ការសិក្សាស្រាវជ្រាវមួយបានអោយដឹងថា អតិថិជនជាស្ត្រីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានទំនោរសន្សំប្រាក់ច្រើនជាបុរសចំនួន៩ភាគរយ

Rachel David             / Khmer Times Share:

អតិថិជនជាស្ត្រីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) មានទំនោរសន្សំប្រាក់ច្រើនជាងបុរសជាមធ្យមចំនួន ៩ ភាគរយ ដោយយោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ។

នៅក្នុងការសិក្សាស្រាវជ្រាវរបស់សមាគមមីក្រូហិរញ្ញវត្ថុ អំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុដែលមានទៅលើអ្នកខ្ចីដោយ (CMA) និងការវាយតម្លៃរបស់ក្រុមហ៊ុនស្រាវជ្រាវ M-CRIL បានរកឃើញថាស្ត្រីមានទំនោរក្នុងការសន្សំប្រាក់ប្រហែល៧៣ដុល្លារ បើធៀបនឹងបុរសដែលមានត្រឹមតែ៦៧ដុល្លារ។

ប៉ុន្តែក៏មានភាពខុសគ្នានៅក្នុងគំរូនៃការសន្សំផងដែរ។ ខណៈដែលស្ត្រីមានទំនោរក្នុងការសន្សំកាន់តែច្រើននៅតាមផ្ទះ។ ដោយឡែក បុរសចូលចិត្តសន្សំលុយជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ស្ត្រីមានទំនោររក្សាការសន្សំខ្ពស់ជាង (២៧ ភាគរយ) នៅផ្ទះជាងបុរស។ ប៉ុន្តែបើនិយាយពីធនាគារ ស្ត្រីមានទំនោរក្នុងការសន្សំតិចជាង (៤១ ភាគរយតិចជាង) នៅក្នុងគណនីសន្សំបើធៀបទៅនឹងបុរស។ ប៉ុន្តែនៅពេលនិយាយអំពីការរក្សាការសន្សំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) កម្រិតនៃការជឿទុកចិត្តសម្រាប់បុរស និងស្ត្រីគឺស្រដៀងគ្នា ហើយពួកគេមានទំនោររក្សាកម្រិតនៃការសន្សំស្រដៀងគ្នា។

លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនង CMA បានប្រាប់កាសែតខ្មែរថាមស៍ថា “ស្ត្រីត្រូវបានគេដឹងជាទូទៅថាមានទម្លាប់សន្សំប្រាក់ និងគ្រប់គ្រងលុយល្អជាបុរស”។

CMA ក៏​បាន​លើក​ឡើង​ថា គំរូ​នេះ​កើត​ឡើង​មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។ នៅប្រទេសបង់ក្លាដែស អ្នកកម្ចីជាស្រ្តីមានចំនួនរហូតដល់ ៩០ ភាគរយ និងនៅប្រទេសឥណ្ឌា មានរហូតដល់៩៩ ភាគរយ។ ដោយឡែក​នៅកម្ពុជា ចំនួន​អ្នក​ខ្ចី​ជា​ស្ត្រី​មាន​៤៦​ភាគរយ​ធៀប​នឹង​បុរស​៤១​ភាគរយ​នេះ​បើ​តាម​ការ​សិក្សា​របស់ CMA និង M-CRIL។

លោកបានបន្តថា “យើងក៏កត់សម្គាល់ផងដែរនូវឥរិយាបទហិរញ្ញវត្ថុកាន់តែច្រើនក្នុងចំណោមអតិថិជនជាស្ត្រី។ នេះបណ្តាលឱ្យមានការគ្រប់គ្រងប្រាក់កម្ចីកាន់តែប្រសើរឡើងក្នុងចំណោមស្ត្រី” ហើយយើងក៏ឃើញមានអត្រាទាបនៃការមិនសងប្រាក់វិញ ក្នុងចំណោមអតិថិជនស្រី បើធៀបនឹងអតិថិជនបុរស”។

Sanjay Sinha នាយកគ្រប់គ្រង M-CRIL បាននិយាយថា ប៉ុន្តែ​គំរូ​នៃការសងប្រាក់មកវិញនៃ​អតិថិជន​ជា​ស្ត្រី​មិន​មែនដោយសារតែ​កត្តា​​វិន័យ​ហិរញ្ញវត្ថុតែមួយមុខ​នោះទេ​។ «វា​ក៏​អាច​បណ្ដាល​​ដែលថា ​​ជា​ទូទៅ​ស្តី្រមាន​ទំនោរ​ខ្ចី​ប្រាក់​តិច ដែល​ងាយ​ស្រួល​ក្នុង​ការ​សង​វិញ។ នេះគឺដោយសារតែពួកគេយកប្រាក់កម្ចីសម្រាប់ប្រើប្រាស់ក្នុងផ្ទះថ្មីៗដូចជា ទូរទឹកកក ឬម៉ូតូជាដើម

លោកបានបន្ត ប៉ុន្តែសម្រាប់​បុរស​ គឺខ្ចីប្រាក់សម្រាប់​បង្កើត​ហាង​តូច​ឬធ្វើ​អាជីវកម្ម។ “នេះច្បាស់ជាត្រូវការដើមទុនកាន់តែច្រើន ហេតុដូចនេះហើយបុរសៗស្នើសុំប្រាក់កម្ចីធំជាង ដែលអាចពិបាកក្នុងការសងមកវិញ។ ឬក៏អាចមកពីការធ្លាក់ចុះសេដ្ឋកិច្ចនាពេលថ្មីៗនេះ ដែលបណ្តាលឱ្យរកចំណូលមិនបានច្រើន។

ការសិក្សាក៏បានបង្ហាញពីកម្រិតនៃចំណេះដឹង និងការយល់ដឹងអំពីអត្រាការប្រាក់សម្រាប់អតិថិជន។ ប្រហែលពាក់កណ្តាលនៃអតិថិជន MFI ទាំងពីរភេទដឹងពីអត្រាការប្រាក់លើប្រាក់កម្ចីយ៉ាងហោចណាស់មួយ។ ប៉ុន្តែនៅពេលនិយាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជារួម ការសិក្សាបានរកឃើញថាស្ត្រីមានចំណេះដឹងតិចជាងបុរសអំពីអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីសកម្មទាំងអស់។ នេះរាប់បញ្ចូលទាំងប្រាក់កម្ចីដែលយកដោយសមាជិកគ្រួសារដទៃទៀត។

វាក៏មានគម្លាតចំណេះដឹងផងដែរនៅពេលនិយាយអំពីថ្លៃសេវាផ្សេងៗ។ តិចជាង ២០ភាគរយនៃអ្នកខ្ចីជាបុរស និងស្ត្រីចំនួនតិចជាង (១៤ ភាគរយ) បានដឹងអំពីតម្លៃសេវាក្នុងការរៀបចំសំណុំឯកសារផ្សេងៗរបស់ MFI។ ធនាគារជាតិនៃកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងចាត់វិធានការជាច្រើន ដើម្បីកែលម្អចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងសប្តាហ៍នេះថា “ធនាគារជាតិនៃកម្ពុជាផ្តោតលើការការពារសិទ្ធិអ្នកប្រើប្រាស់ និងបង្កើតក្រុមការងារដើម្បីទទួល និងដោះស្រាយបណ្តឹង”។

 

Related Posts

Previous Article

នាយករដ្ឋមន្ត្រី អំពាវនាវឱ្យបង្កើនការផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់

Next Article

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងធ្វើអោយកំណើនភ្ញៀវទេសចរកាន់តែមានចំនួនច្រើនឡើង