​រដ្ឋាភិបាល​ផ្ដល់​កាតព្វកិច្ច​ច្បាស់លាស់​ដល់​ស្ថាប័ន​ទាំងអស់​ ​ដើម្បី​ដោះស្រាយបញ្ហា​

​ត​ន​ ​វិបុល​ / Khmer Times Share:
​អាជ្ញាធរ​ខេត្ត​កណ្តាល​ដោះស្រាយបញ្ហា​រវាង​កម្មករ​ជាមួយ​រោងចក្រ​ចំនួន​២​ ​ដែល​បាន​បិទ​ទ្វា​ហើយ​កាលពី​ខែ​មេសា​។​ ​រូប​ភាព​៖​ ​រដ្ឋបាល​ខេត្ត​កណ្តាល​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ពីម្សិលមិញ​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​បានផ្តល់​ការទទួលខុសត្រូវ​និង​កាតព្វកិច្ច​យ៉ាង​ច្បាស់លាស់​ដល់​ស្ថាប័ន​ទាំងអស់​ ​ដើម្បី​ដោះស្រាយបញ្ហា​ដែល​កើតឡើង​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​ ​លោក​នឹង​មិន​បកស្រាយ​គ្រប់​ប​ញា្ហ ​ឬ​ចេញ​សារ​ជា​សំឡេង​ដើម្បី​ធ្វើអន្តរាគមន៍​ឡើយ​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​ ​ចំនួន​ ​១​៨​ ​០​៩​៩​នាក់​មកពី​បណ្តា​រោងចក្រ​សហគ្រាស​ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​ដង្កោ​កាល​ពីម្សិលមិញ​។​

​លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ ​នៅ​ក្នុង​ខែ​នេះ​មាន​បញ្ហា​ជាច្រើន​បាន​កើតឡើង​ ​ប៉ុន្តែ​ការងារ​មួយ​ចំនួន​ ​គឺ​លោក​ដោះស្រាយ​ដោយខ្លួនឯង​ ​និង​បញ្ហា​ចំនួន​ទៀត​ ​គឺ​លោក​បញ្ជា​ទៅ​អង្គភាព​ជំនាញ​ពិនិត្យ​ ​ពន្យល់​ ​បក​ស្រាយ​ ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​ ​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ខ្មែរ​៧​នាក់​ដែល​ត្រូវ​ជន​ខិលខូច​ជួញ​ដូរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ឡាវ​កាលពី​ចុង​ខែកញ្ញា​ ​គឺ​លោក​បាន​ចេញ​បញ្ជា​ទៅ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​សហការ​ជាមួយ​ស្ថានឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ឡាវ​ដោះស្រាយ​នេះ​ ​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ទាំង​នេះ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។​

​លោក​បាន​បញ្ជាក់​ថា​ ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ ​ដែល​លោក​បាន​បញ្ជា​ទៅ​អង្គភាព​ជំនាញ​ពិនិត្យ​ ​ពន្យល់​ ​បកស្រាយ​ ​និង​ដោះស្រាយបញ្ហា​របស់​ប្រជាពលរដ្ឋ​។​

​លោក​​ថា​៖​ ​«​បញ្ហា​ជាក់ស្ដែង​ខ្ញុំ​ដាក់​វិធានការ​និង​បញ្ជូន​សារ​ដោយ​ផ្ទាល់​ ​ប៉ុន្តែ​បញ្ហា​ដែល​កើតឡើង​តាម​បណ្ដា​សង្គម​ ​គឺ​ខ្ញុំ​ប្រគល់​ភារកិច្ច​ទៅ​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ដោះស្រាយ​»​។​

​លោក​បាន​ពន្យល់​ថា​ ​លោក​មិន​អា​ចចេញ​មក​បក​ស្រាយ​គ្រប់​បញ្ហា​ជំនួស​មន្ត្រី​ជំនាញ​ទាំងស្រុង​នោះ​ទេ​ ​ព្រោះ​កិច្ចការ​ងារ​ខ្លះ​ត្រូវការ​មន្ត្រី​ជំនាញ​បកស្រាយ​ទើប​វា​ល្អ​​​ជាង​លោក​បកស្រាយ​។​ ​ដូច្នេះ​មិនមែន​បញ្ហា​គ្រប់យ៉ាង​ពឹង​លើ​នាយករដ្ឋមន្ត្រី​តែម្នាក់​ ​ដើម្បី​ដោះស្រាយ​នោះ​ទេ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​នាយករដ្ឋមន្ត្រី​ចេញមុខ​បក​ស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ធំ​ៗ​របស់​ជាតិ​ ​ប៉ុន្តែ​ចំពោះ​បញ្ហា​នានា​ដែល​កើត​ឡើង​គួរ​ឱ្យ​ក្រសួង​ ​ស្ថាប័ន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោះស្រាយ​»​។​

​លោក​បន្ត​ថា​៖​ ​«​ពាក់ព័ន្ធ​នឹង​កង្វល់​ប្រជាជន​ ​គឺ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ទាំងអស់​ ​គ្រាន់តែ​ថា​កា​រដាក់​វិធានការ​និង​ការ​ផ្សព្វផ្សាយ​ជូន​សាធារណជន​មាន​របៀប​ផ្សេងគ្នា​។​ ​កិច្ចការ​ខ្លះ​ខ្ញុំ​ដោះស្រាយ​ដោយ​ផ្ទាល់​ ​និង​កិច្ចការ​ខ្លះ​ខ្ញុំ​ប្រគល់​ភារកិច្ច​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ជា​អ្នក​ចាត់វិធានការ​ដោះស្រាយ​ ​ហើយ​ពន្យល់​ទៅកាន់​សាធារណៈ​អំពី​បញ្ហា​នោះ​។​ ​នេះ​ជា​វិធានការ​ដែល​ខ្ញុំ​ធ្វើ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ទោះបីជា​ខ្ញុំ​មិន​ចេញ​ឆ្លើយ​ដោយ​ខ្លួនឯង​ ​ប៉ុន្តែ​គឺ​ខ្ញុំ​តាមដាន​ជាប់​ជា​កិច្ច​ ​ដែល​ក្រសួង​ ​ស្ថាប័ន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​អត់​ធ្វើតាម​នោះ​ទេ​»​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ប្រាប់​ឱ្យ​មន្ត្រី​ជំនាញ​ទាំង​អស់​ចេញ​បកស្រាយ​រាល់​បញ្ហា​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​នឹង​លោក​ចេញ​មក​បកស្រាយ​ឬ​ចាត់​វិធានការ​។​

​រដ្ឋាភិបាល​ថ្មី​ក្នុង​អាណត្ដិ​ទី​៧​ ​បាន​ចេញ​សេចក្តី​សម្រេច​កំណត់​របៀបរបប​ការងារ​និង​ការបែងចែក​ភារកិច្ច​សម្រាប់​ថ្នាក់​ដឹកនាំ​ប្រទេស​កាលពី​ថ្ងៃ​កំលុង​ខែ​សីហា​ ​ដើម្បី​ធានា​ការ​អនុវត្ត​ច្បាប់​និង​ដឹកនាំ​កិច្ចការ​ទូទៅ​របស់​រដ្ឋ​។​

​ការ​កំណត់​របៀបរបប​ការងារ​និង​ការបែងចែក​ភារកិច្ច​ដឹកនាំ​រដ្ឋាភិបាល​ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំងរដ្ឋាភិបាល​ថ្មី​ដែល​មាន​លោក​ ​ហ៊ុន​ ​ម៉ាណែ​ត​ ​ជា​នាយករដ្ឋមន្ត្រី​ ​និង​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១​០​រូប​ ​ទេសរដ្ឋមន្ត្រី​ចំនួន​២​១​រូប​ ​ព្រមទាំង​រដ្ឋមន្ត្រី​ចំនួន​៣​០​រូប​។​

​លោក​ ​សេក​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​ ​បាន​លើកឡើង​ថា​ ​វា​ជា​រឿង​ត្រឹម​ហើយដែល​ក្រសួង​ស្ថាប័ន​នីមួយៗ​ត្រូវ​ចេះ​ទទួលខុស​ចំពោះ​ការ​អនុវត្ត​ការងារ​នៃ​ជំនាញ​របស់​ពួកគេ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​ដែល​អាច​បម្រើ​និង​ផ្ដល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​។​ ​ដូច្នេះ​ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​គឺជា​រឿង​ល្អ​។​

​លោក​បន្ត​ថា​ ​ប្រសិនបើ​គេ​ក្រឡេក​មើល​ពី​តួនាទី​ ​ភារកិច្ច​ ​ហើយ​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​ជំនាញ​នីមួយៗ​មាន​រដ្ឋលេខាធិការ​និង​អនុ​រដ្ឋ​លេខា​មាន​ច្រើន​យ៉ាង​សន្ធឹក​សន្ធប់​ដូច​សុភាសិត​ខ្មែរ​ថា​ “​គ្នា​ច្រើន​អន្សម​ខ្លោច​“​។​

​លោក​បន្ថែម​ថា​ ​បញ្ហា​នេះ​មាន​ហា​និ​ភ័យ​ខ្ពស់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មើលឃើញ​រដ្ឋាភិបាល​ដែល​ ​មាន​ចំនួន​ថ្នាក់​ដឹកនាំ​កាន់តែ​ច្រើន​ ​ប៉ុន្តែ​បែរជា​គ្មាន​គុណភាព​ការងារ​។​ ​ដូច្នេះ​វា​ជះ​ឥទ្ធិពល​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​ខ្លាំង​។​

​លោក​ ​សេក​ ​សុជាតិ​ ​យល់ឃើញ​ថា​៖​ ​«​រដ្ឋាភិបាល​គួរតែ​មាន​ចំណាត់​ការ​បន្ថែម​ពីលើ​ការងារ​ដែល​រដ្ឋា​មន្ត្រី​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ទទួលបន្ទុក​។​ ​ពោល​ឱ្យ​ខ្លី​ ​គឺ​គួរតែ​ទុក​ពេល​បី​ខែ​ ​ឬ​ប្រាំមួយ​ខែ​ប្រសិនបើ​ក្នុង​ករណី​ដោះស្រាយបញ្ហា​មិនបាន​ ​ឬ​បញ្ហា​ដដែល​ផ្ទុះឡើង​វិញ​ ​តួនាទី​របស់​រដ្ឋមន្ត្រី​ឬ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នោះ​ត្រូវតែ​មាន​ចំណាត់​ការ​ភ្លាម​ៗ​ឬក៏​អាច​ដោះ​ដូរ​ដោយ​គ្មាន​ការយោគយល់​ទើប​ការងារ​មាន​ប្រសិទ្ធ​ភាព​»​។​

​លោក​បន្ថែម​ថា​៖​ ​«​បើ​សិន​គ្រាន់​តែ​និយាយ​ ​ឬ​គ្រាន់​តែ​ដាក់​ចេញ​នូវ​វិធានការ​ដោយ​មិន​មាន​ចំណាត់​ការ​ច្បាស់​លាស់​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ ​ក៏ដូចជា​របស់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ ​ខ្ញុំ​យល់ថា​វិធានការ​នោះ​មិន​មាន​ប្រសិទ្ធ​ប៉ុន្មាន​ទេ»៕​

Related Posts

Previous Article

​រដ្ឋមន្ត្រី​ក្រសួងផែនការ​បាន​បញ្ជាក់​ថា​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​របស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ដើរ​ទន្ទឹមគ្នា​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឈន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

Next Article

​កម្ពុជា​-​ថៃ​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រែក្លាយ​បន្ទាត់​ព្រំដែន​ ​ទៅជា​ព្រំដែន​មាន​សន្តិភាព​