ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង និង​រដ្ឋមន្ត្រី​ការបរទេសេចិន បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ

Khmer Times Share:
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​ចាត់តាំង ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក Wang Yi ក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា។ EPA-EFE

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយក្នុងឱកាសនោះលោកក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង និង​លោកWang Yi បាន​សន្យា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​កម្ពុជា ក្នុង​អំឡុង​ពេល​ជំនួប​នៅ​ទីក្រុង​ភ្នំពេញ។

លោក Wang Yi បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែសីហាដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបន្ទាប់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រី។ ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់​លោក Wang Yi នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​រួមមាន​ប្រទេស​សិង្ហបុរីនិង​ម៉ាឡេស៊ី​ផង​ដែរ។ ដំណើរ​ទស្សនកិច្ច​នេះត្រូវបានរៀបចំឡើង​បន្ទាប់​ពីមាន​ភាព​តានតឹង​រវាង​ចិន និង​ហ្វីលីពីន​ជុំវិញបញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Wang Yi ក៏បាន​ចូលជួបសម្តែងការគួរសម​ជាមួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រម​ទាំងជួបពិភាក្សារកាងារជាមួយ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង​មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត។ ខណៈដែលព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គណៈរដ្ឋមន្រ្តីថ្មីរបស់លោក​ត្រូវ​សុំ​សេចក្តី​អនុម័ត​ទុក​ចិត្ត​ពី​រដ្ឋ​សភាជាមុនសិនដែលគ្រោងនឹងធ្វើ​ក្នុងពេលឆាប់ៗនេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញ Telegram របស់លោកថា លោក និងលោក Wang Yi បានសន្យាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ឡើងវិញជាថ្មីនូវការគាំទ្រឥតងាករេរបស់រដ្ឋាភិបាលកម្ពុជាចំពោះគោលនយោបាយ “ចិនតែមួយ” និងធានាថាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិនក្នុងខែកញ្ញា និង​ខែតុលា ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

នៅក្នុង​ជំនួប​នោះ លោក Wang Yi ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ចិន​ក្នុង​ការ​គោរព​អធិបតេយ្យភាព​កម្ពុជា និង​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​នេះត្រូវបាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​តានតឹង​ជាថ្មី​រវាង​ចិន និង​ហ្វីលីពីន​ជុំវិញ​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង។ ការចូលចតរបស់កងទ័ពជើងទឹកហ្វីលីពីនក្នុងប្រជុំកោះស្ព្រាតលី (Spratly Islands) ដែលចិនបានលើកឡើងថា បានធ្វើឱ្យស្ថានការណ៍កាន់តែមានភាពតឹងតែង។ ចិនបានទាមទារឱ្យដកនាវាចេញពីដែនទឹកដែលមានជម្លោះ ខណៈដែលហ្វីលីពីនបានចោទប្រកាន់ឆ្មាំសមុទ្រចិនថាបានបាញ់កាំភ្លើងទឹកលើនាវារបស់ខ្លួនក្នុងអំឡុងពេលបំពេញបេសកកម្ម។

កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីនបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយប្រទេសចិន ជុំវិញការអនុវត្តក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។ ចិន​បានលើកឡើងថា​តំបន់​ស្ទើរតែ​ទាំងមូលនៅទីនោះ​ជា​របស់ខ្លួន ដែល​នាំឱ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​ប្រទេស​ជិតខាង។

ក្រោម​ការ​ដឹក​នាំ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កម្ពុជា​និងចិនគឺមានទំនាក់ទំនងល្អបំផុត ដោយកម្ពុជាបាន​ទទួល​ការ​វិនិយោគ​ពី​ចិន​យ៉ាង​ច្រើន​។ នៅក្នុងការបោះឆ្នោតសកលកាលពីខែកក្កដា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈស្ទើទាំងអស់នៅក្នុងរដ្ឋសភា។

ក្រោយ​ឈ្នះ​ភ្លូកទឹកភ្លូកដី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ប្រគល់​អំណាច​ទៅ​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ បន្ថែមពីនេះ លោកបានបញ្ជាក់ថាលោកនឹងក្លាយជាប្រធានព្រឹទ្ធសភានៅដើមឆ្នាំក្រោយ ហើយបន្តកាន់តំណែងផ្សេងៗរហូតដល់ឆ្នាំ២០៣៣៕

Related Posts

Previous Article

អ្នកទេសចរដែលត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសថៃ និងអង្គការ GASO បានក្រើនរំលឹកដល់អ្នកធ្វើដំណើរឱ្យប្រុងប្រយ័ត្ន

Next Article

​រដ្ឋាភិបាល​ចេញអនុក្រឹត្យ​កែ​ប្រែតំបន់​ការពារ​ប្រាសាទ​ព្រះវិហារ​ ​ទៅជា​«តំបន់​ការពារ​ប្រាសាទ​ព្រះវិហារ​-​ភ្នំដងរែក​»