កម្ពុជា​គាំទ្រ​សំណើ​របស់​ទីម័រ​ខាងកើត​ជុំវិញ​ការ​ចូល​ជា​សមាជិកអាស៊ាន​ពេញ​សិទ្ធិ​​ក្នុង​ឆ្នាំ​២០២៥

Khmer Times Share:
លោក José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រខាងកើត ជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ SPM

ប្រទេសទីម័រខាងកើតបានស្វែងរកការគាំទ្រពីកម្ពុជាសម្រាប់ឆ្នាំ២០២៥ ជាឆ្នាំដែលប្រទេសនេះក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ ហើយកម្ពុជាបានឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ។

ការគាំទ្ររបស់កម្ពុជាត្រូវបានលើកឡើងដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយលោក José Ramos-Horta ប្រធានាធិបតីនៃប្រទេសតេយ្យទីម័រខាងកើត នៅទីក្រុងញូវយ៉ក នារសៀលថ្ងៃទី២២ ខែកញ្ញា (ម៉ោងនៅទីក្រុងញូវយ៉ក) ឬនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា (ម៉ោងនៅភ្នំពេញ) នៅអំឡុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា កម្ពុជានឹងបន្តគាំទ្រទីម័រខាងកើត ជាពិសេសក្នុងការរៀបចំចូលជាសមាជិកពេញលេញរបស់អាស៊ានក្នុងពេលឆាប់ៗនេះ។

នាយករដ្ឋមន្ត្រីកម្ពុជាក៏បានសង្កត់ធ្ងន់ថា អាស៊ានគួរតែពង្រីកសមាជិកភាពរបស់ខ្លួន ដើម្បីរួមចំណែកធ្វើអោយតំបន់កាន់តែរឹងមាំ និងមានភាពធន់ជាងមុន។

ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំទាំងពីរបានពិភាក្សាបន្ថែមទៀតអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រខាងកើត លើវិស័យសក្តានុពលមួយចំនួនដូចជា ទេសចរណ៍ កសិកម្ម និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ចំណែកលោកប្រធានាធិបតីទីម័របានស្នើកម្ពុជាពិចារណាពីលទ្ធភាពនៃការវិនិយោគរួមគ្នា និងធុរកិច្ចក្នុងវិស័យអាកាសចរណ៍ និងការបង្កើតជើងហោះហើរត្រង់ ដែលនឹងបង្កើនភាពស្និទ្ធស្នាលរវាងប្រជាជន និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរបន្ថែមទៀត។ C. Nika – AKP

Related Posts

Previous Article

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្ពុជាកំណត់គោលដៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០

Next Article

មជ្ឈមណ្ឌលអាកាសចរណ៍ស៊ីវិលចិន-អាស៊ានត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ