​ក្រសួង​ជ្រើស​ខេត្ត​តាកែវ​ ​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ C​T​C ​ដំបូង​មុន​នឹង​ពង្រីក​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សកម្មភាពក្រុងពាលីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។ ​ រូបភាព៖ វិទ្យាល័យ ហ៊ុន សែន ១ មិថុនា

 

​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ជ្រើស​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​តាកែវ​ ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ (​Community​ ​T​e​c​h​ ​Center​) ​ដំបូង​គេ​មុននឹង​ឈាន​ទៅ​ពង្រីក​នៅ​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​។​

​ការ​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​១​ ​មិថុនា​ ​ស្ថិត​នៅ​ឃុំ​ពា​រាម​ ​ស្រុក​បាទី​ ​ខេត្ត​តាកែវ​ ​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​កាលពីដើម​ខែ​សីហា​ ​បាន​ប្រកាស​ថា​ ​ក្រសួង​គ្រោង​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ ​នៅ​តាម​វិទ្យាល័យ​ចំនួន​ ​៥​៥​៨​នៅ​ទូទាំង​ប្រទេស​។​

​លោក​ ​សូ​ វិសុទ្ធី ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​នេះ​ ​គឺ​ក្រសួង​គ្រោង​បង្កើត​ឡើង​នៅ​គ្រប់​វិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ ​និង​បង្កើន​សមត្ថភាព​ផ្នែក​ឌី​ជី​ថល​ ​ដល់​គ្រូ​បង្រៀន​ ​សិស្សានុសិស្ស​ ​និង​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោក​បន្ថែម​ថា​ ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ខាង​លើ​នេះ​ ​ចាប់ផ្ដើម​អនុវត្ត​ដំបូង​គេ​នៅ​ក្នុង​ខេត្ត​តាកែវ​ ​ហើយ​បន្ទាប់ពី​ខេត្ត​តាកែវ​ ​គឺ​បន្ត​ពង្រីក​នៅ​តាម​វិទ្យាល័យ​នានា​ទូទាំង​ប្រទេស​។​

​លោក​បន្ត​ថា​ ​ការ​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ ​ដើម្បី​ជំរុញ​ឱ្យ​សិស្ស​អាច​សិក្សា​តាម​អន​ឡា​ញ​ពី​គ្រូបង្រៀន​ក្នុង​សាលា​ខ្លួនឯង​ផ្ទាល់​ ​ឬនៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​បាន​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​មជ្ឈមណ្ឌល​នេះ​ ​ក៏​អាច​ជួយ​ពង្រឹង​ចំណេះ​ដឹង​ដល់​លោកគ្រូ​ ​អ្នក​គ្រូ​ ​ក្នុង​មូលដ្ឋាន​ ​ហើយ​ពួក​គេ​អាច​ដកស្រង់​យកចំណេះ​ដឹង​ល្អ​ៗ​ ​និង​បទ​ពិសោធ​ពី​គ្រូបង្រៀន​ឆ្នើម​ ​និង​ពូកែ​ ​នៅ​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​ ​ដើម្បី​ពង្រឹង​បន្ថែម​ដល់​ចំណេះ​ ​ជំនាញ​ ​និង​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថល​នៅ​កម្ពុជា​។​

​លោក​ ​សូ​ វិសុទ្ធី ​បញ្ជាក់​ថា​៖​ ​«​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ ​នឹង​រៀបចំ​នូវ​សាល​បំពាក់​នូវ​កុំព្យូទ័រ​ ​និង​សម្ភារ​ផ្សេងៗ​ជាច្រើន​មាន​ដូចជា​ ​រៀបចំ​នូវ​ប្រព័ន្ធ​អ៊ី​ធឺ​ណេ​ត​ ​រួម​ទាំង​មាន​គ្រូ​ជំនាញ​ចាំ​ជួយ​បង្រៀន​ផ្នែក​បច្ចេកវិទ្យា​ ​ដែល​ជា​ឱកាស​មួយ​សម្រាប់​សិស្សានុសិស្ស​ ​អាច​ប្រកួតប្រជែង​សមត្ថភាព​លើ​ជំនាញ​ពាក់ព័ន្ធ​ ​និង​ជំនាញ​ឌី​ជី​ថ​ល់ ​នៅ​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​ផង​ដែរ​»​។​

​ក្នុង​ពិធីសម្ពោធ​កម្មវិធី​វិញ្ញា​បន​ប​ត្រ​វិទ្យាសាស្ត្រ​ទិន្នន័យ​ (​Data​ ​Science​) ​កាលពី​ថ្ងៃ​ទី​៤​សីហា​ ​លោក​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បញ្ជាក់​ថា​ ​ដើម្បី​រួមចំណែក​បន្ថែម​ដល់​ការ​កសាង​ធនធានមនុស្ស​ ​ឌី​ជី​ថល​ ​របស់​កម្ពុជា​ ​គឺ​ក្រសួង​នឹង​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ ​នៅ​តាម​វិទ្យាល័យ​ ​ដើម្បី​អភិវឌ្ឍ​ជំនាញ​ ​និង​បង្កើន​សមត្ថភាព​ផ្នែក​ឌី​ជី​ថល​ ​ដល់​សិស្ស​ ​មន្ត្រី​មូលដ្ឋាន​ ​ពលករ​ជំនាញ​ ​និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថល​ ​នៅ​តាម​សហគមន៍​មូលដ្ឋាន​។​

​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​រដ្ឋាភិបាល​ជប៉ុន​ ​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន​ ​១​៤​៥​,​៦​៩​២​ដុល្លារ​ ​ដល់​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​១​ ​មិថុនា​ ​ក្នុងស្រុក​បាទី​ ​ខេត្ត​តាកែវ​។​

​គម្រោង​របស់​រដ្ឋាភិបាល​ជប៉ុន​ខាងលើ​នេះ​ ​ធ្វើឡើង​ដើម្បី​កែ​លម្អ​ស្ថានភាព​យុវជន​ក្នុង​សហគមន៍​ជនបទ​ ​ដែល​គ្មាន​ឱកាស​ទទួល​បាន​ការសិក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ ​គមនាគមន៍​ ​និង​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ដោយ​រំពឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ចន្លោះ​៨ ០០០​នាក់​ ​ដល់​ ​១​០​ ​០​០​០​នាក់​ ​នៅ​ក្នុង​តំបន់​។​

​កាល​ពីម្សិលមិញ​ ​បណ្ដាញ​សង្គម​របស់​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​១​ ​មិថុនា​ ​បាន​សរសេរ​ថា​ ​កាលពី​ថ្ងៃពុធ​ ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​ធ្វើពិធី​ក្រុងពាលី​ជា​ផ្លូវការ​ ​ដើម្បី​បើក​ដំណើរការ​រៀបចំ​ការដ្ឋាន​សាងសង់​អគារ​នៃ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​។​

​គួរ​រម្លឹក​ថា​ ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ ​ក្នុង​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​១​ ​មិថុនា​ ​គឺ​មាន​ទំហំ​ ​៣​០​ម៉ែត្រ​ ​គុណ​នឹង​១​២​ម៉ែត្រ​ ​មាន​បន្ទប់​កំព្យូ​ទ​័​រ​ (​Computer​ ​Lab​) ​បន្ទប់​បណ្តុះបណ្តាល​ (​Training​ ​Room​) ​បន្ទប់​អុីន​ធឺ​ណិ​ត​ ​ហាង​កាហ្វេ​ (​Inter​net​ K​i​osk ​and​ ​Ca​f​e​) ​និង​ប៉ុស្តិ៍​ប្រៃសណីយ៍​ ​ផង​ដែរ៕​

 

Related Posts

Previous Article

ក្រសួងសេដ្ឋកិច្ច​ថា​៖​ ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​កំណើន​រឹង​មាំ​ក្នុងឆ្នាំនេះ​

Next Article

ការ​ផ្សព្វផ្សាយ​លើ​វេទិកា​បណ្តាញ​សង្គម​បាន​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជ​តាម​អន​ឡា​ញ​នា​ពេល​បច្ចុប្បន្ន​