ស្ថាប័ន​ពាក់ព័ន្ធ​ស្រាវជ្រាវ​លើ​អ្នក​កើត​ផ្កា​សាយ​បក្សី​ ​ស្ថិត​ក្នុងស្រុក​ដងទង់​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ក្រុមការងារថ្នាក់ជាតិនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចុះពិនិត្យ និងស្រាវជ្រាវ ករណីជំងឺផ្តាសាយបក្សី នៅភូមិត្រពាំង​ឬស្សី​ ឃុំដំណាក់សុក្រំ​ ស្រុកដងទង់ ខេត្តកំពត។ រូបភាព៖ ក្រសួងសុខាភិបាល

​ក្រសួងសុខាភិបាល​ ​បាន​និង​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​អង្កេត​ស្រាវជ្រាវ​លើ​អ្នក​កើត​ជំងឺ​ផ្តាសាយ​បក្សី​ ​ដែល​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឫស្សី​ ​ឃុំ​ដំណាក់​សុក្រំ​ ​ស្រុក​ដងទង់​ ​ខេត្ត​កំពត​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​បន្ត​ចូល​ក្នុង​សហគមន៍​។​

កាលពី​ថ្ងៃសៅរ៍​ ​ក្រសួងសុខាភិបាល​ ​បាន​ប្រកាស​ព័ត៌មាន​ថា​ ​ស្ថាប័ន​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​បាន​និង​កំពុង​សហការ​ជាមួយ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​និង​ក្រសួង​បរិស្ថាន​ ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ ​ប៉ូលីស​ ​និង​អង្គការ​ដៃគូ​ ​បន្ត​អង្កេត​ស្រាវជ្រាវ​យ៉ាងសកម្ម​លើ​អ្នកជំងឺ​ផ្តាសាយ​បក្សី​ ​ដើម្បី​ស្វែងរក​ប្រភព​ចម្លង​ទាំង​លើ​សត្វ​ ​និង​មនុស្ស​ ​និង​បន្ត​ស្វែងរក​ករណី​សង្ស័យ​ ​និង​អ្នក​ប៉ះពាល់​។​

​ការ​បន្ត​ស្វែងរក​ប្រភព​ឆ្លង​ខាងលើ​នេះ​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​អ្នកដទៃ​ទៀត​ចូលក្នុង​សហគមន៍​ ​ព្រមទាំង​ចែក​ជូន​ឱសថ​តា​មី​ហ្លូ (​T​am​i​flu​) ​ដល់​អ្នក​ប៉ះពាល់​ ​ជិត​ស្និទ្ធ​ ​និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​កើត​ហេតុ​ខាង​លើ​។​

​ក្រសួង​បញ្ជាក់​ថា​ ​មាន​ករណី​កើតជំងឺ​ផ្តាសាយ​បក្សី​ ​ប្រភេទ​ហា​ស់​៥​ អិន​១​ (​H​5N1) ​កើត​លើ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ ​និង​ស្ត្រី​អាយុ​២​១​ឆ្នាំ​ ​ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ​និង​វិទ្យាស្ថាន​ប៉ា​ស្ទ័​រ​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​។​

​ក្រសួង​​ថា​ ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ ​មាន​ផ្ទះ​នៅក្បែរ​ស្ត្រី​អាយុ​២​១​ឆ្នាំ​ ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឫស្សី​ ​ឃុំ​ដំណាក់​សុក្រំ​ ​ស្រុក​ដងទង់​ ​ខេត្ត​កំពត​ ​រក​ឃើញ​តាមរយៈ​ក្រុម​ចម្រុះ​ពី​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​ក្រោម​ជាតិ​ ​នៃ​ក្រសួងសុខាភិបាល​ ​និង​ភាគី​ពាក់ព័ន្ធ​។​

​ក្រសួង​បន្ថែម​ថា​ ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ ​បាន​កាន់​មាន់​ងាប់​ ​និង​ចាប់​ផ្តើម​ឈឺ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​ ​គ្រុនក្តៅ​ ​ក្អក​ ​និង​ចេញ​កន្ទួល​ក្រហម​ ​កុមារ​ទទួលការ​ព្យាបាល​ដោយ​ផ្តល់​ឱសថ​តា​មី​ហ្គូ (​T​a​mill​u) ​និង​ត្រូវ​បាន​បញ្ជូន​មក​ពិនិត្យ​ព្យាបាល​និង​ថែទាំ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពត​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​។​

​ក្រសួង​បញ្ជាក់​ថា​ ​ចំពោះ​ស្ត្រី​អាយុ​២​១​ឆ្នាំ​ ​ប្រហែល​មួយ​ស​ប្តាហ៍​មុន​មាន​មាន់​ងាប់​ច្រើន​ជាបន្តបន្ទាប់​នៅ​ផ្ទះ​និង​ក្នុង​ភូមិ​ ​គឺ​អ្នកជំងឺ​បាន​ចាប់ផ្ដើម​ឈឺ​នៅ​ថ្ងៃ​ទី​១​៩​វិច្ឆិកា​ ​បន្ទាប់​មក​គ្រុនក្តៅ​ ​ពិបាក​ដកដង្ហើម​ ​និង​ក្អក​ ​ទើប​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ​នៅ​ថ្ងៃ​ទី​២​៣​វិច្ឆិកា​ ​ដើម្បី​សង្គ្រោះ​បន្ទាន់​ពីសំណាក់​ក្រុម​គ្រូពេទ្យ​។​

​វេជ្ជបណ្ឌិត​ ​ហេង​ ​ចន្ថា​ ​អនុ​ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពត​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ស្ត្រី​អាយុ​២​១​ឆ្នាំ​ ​ដែល​មាន​ជំងឺ​ផ្តាសាយ​បក្សី​ខាងលើ​នេះ​ ​ត្រូវ​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​២​៦​វិច្ឆិកា​ ​និង​បាន​ធ្វើ​ពិធីបុណ្យ​រួចរាល់​ហើយ​ដែរ​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​កុមារី​អាយុ​៤​ឆ្នាំ​ ​ដែល​ឆ្លង​ជំងឺ​ដូចគ្នា​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​នេះ​ ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​ ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​២​៨​វិច្ឆិកា​ ​ស្របតាម​ការណែនាំ​ពី​ក្រសួង​សុខាភិបាល​។​

​អនុ​ប្រធានមន្ទីរ​បន្ត​ថា​ ​បច្ចុប្បន្ន​កុមារី​ខាង​លើ​នេះ​ ​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​ ​ប៉ុន្តែ​នៅ​បន្ត​ថែទាំ​ដោយសារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ដែល​តម្រូវ​ឱ្យ​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។​

​លោក​បញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​ ​ភូមិ​ឃុំ​ដែល​មាន​អ្នក​កើត​ជំងឺ​ផ្តាសាយ​បក្សី​ ​គឺ​មាន​ស្ថានភាព​ល្អ​ដោយ​មាន​មន្ត្រី​ជំនាញ​ ​និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​អាច​គ្រប់គ្រង​សភាពការណ៍​បាន​ទាំង​ស្រុង​។​

​កាលពី​ថ្ងៃអាទិត្យ​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ (CDC) ​បញ្ជាក់​ថា​ ​ករណី​ជំងឺ​ផ្តាសាយ​បក្សី​ ​A​/​H​5N1 ​លើ​កុមារ​អាយុ​៤​ឆ្នាំ​ ​និង​ស្រ្តី​អាយុ​២​១​ឆ្នាំ​ ​ដែល​រក​ឃើញ​នៅ​ខេត្ត​កំពត​ ​គឺជា​អ្នក​ជំងឺ​ផ្តាសាយ​បក្សី​លើក​ទៅ​៦​។​

​នាយកដ្ឋាន​បញ្ជាក់​ថា​ ​ចំណោម​៦​នាក់​ ​ដែល​កើត​ឡើង​ក្នុង​ឆ្នាំ​២​០​២​៣​ ​គឺ​មាននៅ​ខេត្ត​ព្រៃវែង​ ​៣​នាក់​ ​ស្វាយរៀង​ ​១​នាក់​ ​និង​ខេត្ត​កំពត​ ​ចំនួន​២​នាក់​៕​

Related Posts

Previous Article

ឯកអគ្គរដ្ឋទូត​វៀតណាម​៖​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា​កម្ពុជា​នៅ​វៀតណាម​នឹងជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​សម្រាប់​ទំនាក់ទំនង​រវាង​វៀតណាម​ ​និង​កម្ពុជា​

Next Article

​ប្រធានរដ្ឋសភា​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​អន្តរ​សភា​នៅ​ប្រទេស​ឡាវ​