​ខេត្ត​ពោធិ៍សាត់​ ​ប្រកាស​ជ្រើសរើស​យុវជន ​ជិត​​៣​០​០​នាក់​ ​សិក្សាជំនាញ​វិជ្ជាជីវៈ​ និង​ បច្ចេកទេស​ដោយ​ឥត​​គិតថ្លៃ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
និស្សិតវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ កំពុងរៀនជំនាញវិជ្ជាជីវៈ។ រូបភាព៖ វិទ្យាស្ថាន

​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ពោធិ៍សាត់​ ​ប្រកាស​ជ្រើសរើស​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ ​និង​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ​ជិត​ ៣​០​០​នាក់​ ​ដើម្បី​សិក្សា​លើ​ជំនាញ​វិជ្ជាជីវៈ​ ​និង​បច្ចេកទេស​ ​ក​ម្រិ​ត​សញ្ញាបត្រ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​១​ (C1)​។​

​ក្នុង​សេចក្ដីជូនដំណឹង​របស់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ពោធិ៍សាត់​ ​កាលពី​ថ្ងៃចន្ទ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ជ្រើស​យុវជន​សម្រាប់​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ ​និង​បច្ចេកទេស​នេះ​ ​គឺ​ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ ​ដំណាក់កាល​ទី​១​ ​ស្តីពី​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​ជូន​ប្រជាពលរដ្ឋ​មកពី​គ្រួសារ​ក្រីក្រ​ ​និង​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ​ទូទាំង​ប្រទេស​ ​១​,​៥​លាន​នាក់​ ​ដោយ​ឥត​បង់ថ្លៃ​។​

​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ពោធិ៍សាត់​ ​បញ្ជាក់​ថា​ ​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​គឺ​មាន​ចំនួន​ ​៩​មុខជំនាញ​ដូចជា​ ​ការងារ​កំបោរ​ ​៣​០​នាក់​ ​ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​ ​៣​០​នាក់​ ​និង​ការដំឡើង​ប្រព័ន្ធ​បញ្ជា​ម៉ូ​ទ​័​រ​អគ្គិសនី​ ​៣​០​នាក់​។​

​ការ​ផ្សា​អគ្គិសនី​ ​៣​០​នាក់​ ​ការថែទាំ​និង​ជួសជុល​រថយន្ត​ ​៣​០​នាក់​ ​ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ​ ​៣​០​នាក់​ ​សេវាកម្ម​កុំព្យូទ័រ​ ​៣​០​នាក់​ ​សេវាកម្ម​ស​ម្អា​ង​កាយ​ ​៣​០​នាក់​ ​និង​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​ ​៣​០​នាក់​។​

​ក្នុង​លិខិត​បន្ថែម​ថា​ ​លក្ខខណ្ឌ​ចុះឈ្មោះ​ ​គឺ​យុវជន​មាន​អាយុ​ចាប់ពី​ ​១​៥​ឆ្នាំ​ ​ដល់​ ​៤​៥​ឆ្នាំ​ ​ដែល​មាន​ប​ណ្ណ​សមធម៌​(​ក្រ​១​ ​ឬ​ ​ក្រ​២​) ​ឬ​ប​ណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ​។​

​កាលបរិច្ឆេទ​ទទួលពាក្យ​ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​ ​រហូតដល់​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​

​សិស្ស​ដែល​មកពី​គ្រួសារ​ក្រីក្រ​ ​និង​ងាយ​រង​ ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​ ​២​៨​០​,​០​០​០​រៀល​ ​ក្នុង​១​ខែ​ ​ដោយ​សិក្សា​ពេញ​ម៉ោង​ចាប់ពី​ថ្ងៃចន្ទ​-​សុក្រ​ ​និង​ថ្ងៃសៅរ៍​-​អាទិត្យ​។​

​លោក​ ​កត្តា​ អ៊​ន​ ​អ្នកនាំពាក្យ​ក្រសួងការងារ​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ​បាន​ឱ្យ​ដឹង​ថា​ ​យុវជន​ដែល​ពុំទាន់​មាន​ជំនាញ​ច្បាស់លាស់​ ​គួរ​ចាប់​យក​ឱកាស​ចូលរៀន​វគ្គ​ជំនាញ​ខ្លី​ដែល​រដ្ឋាភិបាល​ផ្តល់​ជូន​ ​តាមរយៈ​កម្មវិធី​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ ​និង​បច្ចេកទេស​។​

​លោក​បន្ត​ថា​ ​យុវជន​ម្នាក់​គួរ​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំ​ជីវិត​ ​ដើម្បី​មាន​ចំណេះ​ដឹង​មួយ​ច្បាស់លាស់​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ ​ជួយ​គ្រួសារ​ ​និង​សង្គមជាតិ​។​

​លោក​​ថា​ ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ ​គឺជា​ស្ពាន​អាច​ឱ្យ​យុវជន​រកចំណូល​បាន​សម្រាប់​ខ្លួនឯង​ ​និង​អាច​មានលទ្ធភាព​បន្ត​ការ​សិក្សា​រហូត​ដល់​ថ្នាក​់ឧត្ដម​សិក្សា​ទៀត​ផង​។​

​លោក​បញ្ជាក់​ថា​ ​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ ​និង​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ​ ​នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន​ ​២​៨​ម៉ឺន​រៀល​ ​ក្នុង​១​ខែ​ ​ប៉ុន្តែ​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង​ ​ឬ​ក្រៅ​ប្រព័ន្ធ​ ​ឬ​កម្មករ​ ​និយោជិត​ដែល​មាន​បំណង​រៀន​ជំនាញ​បន្ថែម​ ​ក៏​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ ​តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​យុវជន​គ្រួសារ​ក្រីក្រ​ ​និង​ងាយ​រង​ហា​និ​ភ័យ​នោះ​ទេ​។​

​អ្នកនាំពាក្យ​បន្ថែម​ថា​ ​មុខជំនាញ​សម្រាប់​ជំហាន​ដំបូង​មាននៅ​ក្នុង​វិ​ស​័​យ​អាទិភាព​ដូចជា​ វិ​ស​័​យ​សំណង់​ ​អគ្គិសនី​និង​ថាមពល​ អេ​ឡិច​ត្រូនិ​ក​ ​បរិក្ខារ​ត្រជាក់​និង​ក​ម្ដៅ ​កម្មន្តសាល​ ​មេ​កា​និ​ក​ទូទៅ​ ​ជួសជុល​រថយន្ត​ ​ទេសចរណ៍​ ​សេវាកម្ម​ ​កសិកម្ម​ ​និង​ក​សិ-​ឧស្សាហកម្ម​ ​ធុរកិច្ច​ ​និង​ព័ត៌មាន​។​

​យុវជន​ ​ហំ​ ​រដ្ឋា​ ​មកពី​គ្រួសារ​ក្រីក្រ​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​រីករាយ​ខ្លាំង​ណាស់​ ​ដែល​រដ្ឋាភិបាល​ ​ផ្ដល់​ឱកាស​ឱ្យ​សិក្សា​ជំនាញ​មួយ​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រកបមុខរបរ​ ​ក៏​ដូច​រក​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ ​ក្រោយ​ពី​សិក្សា​ជំនាញ​មួយ​ច្បាស់លាស់​។​

​លោក​បន្ថែម​ថា​៖​ ​«​ខ្ញុំ​នឹង​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ជួសជុល​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​ព្រោះ​ជំនាញ​នេះ​កំពុង​មាន​តម្រូវ​ការ​ក្នុង​ទី​ផ្សារ​ ​និង​អាច​​​រក​ចំណូល​បាន​លឿន​សម្រាប់​ជួយ​សម្រាល​បន្ទុក​គ្រួសារ​»​។​

​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ​និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ ​និង​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ​ ​កាលពី​ទី​១​៤​វិច្ឆិកា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​បាន​ណែនាំ​ដល់​ក្រសួងការងារ​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ​ត្រូវ​សហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ដៃគូ​ពាក់ព័ន្ធ​ទាំង​អស់​ ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​គ្រួសារ​ក្រីក្រ​ ​និង​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ​ ​ព្រមទាំង​បុគ្គល​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​និង​ក្នុង​ប្រព័ន្ធ​ ​អំពី​ឱកាស​បណ្ដុះ​បណ្ដាល​ ​និង​ការ​ចុះឈ្មោះ​រៀន​នៃ​កម្មវិធី​ខាងលើ​នេះ​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​អំពាវនាវ​ដល់​អាណាព្យាបាល​ជួយ​ជំរុញលើក​ទឹក​ចិត្ត​ ​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សមាជិក​គ្រួសារ​ឱ្យ​មក​ចុះឈ្មោះ​ចូលរៀន​ ​និង​មក​រៀន​ឱ្យ​បាន​ទៀង​ទាត់​ឱ្យ​ចប់​វគ្គ​បណ្តុះបណ្តាល​ ​ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ពិតប្រាកដ​ ​ដែល​អាច​ទទួល​បានការ​ងារ​ ​និង​មុខរបរ​សមរម្យ​ ​និង​មាន​ស្ថិរភាព​ចំណូល​។​

​លោក​ក៏បាន​ណែនាំ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ត្រូវ​គ្រប់គ្រង​វត្តមាន​របស់​សិស្ស​ឱ្យ​បាន​ល្អ​ ​និង​ធានា​បាន​នូវ​ការ​ប្រឡង​បញ្ចប់​វគ្គ​ប្រកបដោយ​តម្លា​ភាព​ ​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​៕

Related Posts

Previous Article

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​លោក​ ​ហ៊ុន​ ​សែន​ ​ឧបត្ថម្ភ​ទូកប្រណាំង​ ​៤​០​ទូក​ ​ក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក​

Next Article

​លោក​ ​ហ៊ុន​ ​សែន​ ​គាំទ្រ​ឱ្យ​សមាគម​ អ្នក​និពន្ធ​ខ្មែរ​បង្កើត​ទិវា​នៃ​អ្នកនិពន្ធ