ត​ ​និង​ផ្អែកលើ​សហគមន៍​ ​ស្ថិត​នៅ​ភូមិ​ឫ​ទ្ធី​២​ ​ឃុំ​កែវ​ផុស​ ​ស្រុក​ស្ទឹង​ហាវ​ ​ខេត្ត​ព្រះ​សី​ហ​នុ ​កាលពី​ថ្ងៃចន្ទ​។​

​លោក​ ​ជា​ សុ​មេធី​ ​សង្ឃឹម​ថា​ ​ជនរងគ្រោះ​ដែល​កំពុង​ទទួល​សេវា​បន្សាប​គ្រឿងញៀន​ទាំង​អស់​នៅ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ ​និង​ស្ដារ​នីតិសម្បទា​ ​នឹង​ឆាប់​ជាសះស្បើយ​ ​ហើយ​បាន​ត្រឡប់​ជួបជុំ​គ្រួសារ​។​

​លោក​បាន​ស្នើ​ពួកគេ​បំភ្លេច​រឿង​ចាស់​ ​ហើយ​ខិតខំ​កសាង​អនាគត​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ ​ជា​ធនធាន​របស់​ប្រទេស​ជាតិ​។​

​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​និង​ស្ដារ​នីតិសម្បទា​ ​អ្នក​ញៀន​គ្រឿង​ញៀន​ដោយ​ស្ម័គ្រ​ចិត្ត​ ​និង​ផ្អែកលើ​សហគមន៍​ ​មាន​សមត្ថភាព​ទទួល​ជនរងគ្រោះ​បាន​ចំនួន​ ​២០០០​នាក់​។​ ​មជ្ឈមណ្ឌល​នេះ​មាន​តួនាទី​បន្សាប​ ​ព្យាបាល​ ​អប់រំ​ ​ស្តារ​នីតិសម្បទា​ ​បណ្ដុះ​បណ្តាល​វិជ្ជាជីវៈ​ ​និង​ធ្វើ​សមាហរណ​កម្ម​អ្នក​ជាសះស្បើយ​ពី​គ្រឿងញៀន​ចូលក្នុង​សហគមន៍​និង​ក្រុម​គ្រួសារ​វិញ​។​

​លោក​ ​កែវ​ ​វាសនា​ ​ប្រធាន​គ្រប់គ្រង​ ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​និង​ស្ដារ​នីតិសម្បទា​ ​អ្នក​ញៀន​គ្រឿងញៀន​ដោយ​ស្ម័គ​្រចិត្ត​ ​និង​ផ្អែកលើ​សហគមន៍​ ​បាន​លើកឡើង​ថា​ ​ជនរងគ្រោះ​ដោយ​គ្រឿង​ញៀន​ប្រមាណ​ ​
៥​០​០​នាក់​ ​បាន​ទទួល​សេវា​សេវា​បន្សាប​គ្រឿង​ញៀន​នៅ​មជ្ឈមណ្ឌល​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​ ​ពួកគេ​ភាគច្រើន​ត្រូវ​បាន​បញ្ជូន​ពី​បណ្ដា​ខេត្ត​នានា​មកកាន់​ទីនេះ​ ​ដើម្បី​ទទួល​សេវា​សេវា​បន្សាប​ជា​មួយ​នឹង​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ពួក​គេ​ ​ដែល​ពួកគេ​អាច​​​យក​ទៅ​ប្រកប​អាជីព​ចិញ្ចឹម​ជី​វ​ត​បាន​នៅពេលដែល​ពួក​គេ​ជាសះស្បើយ​។​

​លោក​​ថា​៖​ ​«​នៅ​ទីនេះ​មិន​ត្រឹមតែ​ផ្ដល់​សេវា​បន្សាប​គ្រឿង​ញៀន​ប​ណ្ណោះ​ទេ​ ​តែ​ថែម​ទាំង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ពួកគេ​ថែមទៀត​។​ ​នៅ​ពេល​ពួក​គេ​ព្យាបាល​ជាសះស្បើយ​ហើយ​នោះ​ ​យើង​អនុញ្ញាត​ពួកគេ​ត្រឡប់ទៅ​គ្រួសារ​ពួក​គេ​វិញ​ ​ចំណែក​អ្នក​កំព្រា​គ្មាន​ឪពុក​ម្ដាយ​ ​ក៏​យើង​អនុញ្ញាត​ពួក​គេ​ត្រឡប់​ទៅ​សហគមន៍​ដើម​របស់​ពួកគេ​វិញ​ដែរ​»​។​

​លោក​បន្ត​ថា​៖​ ​«​នៅ​ពេល​ពួកគេ​ត្រឡប់​ចូល​សហគមន៍​វិញ​ ​ហើយ​បណ្ដោយ​ខ្លួន​ធ្លាក់​ចូល​ការ​សេព​គ្រឿងញៀន​តាម​ការ​អូសទាញ​ដោយ​មិត្តភក្តិ​ ​គឺជា​បញ្ហា​មួយ​ដែល​ពិបាក​សម្រាប់​ពួក​គេ​»​។​

​លោក​បាន​បន្ថែម​ថា​ ​ដោយសារ​តែ​បារម្ភ​ចំពោះ​បញ្ហា​នេះ​ទើប​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​បំភ្លេច​រឿង​ចាស់​ចោល​ ​ហើយ​ខិតខំ​កសាង​អនាគត​ ​និង​ជឿជាក់​ថា​ ​សង្គម​មិន​រើស​អើង​ពួក​គេ​ឡើយ​។​

​របាយការណ៍​របស់​​​ក្រសួងសង្គមកិច្ច​ ​បាន​បង្ហាញ​ថា​ ​បច្ចុប្បន្ន​កម្ពុជា​មាន​មណ្ឌល​ព្យាបាល​ជាតិ​បន្សាប​និង​ស្តារ​នីតិសម្បទា​ ​ចំនួន​ប្រាំបួន​កន្លែងនៅ​ទូទាំង​ប្រទេស​។​ ​គិត​ចាប់​ពី​ឆ្នាំ​២​០​១​៩​ ​ដល់​ឆ្នាំ​២​០​២​៣​ ​មណ្ឌល​ព្យាបាល​ជាតិ​បន្សាប​និង​ស្តារ​នីតិសម្បទា​ ​ទាំង​នេះ​ទទួល​ជនរងគ្រោះ​ដោយ​ការប្រើប្រាស់​គ្រឿង​ញៀន​ចំនួន​ ​៤​៧​ ​៩​០​៤​នាក់​ ​និង​ធ្វើ​សមាហរណ​កម្ម​អ្នក​ជាសះ​ស្បើយ​ពី​គ្រឿង​ញៀន​ចូល​ក្នុង​សហគមន៍​និង​ក្រុម​គ្រួសារ​វិញ​មាន​ចំនួន​ ​៣​១​ ​៨​៩​១​នាក់​៕​

Related Posts

Previous Article

​យុទ្ធនាការ​ ​មិន​ប្រើប្រាស់​ប្លាស្ទិក​ ​បាន​ពង្រីក​ទៅ​កាន់​រោងចក្រ​ ​និង​សាលារៀន​ជាង​ ​១​ ​០​០​០​ ​នៅ​កម្ពុជា​

Next Article

​ជប៉ុន​ផ្ដល់​ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​ឌី​ជី​ថល​ភា​វូ​នី​យ​កម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​