រួមជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាកន្លែងសម្រាប់ការវិនិយោគឆ្លងដែន

Khmer Times Share:
កម្មករ​ធ្វើ​ដំណើរ​ទៅ​និង​មក​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដោយ​ជិះ​ម៉ូតូ។ China Daily/Lin Shujuan

បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ  Yue Xiduo កើតក្នុងឆ្នាំ១៩៩០ បានចូលបម្រើការងារនៅក្រុមហ៊ុនសំបកកង់មួយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ គាត់ជ្រើសរើសធ្វើការនៅទីនេះ ដោយសារតែតំបន់សេដ្ឋកិច្ចពិសេស គឺជាគម្រោងដ៏សំខាន់សម្រាប់បណ្តាប្រទេសដែលចូលរួមជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ហើយគាត់សប្បាយចិត្តដែលបានធ្វើការនៅទីនេះ។

ទីក្រុង Wuxi ក្នុងខេត្ត Jiangsu របស់ប្រទេសចិន និងខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា បានប្តេជ្ញាជាយូរមកហើយក្នុងការសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយព្យាយាមប្រែក្លាយទីនេះទៅកន្លែងវិនិយោគឆ្លងដែនសម្រាប់សហគ្រាសមកពីជុំវិញពិភពលោក។ ក្រុមហ៊ុន​ចិន​ជាច្រើន​បាន​បោះទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​​ផ្តល់​ការងារ​បាន​ជិត​៣​ម៉ឺន​កន្លែង។ មានជនជាតិចិនជាង ១ .០០០ នាក់កំពុងធ្វើការនៅទីនេះ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានក្រុមហ៊ុនជាច្រើនបានមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ  ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (BRI)។ គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន​និង​ប្រទេស​ដែលបានចូលរួមជាមួយគម្រោងនេះ។ អ្នកជំនាញវ័យក្មេងជនជាតិចិនដូចជា Yue Xiduo កំពុងចាប់យកឱកាសនេះ ដើម្បីរួមចំណែកដល់ភាពជោគជ័យរបស់ខ្លួន។

Yue Xiduo ដែលជានិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យបានសម្រេចចិត្តធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយសារតែសារៈសំខាន់របស់វានៅក្នុងគម្រោង BRI ។ ដោយបម្រើការងារនៅក្រុមហ៊ុនសំបកកង់  Yue គឺបានចូលរួមជាមួយឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ រោងចក្រនេះមានសមត្ថភាពផលិតសំបកកង់រថយន្តចំនួន៥ លានសំបក និងសំបកកង់រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរចំនួន ៩០០.០០០ សំបក។ ការកើនឡើងនៃសង្វាក់ផលិតកម្មត្រូវបានព្យាករណ៍ថានឹងជំរុញការលក់របស់ក្រុមហ៊ុនប្រមាណជា៣៥០លានដុល្លារ និងបង្កើតឱកាសការងារក្នុងស្រុកចំនួន ១.៦០០ កន្លែង ដោយប្រើប្រាស់កៅស៊ូធម្មជាតិប្រហែល ៣០.០០០ តោន។

Yue ទទួល​ស្គាល់​ការ​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា​នៅ​ក្នុង​រោង​ចក្រ​ដែល​ជួយ​សម្រួល​ដល់​ការងារ​របស់​គាត់។ ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីកែប្រែខ្លួនអោយកាន់តែខ្លាំង គាត់ប្រាថ្នាចង់ក្លាយជាអ្នកបច្ចេកទេសដ៏ជំនាញ ដោយបន្តស្រាវជ្រាវបច្ចេកវិទ្យាពាក់ព័ន្ធ។

អ្នកជំនាញវ័យក្មេងដូចជា Tian Haiyun ក៏ចង់បានការងារដែលស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវផងដែរ។ Tian ជានិស្សិតទើបតែបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនាពេលថ្មីៗនេះ ដែលស្ទាត់ជំនាញភាសាខ្មែរ ធ្វើការជាអ្នកបកប្រែក្នុងប្រទេសកម្ពុជា ដោយទទួលបានប្រាក់ចំណូលប្រចាំខែជាង ១.៣៩៣ ដុល្លារ។ ដោយមានការលើកទឹកចិត្តពីបងស្រីរបស់នាង ដែលរៀនជំនាញភាសាភូមា Tian បានកំណត់គោលដៅរបស់នាងក្នុងការបន្តក្តីសុបិនធ្វើការជាមួយគម្រោងនានារបស់ BRI ។

កំណើននៃការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបាននាំឱ្យមានការកើនឡើងនូវតម្រូវការសម្រាប់បុគ្គលិកដែលមានជំនាញភាសាចិន។ ខណៈដែលក្រុមហ៊ុនចិនមកបោះទីតាំងនៅក្នុងប្រទេសកម្ពុជា និងបង្កើតឱកាសការងារសម្រាប់សហគមន៍មូលដ្ឋាន ភាសាចិនកាន់តែមានសារៈសំខាន់នៅក្នុងប្រទេសនេះ។ ការអភិវឌ្ឍន៍នេះបានជំរុញឱ្យបង្កើតស្ថាប័នអប់រំផ្តោតលើការបង្រៀនភាសាចិន និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ស្ថាប័ន​មួយ​នោះ​គឺ​វិទ្យាស្ថាន​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី ៤ ឆ្នាំមុន។ វាជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេរបស់ប្រទេសកម្ពុជា ដែលផ្តោតលើកជំនាញភាសាចិន និងសម្របសម្រួលការផ្លាស់ប្តូរវប្បធម៌។ លោក Li Chuanbin ព្រឹទ្ធបុរស​នៃ​វិទ្យាស្ថាន​បាន​កត់​សម្គាល់​ថា ពី​មុន​មក ភាសា​ចម្បង​ដែល​និយាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។ ប៉ុន្តែ ជាមួយនឹងលំហូរនៃការវិនិយោគរបស់ចិន ភាសាចិនកាន់តែមានភាពទាក់ទាញ ហើយឥឡូវនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យផ្សេងៗ។

នៅឆ្នាំ២០២១ វិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មនៅទីក្រុង Wuxi បានបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គំនិតផ្តួចផ្តើមនេះផ្តល់ការបណ្តុះបណ្តាលភាសាចិនដល់កម្មករខ្មែរដែលចាប់អារម្មណ៍រៀនភាសាចិន។ លើសពីនេះ មជ្ឈមណ្ឌលផ្តល់ការណែនាំ និងបច្ចេកទេសដល់បុគ្គលិកចិនដែលធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចសហការរវាងខេត្ត Jiangsu និងខេត្តព្រះសីហនុ តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ បានពង្រឹងទំនាក់ទំនងផ្នែកអប់រំ និងវប្បធម៌បន្ថែមទៀត។

ឥទ្ធិពលវិជ្ជមាននៃការវិនិយោគរបស់ចិន និង BRI អាចត្រូវបានគេមើលឃើញតាមរយៈបទពិសោធន៍របស់និស្សិតដូចជា Anna ជនជាតិខ្មែរដែលកំពុងសិក្សានៅវិទ្យាស្ថានពាណិជ្ជកម្ម និងបច្ចេកវិទ្យាខេត្តព្រះសីហនុ។ Anna ដែលធ្វើការជាអ្នកបកប្រែនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ បានចូលរៀននៅវិទ្យាស្ថាននេះ ដើម្បីបង្កើនជំនាញភាសារបស់នាង និងទទួលបានចំណេះដឹងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។ តាមរយៈកម្មវិធីសិក្សាដ៏ទូលំទូលាយរបស់វិទ្យាស្ថាន ជំនាញភាសាចិនរបស់ Anna បានប្រសើរឡើងយ៉ាងឆាប់រហ័ស ដោយផ្តល់ឱកាសអោយនាងបង្កើនសម្ថភាពបន្ថែមទៀត។

ក្នុងរយៈពេល៤ ឆ្នាំកន្លងមកនេះ វិទ្យាស្ថានពាណិជ្ជកម្ម និងបច្ចេកវិទ្យាក្រុងព្រះសីហនុ បានទទួលសិស្សចូលរៀនចំនួន១១២ នាក់ ដោយជំនាញភាសារបស់ពួកគេមានភាពល្អប្រសើរយ៉ាងខ្លាំង ដែលធ្វើអោយពួកគេរកប្រាក់ចំណូលបានសមរម្យ។

ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​សិក្សា​នៅ​វិទ្យាស្ថាន និស្សិត​ទទួល​បាន​ប្រាក់​ខែ​ជា​មធ្យម ២០០ ដុល្លារ​ក្នុង​មួយ​ខែ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារជំនាញភាសាចិន និងចំណេះដឹងរបស់ពួកគេ ប្រាក់ខែជាមធ្យមប្រចាំខែកើនឡើងទ្វេដងក្នុងឆ្នាំទីពីរ ដោយសិស្ស​ខ្លះ​អាច​រក​ចំណូល​បាន​រហូត​ដល់ ៨០០ ដុល្លារ​ក្នុង​មួយ​ខែ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានក្លាយជាច្រកសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ការអប់រំ និងវប្បធម៌រវាងខេត្ត Jiangsu និងខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចនេះ មិនត្រឹមតែទាក់ទាញការវិនិយោគរបស់ចិនប៉ុណ្ណោះទេ ថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរផងដែរ។ ខណៈដែលអ្នកជំនាញវ័យក្មេងបន្តអភិវឌ្ឍក្នុងការកសាងជំនាញរបស់ពួកគេ ការរួមចំណែករបស់ពួកគេឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍ទៅវិញទៅមកដែលទទួលបានតាមរយៈការខិតខំប្រឹងប្រែងពិសេសនេះ។

លោក Li Chuanbin ព្រឹទ្ធបុរស​​នៃ​វិទ្យាស្ថាន​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ខេត្ត​ព្រះសីហនុ បាន​និយាយថា​៖ «​ដោយ​សារ​តែ​កត្តាទាំង​នេះ ភាសា​ចិន​ត្រូវ​បាន​គេ​ប្រើ​កាន់​តែ​ច្រើន​នៅ​កម្ពុជា៕ People’s Daily

Related Posts

Previous Article

ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា

Next Article

ពាណិជ្ជកម្ម​កម្ពុជា​-​អាស៊ាន​មាន​តម្លៃ​ជាង​៧​ប៊ី​លាន​ដុល្លារ​ក្នុងឆមាសទី១​