​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ណែនាំ​ឱ្យ​ការពារ​ទីតាំង​ភូមិ​ចាស់​ក្នុង​តំបន់​អង្គរ​ ​ក្រោយ​ពី​ពលរដ្ឋ​ចាកចេញ​ទៅ​នៅ​ទីតាំង​ថ្មី

​ត​ន​ ​វិបុល​ / Khmer Times Share:
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការអភិវឌ្ឍតំបន់រុនតាឯកនិងពាក់ស្នែងនៅខេត្តសៀមរាបកាលពីថ្ងៃពុធ។ រូបភាព៖ ក្រសួងរៀបចំដែនដី

​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​​នគរូ​ប​នី​យ​កម្ម​ ​និង​សំណង់​ ​បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ការពារ​ទីតាំង​ដី​ភូមិ​ចាស់​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​បន្ទាប់ពី​ពួកគេ​ស្ម័គ្រ​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​នៅ​តំបន់​អភិវឌ្ឍ​ភូមិ​រុន​តា​ឯក​ស្ថិត​ក្នុងស្រុក​បន្ទាយស្រី​ ​និង​តំបន់​អភិវឌ្ឍ​ភូមិ​ពាក់ស្នែង​ស្ថិតនៅ​ស្រុក​អង្គរធំ​ ​នៃ​ខេត្ត​សៀមរាប​។​

​ការណែនាំ​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ភូមិ​រុន​តា​ឯក​និង​ភូមិ​ពាក់ស្នែង​នៅ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃពុធ​។​

​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​គ​នរូ​ប​នី​យ​កម្ម​ ​និង​សំណង់​ ​បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​សៀមរាប​ ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​និង​អាជ្ញាធរ​ជាតិ​អប្សរា​ ​ត្រូវការ​ពារ​ដី​ដែល​ពលរដ្ឋ​ស្ម័គ្រ​រុះរើ​ទៅ​នៅ​ទីតាំង​ថ្មី​ ​ហើយ​ត្រូវ​ទប់​ស្កាត់​ការ​ចូល​មក​តាំងទីលំនៅ​ថ្មី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក​បាន​ស្នើ​ក្រសួង​បរិស្ថាន​ដាំ​កូនឈើ​ឡើងវិញ​នៅ​ទីតាំង​ដែល​ពលរដ្ឋ​ស្ម័គ្រ​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​នៅ​តំបន់​អភិវឌ្ឍ​ភូមិ​រុន​តា​ឯក​និង​ពាក់ស្នែង​។​

​ទន្ទឹម​នេះ​លោក​ ​សាយ​ ​សំ​អា​ល់ ​បាន​ជំរុញ​ឱ្យ​ពន្លឿន​ការ​ចេញ​ប​ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រ​ចាក​ចេញ​ទៅ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​រុន​តា​ឯក​និង​តំបន់​អភិវឌ្ឍន៍​ភូមិ​ពាក់ស្នែង​ ​ហើយ​មិន​អនុញ្ញាត​ឱ្យ​មាន​ចរន្ត​លក់ដូរ​ទីតាំង​ដី​នោះ​ជាដាច់ខាត​។​

​លោក​ ​លី​ ​វណ្ណៈ​ ​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប​ ​បាន​និយាយ​ថា​៖​ ​«​គាត់​បាន​ណែនាំ​ដល់​អាជ្ញាធរ​សហការ​គ្នា​ទប់​ស្កាត់​ការ​ចូល​មក​តាំងទីលំនៅ​ថ្មី​លើ​ភូមិ​ចាស់​ដែល​ពលរដ្ឋ​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ ​និង​តំបន់​ផ្សេងៗ​ទៀត​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​»​។​

​លោក​បន្ត​ថា​៖​ ​«​តាមពិត​ ​រាល់ថ្ងៃ​យើង​បាន​ទប់​ស្កាត់​ការ​ចូល​មក​តាំងទីលំនៅ​ថ្មី​។​ ​ដូច​យើង​ដឹង​ស្រាប់ហើយ​ ​គឺ​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​សង់​ទី​លំនៅឋាន​ក្នុង​តំបន់​ដែល​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឡើយ​»​។​

​កាលពី​ពេល​កន្លងមក​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ​ផ្ដល់​ដី​លំនៅឋាន​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​រុន​តា​ឯក​ក្នុង​ស្រុក​បន្ទាយស្រី​ ​និង​តំបន់​អភិវឌ្ឍន៍​ភូមិ​ពាក់ស្នែង​ក្នុង​ស្រុង​អង្គរធំ​ ​ខេត្ត​សៀមរាប​ ​ជា​ថ្នូរ​នឹង​ការណ៍​ដែល​ពលរដ្ឋ​ស្ម័គ្រ​រុះរើ​ទី​លំនៅឋាន​ដែល​ខុសច្បាប់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​តាម​គោលការណ៍​ ​ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​ទទួល​បាន​ដី​ទំហំ​២​០​ម៉ែត្រ​x​៣​០​ម៉ែត្រ​សម្រាប់​សង់​លំនៅឋាន​ជាមួយនឹង​ការ​សា​សង់​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​នានា​ ​ដូចជា​ប្រព័ន្ធ​អគ្គិសនី​ ​ប្រព័ន្ធ​ទឹក​ស្អាត​ ​ប្រព័ន្ធ​លូ​ ​ផ្លូវថ្នល់​ ​ផ្សារ​ ​មន្ទីរពេទ្យ​ ​និង​សាលារៀន​ជាដើម​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទាំង​ពីរ​ ​ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ដែល​ទើប​តែ​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​រស់នៅ​ក្នុង​ភូមិ​ថ្មី​នោះ​។​

​លោក​ ​លី​ ​វណ្ណៈ​ ​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប​ ​បាន​ឱ្យ​ដឹង​ថា​ ​គិត​មកដល់ពេលនេះ​ ​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាក​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន​ ​៩​ ​៨​៨​៩​នាក់​ដែល​បាន​ចាប់ឆ្នោត​ជ្រើសរើស​យក​ដី​ឡូ​តិ៍​ទំហំ​២​០​ម៉ែត្រ​x​៣​០​ម៉ែត្រ​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​រុន​តា​ឯក​និង​តំបន់​អភិវឌ្ឍន៍​ភូមិ​ពាក់ស្នែង​។​

​លោក​បន្ត​ថា​ ​ក្នុង​នោះ​មាន​ពលរដ្ឋ​ចំនួន​ ​៥​ ​៨​៦​៥​គ្រួសារ​បាន​ស្ម័គ្រចិត្ត​ទៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​រុន​តា​ឯក​ក្នុងស្រុក​បន្ទាយស្រី​ ​និង​ពលរដ្ឋ​ចំនួន​ ​៤​ ​០​២​៤​គ្រួសារ​បាន​ស្ម័គ​្រចិត្ត​ទៅ​តំបន់​អភិវឌ្ឍន៍​ពាក់ស្នែង​ក្នុងស្រុក​អង្គរធំ​ ​ខេត្ត​សៀមរាប​។​

​ក្រោយ​ពី​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​តាំងទីលំនៅ​ថ្មី​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ដាំ​ស្មៅ​និង​ដើមឈើ​ចម្រុះ​នៅ​លើ​ទីតាំង​ភូមិ​ចាស់​ទាំងនោះ​ ​ដើម្បី​កែ​លម្អ​វា​ក្លាយ​ជា​តំបន់​ពណ៌បៃតង​ដោយ​ដើមឈើ​និង​ស្មៅ​ដែល​ជា​ទ្រនាប់​ការពារ​ដ៏​សំខាន់​ដល់​ប្រាសាទបុរាណ​។​

​លោក​ ​ឡុង​ ​កុសល​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ធ្លាប់​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​យុទ្ធនាការ​ដាំ​ដើមឈើ​ ​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយនឹង​ស្ថាប័នរដ្ឋ​និង​ឯកជន​ ​ដើម្បី​ដាំ​ស្មៅ​និង​ដើមឈើ​លើ​ផ្ទៃ​ជិត​២​ហិកតា​នៅ​បរិវេណ​ខាងលិច​រមណី​ដ្ឋា​ន​អង្គរ​ ​ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ជា​តំបន់​មាន​ទេសភាព​បៃតង​។​

​លោក​បន្ថែម​ថា​ ​ដើមឈើ​ដែល​ត្រូវ​យក​មក​ដាំ​លើ​ទីតាំង​ភូមិ​ចាស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ពលរដ្ឋ​បាន​ចាក​ចេញ​នោះ​ ​ជា​កូនឈើ​បណ្ដុះ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ខណៈ​ស្មៅ​ដែល​ត្រូវ​ដាំ​លម្អ​ដែរ​នោះ​ ​គឺ​ត្រូវការ​ចំណាយ​ថវិកា​ទិញ​ពី​ទី​ផ្សារ​។​

​លោក​និយាយ​ថា​៖​ ​«​ពលរដ្ឋ​យើង​បាន​ចាកចេញ​ពី​ភូមិ​មួយ​ចំនួន​ ​ដូចជា​ភូមិ​ទក្សិណ​ត្បូង​ ​ភូមិ​វាល​ ​ភូមិ​ត្រពាំង​សេះ​ ​ភូមិ​មណ្ឌល​បី​ ​ភូមិ​ខ្វៀន​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អង្គរ​។​ ​ពួកគេ​នៅតែ​បន្ត​ស្ម័គ្រ​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ដែល​រដ្ឋាភិបាល​រៀបចំ​ជូន​ពួកគេ​»​។​

​លោក​បន្ត​ថា​៖​ ​«​យើង​មិនបាន​កំណត់​ចំនួន​គ្រួសារ​ក្នុង​ការ​ចាកចេញ​ទេ​ ​ប៉ុន្តែ​យើង​បាន​ជជែក​គ្នា​ជាមួយ​ពួក​គាត់​ពាក់ព័ន្ធ​នឹង​ទីតាំង​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បុរាណ​ ​ប៉ះពាល់​តម្លៃ​ស្នូល​នៃ​រមណី​ដ្ឋា​ន​អង្គរ​។​ ​យើង​ឃើញ​ថា​ពួកគាត់​បាន​ស្ម័គ្រចិត្ត​ចាក​ចេញ​ពី​ទីតាំង​សំខាន់​ៗ​ទាំងនោះ​»​៕​​​

Related Posts

Previous Article

​ប្រជាពលរដ្ឋ​សម្រុក​ចាកចេញ​ពី​ភ្នំពេញ​ ​ឆ្ពោះទៅ​ស្រុកកំណើត​នៅ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​

Next Article

​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ចូលរួម​ទប់​ស្កាត់​ការ​ផ្ដល់​សេវា​សុខាភិបាល​គ្មាន​ច្បាប់​