យោធា​កម្ពុជា-កងទ័ព​ចិន បិទ​សមយុទ្ធ​វិស័យ​សុខា​ភិបាល​លើ​ប្រតិបត្តិ​ការសង្គ្រោះ​គ្រោះ​មហន្តរាយ

ហង្ស ពណ្ណរាយ / Khmer Times Share:
សកម្មភាពរៀបចំបិទសមយុទ្ធសុខាភិបាលកាលពីម្សិលមិញ។ រូបភាព៖ ក្រសួងការពារជាតិ

 

កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន បាន​បិទ​សមយុទ្ធ​រួមគ្នា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព និង​កងទ័ព​លើ​វិស័យ​សុខាភិបាល និង​សម្រាប់​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ទាំង​ក្នុង​តំបន់ និង​សកលលោក។

ការបិទ​សមយុទ្ធ​រួមគ្នា​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​នេះ ធ្វើឡើង​រវាង​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាង ស៊ូ​ឈាន (WANG SHUQIAN) ប្រធាន​នាយកដ្ឋាន​សុខា​ភិបាល និង​ជា​គណៈកម្មាធិការ​យោធា​ម​ជ្ឈឹ​ម នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ព​ជើង​គោក​កម្ពុ​ជា កាលពី​ម្សិល​មិញ។

សមយុទ្ធ​រួមគ្នា​លើកដំបូង​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​នេះ មាន​ឈ្មោះថា «ទេវតា​សន្តិភាព-ឆ្នាំ២០២៣» ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​ស្ដីពី ប្រតិបត្តិ​ការសង្គ្រោះ​សុខា​ភិបាល​មនុស្សធម៌​អន្តរជាតិ រួមគ្នា​នៅ​តំបន់​គ្រោះ​មហន្តរាយ ខ្យល់ព្យុះ និង​ទឹកជំនន់។

នាយ​ឧត្ដមសេនីយ៍ ទៀ សីហា បាន​ថ្លែងថា កងយោធពល​ខេមរភូមិន្ទ មាន​មោទនភាព​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា និង​ចិន ជា​លើក​ទី១ បានធ្វើឱ្យ​កងទ័ព​ប្រទេស​ទាំង​ពីរ​ទទួល​បានកា​រ​ផ្លាស់ប្តូរ​ចំណេះ​ដឹង ជំនាញ និង​បទពិសោធថ្មីៗ ជាពិសេស​បង្កើន​កិច្ចសហការ​ប្រតិបត្តិកា​រ​កាន់តែ​ជិតស្និទ្ធ ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​សកលលោក។

លោក​បន្ថែមថា សមយុទ្ធ​សុខាភិបាល ដែល​ទទួលបាន​ជោគជ័យ​នេះ បាន​ផ្ដើមចេញពី​ទំនាក់​ទំនងជា​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​ចិន ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

លោក​បញ្ជាក់ថា សម្រាប់​កិច្ចសហប្រតិ​បត្តិការ​នេះ ដើម្បី​បម្រើឱ្យ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ការទូត​យោធា ក៏ដូចជា​អនុវត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល និង​កងទ័ព ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​នាពេល​កន្លងមក។

ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាង ស៊ូ​ឈាន បាន​ថ្លែង​ថា សមយុទ្ធ​សុខាភិបាល​នេះ បាន​អនុវត្ត​ការងារ​រួមគ្នា​លើ​វិស័យ​វេជ្ជសាស្ត្រ​សុខាភិបាល និង​ការសង្គ្រោះ ដែល​ចូលរួម​ពី​សំណាក់​កងទ័ព​ជើង​អាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន។

លោកថា ការធ្វើ​សមយុទ្ធ​រវាង​យោធា​ប្រទេស​ទាំង​ពីរ​នេះ នឹង​ក្លាយ​ជា​គំរូ​សម្រាប់​ទំនាក់​ទំនង​អន្តរជាតិ​ជាថ្មី​ក្នុង​ប្រវត្តិ​សាស្ត្រ។

ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សូលី​ម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន នៃ​ក្រសួងការពារជាតិ ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ កាលពី​ម្សិលមិញ​ថា កងយោធពល​ខេមរភូមិន្ទ នៅតែ​ចាត់ទុក​ការងារ​ហ្វឹកហ្វឺន គឺជា​កត្តា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស​ទាំង​បច្ចុប្បន្ន និង​អនាគត ដែលជា​ជ្រុង​អាទិភាព​មួយ​ក្នុង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ដំណាក់​កាល​ទី១ របស់​រដ្ឋាភិបាល។

លោក​បន្ថែមថា ផែនការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទ សំដៅ​ធ្វើ​ទំនើបកម្ម និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ ដល់​កងកម្លាំងប្រដាប់​អាវុធ​គ្រប់​ភេទ ដើម្បី​បន្ត​ធានា​កិច្ចការពារ​អធិ​បតេយ្យ​ភាព​ជាតិ បូរណភាព ទឹកដី សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោកបន្ថែម​ថា គ្រប់​កងឯកភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​កងយោធពល​ខេមរភូមិន្ទ បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជា​មួយ​កងទ័ព​ចិន ដើម្បី​ធ្វើ​ឱ្យ​សមយុទ្ធ​ទេវតា​សន្តិភាព នៅ​លើកក្រោយៗ​ទៀត​ក្លាយ​ជា​យន្តការ​ដ៏​សំខាន់​សម្រាប់​ទំនាក់​ទំនង និង​ធ្វើ​ជា​បទពិសោធ​សម្រាប់​អភិវឌ្ឍ​យោធា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

អ្នកនាំពាក្យ​បញ្ជាក់ថា៖ «ឆ្នាំ២០២៣ គឺជា​សមយុទ្ធ​មួយ​ដែល​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន បាន​បន្សល់ទុក​នូវ​និមិត្តសញ្ញា​មួយ​ដ៏​រឹងមាំ​សម្រាប់​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​យោធា នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ»។

គួររម្លឹកថា សមយុទ្ធ​សុខាភិបាល​នេះ ភាគី​ចិន​មាន​ចំនួន​សរុប១២៦នាក់។

ចិន​ដឹក​សម្ភារ​ៈតាម​យន្តហោះ ៤គ្រឿង គឺ Y-19 មួយគ្រឿង និង Y-20 បី​គ្រឿង។ ក្នុងនោះ​ក៏មាន​រថយន្ត​សង្គ្រោះ ៣គ្រឿង រួម​នឹង​សម្ភារ​បរិក្ខារ​សុខាភិបាល និង​សម្ភារ​សង្គ្រោះ​ចំនួន ១ ០០០ឈុត​ជាដើម។

ភាគី​កម្ពុ​ជាមាន​ចំនួន​សរុប ៥៩៥នាក់។

កម្ពុជា​ប្រើ​ឧទ្ធម្ភាគចក្រ​ប្រភេទ Mi-17 ចំនួន ២គ្រឿង ឧទ្ធម្ភាគចក្រ ប្រភេទ Z-9 ចំនួន ២គ្រឿង រថយន្ត​សង្គ្រោះ ៦គ្រឿង ព្រមទាំង​បរិក្ខារ​រ​សុខាភិបាល និង​សង្គ្រោះ​មួយចំនួនទៀត៕

Related Posts

Previous Article

​ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុ១៨ឆ្នាំ​មាន​ជាង​១២​ម៉ឺន​នាក់ និង​ជាង២៨ម៉ឺន​នាក់ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​

Next Article

សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី៤ ស្តីពី​អង្គរ​និង​សំបូរ​ព្រៃ​គុក នឹងធ្វើ​នៅ​ទីស្នាក់ការ​ធំ​នៃ​អង្គការ​យូណេស្កូ