​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​អាជ្ញាធរ​ដោះស្រាយបញ្ហា​កង្វះ​ទឹក​ធ្វើ​កសិកម្ម​នៅ​បាត់​ដំបង​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​ស​ ​ខេង​ ​ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​នៅ​ខេត្ត​បាត់​ដំបង​កាល​ពីម្សិលមិញ​។​ ​រូបភាព​៖​ ​ក្រសួងមហាផ្ទៃ

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ស​ ​ខេង​ ​បញ្ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រញាប់​ចុះ​ដោះស្រាយបញ្ហា​ខ្វះ​ទឹក​ធ្វើ​ដំណាំស្រូវ​របស់​ប្រជាពលរដ្ឋ​ជាបន្ទាន់​ ​ដែល​ស្ថិតនៅ​ស្រុក​មោង​ឫស្សី​និង​ស្រុក​គាស់​ក្រឡ​ក្នុង​ខេត្ត​បាត់​ដំបង​។​

​កា​រដាក់​បទ​ ​បញ្ជា​នេះ​ធ្វើឡើង​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​វិមានឯករាជ្យ​ក្នុង​ខេត្ត​កាល​ពីម្សិលមិញ​ ​ហើយ​លោក​កត់​សម្គាល់​ឃើញ​ប្រជាកសិករ​បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ខ្វះ​ទឹក​ធ្វើ​ដំណាំស្រូវ​ ដោ​យេ​ប្រឈម​នឹង​ការ​ស្វិត​ជា​បណ្តើរៗ​ហើយ​។​

​លោក​ណែ​នាំឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​យកចិត្តទុកដាក់​ប្រមូល​សំណើ​ ​សំណូមពរ​ ​និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ​ហើយ​ខិតខំ​រួមគ្នា​ដោះស្រាយ​ឱ្យ​ទាន់ពេល​វេលា​។​

​លោក​ ​ផេង​ ​សិទ្ធី​ ​អភិបាល​រង​ខេត្ត​បាត់​ដំបង​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​ពេលនេះ​អាជ្ញាធរ​កំពុង​ចុះ​ត្រួត​ ​ពិនិត្យបញ្ហា​ប្រជាកសិករ​ខ្វះ​ទឹក​ធ្វើស្រែ​ ​ប៉ុន្តែ​លោក​មិនទាន់​អាច​វាយ​តម្លៃ​ផល​ប៉ះពាល់​ប៉ុន្មាន​ហិកតា​នៅឡើយ​ទេ​។​

​លោក​និយាយ​ថា​៖​ ​«​យើង​កំពុង​ចុះ​ត្រួតពិនិត្យ​លើ​ការងារ​នេះ​។​ ​យើង​មិនទាន់​ដឹង​ពី​ទំហំ​ផល​ប៉ះពាល់​នៅឡើយ​ទេ​ ​ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ណែនាំ​ថា​ ​ប្រជាកសិករ​ក្នុងស្រុក​គាស់​ក្រឡ​និង​មោង​ឫស្សី​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ធ្វើស្រែ​»​។​

​លោក​ ​ទេព​ ​ហ​ន​ ​អភិបាលស្រុក​មោង​ឫស្សី​ ​បាន​និយាយ​ថា​ ​នៅ​ក្នុងស្រុក​ទាំងមូល​មាន​៩​ឃុំ​ ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​នីមួយៗ​សុទ្ធតែ​ប្រកបមុខរបរ​ធ្វើស្រែ​ ​ហើយ​នៅ​ពេលនេះ​ពួកគេ​ពិតជា​ជួប​បញ្ហា​ខ្វះ​ទឹក​ធ្វើស្រែ​ប្រាកដ​មែន​ ​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ ​ដើម្បី​ចុះ​អន្តរាគមន៍​លើ​បញ្ហា​នេះ​។​

​លោក​បញ្ជាក់​ថា​ ​ដីស្រែ​រាំង​ស្ងួត​មួយ​ចំនួន​នៅ​ឃុំ​ឫស្សី​ក្រាំង​និង​ឃុំ​ព្រៃ​ស្វាយ​ជាដើម​ ​មិន​អាច​ជួយសង្គ្រោះ​បានទេ​ ​ព្រោះ​ដោយសារតែ​មិន​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​។​ ​ដូច្នេះ​ដំណាំស្រូវ​ស្រែ​ទាំងនោះ​ត្រូវ​រំពឹង​លើ​ទឹកភ្លៀង​។​

​លោក​បន្ថែម​ថា​៖​ ​«​ដីស្រែ​ដែល​អាច​ជួយ​ស​ង្រ្គោះ​បាន​ ​គឺ​មានតែ​នៅ​ឃុំ​កកោះ​ ​ឃុំ​ព្រៃតូច​ ​និង​ផ្នែក​ខ្លះ​នៃ​ឃុំ​មោង​ ​ព្រោះ​ប្រព័ន្ធ​ធារាសាស្ត្រ​តភ្ជាប់​ទៅដល់​ទីនោះ​»​។​

​លោក​ ​ឡុង​ ​ផល្គុន​ ​ប្រធានមន្ទីរ​ធនធាន​ទឹក​និង​ឧ​ត្តុ​និយម​ខេត្ត​បាត់​ដំបង​ ​បាន​និយាយ​ថា​ ​នៅ​ទូទាំង​ខេត្ត​មានផ្ទៃ​ដី​កសិកម្ម​ប្រមាណ​ជិត​៤​០​ម៉ឺន​ហិកតា​ ​ប៉ុន្តែ​លោក​មិនទាន់​ដឹង​ថា​មាន​ទំហំ​ប៉ុន្មាន​ហិកតា​ទេ​ ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ខ្វះ​ទឹក​សម្រាប់​ផ្គត់​ផ្ដង់​ផល​ដំណាំស្រូវ​របស់​ប្រជាកសិករ​។​

​លោក​បាន​បញ្ជាក់​ថា​ ​ចំពោះ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រូវ​ស្រែ​នេះ​ ​គឺ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​បាន​ចាត់វិធានការ​ទៅតាម​ជំនាញ​របស់​ពួកគេ​ហើយ​ ​ប៉ុន្តែ​នៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ធារាសាស្ត្រ​មានត្រឹមតែ​ជាង​៥​០​ភាគរយ​ប៉ុណ្ណោះ​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​កសិកម្ម​របស់​ប្រជាកសិករ​ ​ពោល​គឺ​ពុំទាន់​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្របដណ្ដប់​លើ​ផ្ទៃដី​កសិកម្ម​បាន​១​០​០​ភាគរយ​នៅឡើយ​ទេ​។​

​លោក​បន្ត​ថា​៖​ ​«​យើង​កំពុង​បង្កើន​ការ​យកចិត្តទុកដាក់​ ​ដើម្បី​ឆ្លើយ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​ ​ប៉ុន្តែ​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​ ​យើង​អន្តរា​គម​តាម​ភាព​ជាក់ស្ដែង​។​ ​យើង​មាន​គម្រោង​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​របស់យើង​ដែរ​ ​តែ​យើង​ជួប​បញ្ហា​ខ្វះ​ថវិកា​»​។​

​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​កញ្ញា​ ​អ៊ឹម​ ​រចនា​ ​បាន​បញ្ជាក់​ថា​ ​ក្រសួង​ ​កំពុង​ធ្វើការងារ​នេះ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អាជ្ញាធរ​ខេត្ត​បាត់​ដំបង​និង​ក្រសួង​ធនធាន​ទឹក​ ​ដើម្បី​បញ្ចេញ​ទឹក​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្នែក​ខាងលើ​ ​ហើយ​បញ្ជូន​ទៅកាន់​ផ្ទៃដី​ស្រូវ​ស្រែ​ដែល​ត្រូវការ​ជួយសង្គ្រោះ​ពី​ភាព​រាំង​ស្ងួត​។​

​លោក​ ​សុទ្ធ​ ​គឹម​កុ​ល​មុនី​ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បញ្ជាក់​ថា​ ​ក្នុង​ប៉ុន្មាន​ស​ប្ដាហ៍​មកនេះ​ ​ស្ថានភាព​ភ្លៀង​មាន​ភាព​រអាក់រអួល​ ​គឺ​ភ្លៀង​មិន​មាន​ភាព​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស​ឡើយ​។​ ​ស្ថានភាព​ទឹកភ្លៀង​បែប​នេះ​ធ្វើ​ឱ្យ​តំបន់​ប៉ះពាល់​ដំណាំស្រូវ​ដោយសារ​ការ​ខ្វះខាត​ទឹក​។​

​លោក​ថា​ ​ពេលនេះ​លោក​កំពុង​ប្រមូល​ស្ថិតិ​ផ្ទៃដី​កសិកម្ម​នៅ​ទូទាំង​ប្រទេស​ ​ដែល​រងគ្រោះ​ដោយ​ភាព​រាំង​ស្ងួត​ ​។​

​លោក​បន្ថែម​ថា​៖​ ​«​យើង​បាន​ណាំ​នែ​ពី​វិធានការ​ត្រៀម​សង្គ្រោះ​ដំណាំ​កសិកម្ម​ចាប់តាំង​ពីដើម​រដូវវស្សា​មក​ម្ល៉ោះ​ ​ព្រោះថា​ក្នុងឆ្នាំនេះ​យើង​អាច​នឹង​ខ្វះខាត​ទឹក​សម្រាប់​ធ្វើ​កសិកម្ម​ក្នុង​រដូវវស្សា​ ​ដោយសារតែ​បាតុភូត​អែ​ល​នី​ញ៉ូ (​E​l​ N​in​o)​ធ្វើ​ឱ្យ​បរិមាណ​ទឹកភ្លៀង​មាន​ក​ម្រិ​ត​ខ្សោយ​ ​ដែល​បណ្ដាល​ឱ្យ​មាន​ភាព​រាំង​ស្ងួត​»​៕​

Related Posts

Previous Article

កម្ពុជាទទួលបាន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣​លាន​នាក់​ក្នុង​រយៈពេល ​៧​ខែ​

Next Article

​ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​ទឹកប្រាក់​១​២​,​៧​ ​ពាន់​លាន​ដុល្លារ​