​រដ្ឋាភិបាល​កែប្រែ​ទំហំផ្ទៃ​ដី​ឧទ្យាន​ជាតិ​ដើម្បី​ធានា​និរន្តរភាព​ការគ្រប់គ្រង​ធនធានធម្មជាតិ​

​ត​ន​ ​វិបុល​ / Khmer Times Share:
ឧទ្យានជាតិវីរជ័យ ក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។​ រូបភាព៖ ក្រសួងទេសចរណ៍

 

​រដ្ឋាភិបាល​នៅ​ចុង​អាណត្តិ​ទី​៦​នេះ​ ​បាន​សម្រេច​កែប្រែ​ទំហំផ្ទៃ​ដី​ឧទ្យាន​ជាតិ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​បង្កើន​ផ្ទៃដី​កាន់​តែ​មាន​ទំហំ​ធំ​ជាង​មុន​ ​ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​ ​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​ ​ការ​លើក​ក​ម្ពស់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​ការ​រក្សា​លំនឹង​បរិស្ថាន​ ​និង​ការចូលរួម​ចំណែក​កាន់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​និង​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។​

​ឧទ្យាន​ជាតិ​ដែល​ត្រូវ​បាន​កែប្រែ​ទំហំផ្ទៃ​ដី​នោះ​ ​រួម​មាន​ឧ​ទ្យា​ជាតិ​ព្រះ​មុនីវង្ស​បូកគោ​ ​ឧ​ទ្យា​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ ​ឧ​ទ្យា​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង​ ​ឧទ្យាន​ជាតិ​កែប​ ​ឧ​ទ្យា​ជាតិ​វីរៈ​ជ័យ​ ​ឧ​ទ្យា​ជាតិ​បទុម​សាគរ​ ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ​និង​ដែន​ជម្រក​សត្វព្រៃ​គូ​លេ​ន​-​ព្រហ្ម​ទេព​។​

​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែងប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​ការ​កែប្រែ​ឧទ្យាន​ជាតិ​និង​ដែន​ជម្រក​សត្វព្រៃ​ទាំងនេះ​ ​បន្ទាប់​មាន​ការ​សម្រួល​ព្រំប្រទល់​ដី​តំបន់​ការពារ​ធម្មជាតិ​។​ ​ការ​កែ​សម្រួល​ព្រំ​ដី​នេះ​ ​ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​និង​អាស្រ័យផល​ជា​យូរឆ្នាំ​មក​ហើយ​។​

​លោក​បន្ត​ថា​ ​ការ​កែ​សម្រួល​ព្រំ​ដី​នេះ​ ​ដោយ​ឈ​រលើ​មូលដ្ឋាន​នៃ​បច្ចេកទេស​និង​ទីតាំង​នៃ​តំបន់​ទាំងអស់​នោះ​ដោយ​ក្រសួង​បរិស្ថាន​បញ្ចូល​នូវ​ទំហំផ្ទៃ​ដី​ដែល​នៅ​សេសសល់​មួយ​ចំនួន​ ​ដើម្បី​ធានា​ការ​គ្រប់គ្រង​តំបន់​អភិ​រក្ស​ធនធានធម្មជាតិ​។​

​លោក​បន្ត​ថា​៖​ ​«​ការរៀបចំ​នូវ​តំបន់​ទាំងអស់​នេះ​ ​គឺ​ដើម្បី​ងាយ​ស្រួល​ការ​ការពារ​និង​គ្រប់គ្រង​។​ ​មួយទៀត​ការកំណត់​នូវ​ផ្ទៃដី​បង្កើន​នោះ​ ​ដើម្បី​ជា​មូលដ្ឋាន​ចុះបញ្ជី​ដី​រដ្ឋ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ​ហើយ​បោះបង្គោល​ព្រំ​ដើម្បី​កំណត់​តំបន់​ក្នុង​បំណង​ទប់​ស្កាត​ការពារ​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់យើង​»​។​

​អនុក្រឹត្យ​មួយ​ក្នុងចំណោម​អនុក្រឹត្យ​ទាំង​ប្រាំ​បី​ ​ស្ដីពី​ការ​កែប្រែ​ឧ​ទ្យា​នជាតិ​និង​ដែក​ជម្រក​សត្វព្រៃ​ ​ចុះ​នៅ​ថ្ងៃ​ទី​១៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ដែល​មាន​ហត្ថលេខា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​សម្រេច​ថា​ ​ឧទ្យាន​ជាតិ​ព្រះ​មុនីវង្ស​បូកគោ​ត្រូវ​បាន​បង្កើន​ផ្ទៃដី​ពី​ទំហំ​ ​១​៥​៤​ ​៤​៥​៨​ហិកតា​ ​មក​ផ្ទៃដី​ទំហំ​ ​១​៥​៦​ ​១​១​៦​ហិកតា​។​ ​វា​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ​កំពង់ស្ពឺ​ ​និង​ខេត្ត​ព្រះ​សី​ហ​នុ​។​

​អនុក្រឹត្យ​ដដែល​បញ្ជាក់​ថា​ ​ផ្ទៃដី​ដែល​ត្រូវ​បង្កើន​សម្រាប់​ឧ​ទ្យាន​ជាតិ​ព្រះ​មុនីវង្ស​បូកគោ​ ​គឺ​បាន​មកពី​ការ​បញ្ចូល​គ្នា​រវាង​ផ្ទៃដី​តំបន់​ឧ​ទ្យា​នជាតិ​ព្រះ​មុនីវង្ស​បូកគោ​ដែល​មាន​ទំហំ​ ​
១៥៤​ ​៤​៥​៨​ហិកតា​ ​និង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-កុសមៈ ​ហើយនិង​ផ្នែក​ខ្លះ​នៃ​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ ​ដែល​មានផ្ទៃ​ដី​ ​១​ ​៦​៥​៨​ហិកតា​។​

​អនុក្រឹត្យ​កែប្រែ​ឧ​ទ្យា​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ ​បាន​សម្រេច​ថា​ ​ឧ​ទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ឧ​ទ្យា​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ ​«​ភ្នំ​គូ​លេ​ន​»​ ​និង​បង្កើន​ផ្ទៃដី​ពី​ទំហំ​ ​៣​៧​ ​៥​០​០​ហិកតា​ ​មក​ផ្ទៃដី​ទំហំ​ ​៦២ ៨៨៣​ហិកតា​ ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប​។​ ​អនុក្រឹត្យ​នេះ​បញ្ជាក់​ថា​ ​ផ្ទៃដី​ដែល​ត្រូវ​បង្កើន​សម្រាប់​ឧ​ទ្យា​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម​ ​«​ភ្នំ​គូ​លេ​ន​»​ ​គឺ​បាន​មក​ពី​ការ​បញ្ចូល​គ្នា​រវាង​ផ្ទៃដី​តំបន់​ឧ​ទ្យា​នជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ ​«​ភ្នំ​គូ​លេន​»​ ​ដែល​មាន​ទំហំ​ ​៣​៧​ ​៥​០​០​ហិកតា​ ​និង​តំបន់​ការពារ​ធម្មជាតិ​ ​ហើយ​និង​ផ្នែក​ខ្លះ​នៃ​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ឧត្តរ​ ​ដែល​មាន​ផ្ទៃ​ដី​ទំហំ​ ​២​៥​ ​៣​៨​៣​ហិកតា​។​

​អនុក្រឹត្យ​កែប្រែ​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង​ ​បាន​សម្រេច​ថា​ ​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង​ ​ត្រូវ​បាន​បង្កើន​ផ្ទៃ​ដី​ពី​ទំហំ​ ​៥​៧​ ​៤​៦​៩​ហិកតា​ ​មក​ផ្ទៃដី​ទំហំ​ ​២​៨​០​ ​៣​៥​៩​ហិកតា​។​ ​វា​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគិរី​និង​ស្ទឹង​ត្រែង។​ ​អនុក្រឹត្យ​នេះ​បន្ត​ថា​ ​ផ្ទៃដី​ដែល​ត្រូវ​បង្កើន​សម្រាប់​ឧ​ទ្យា​ជាតិ​
វើ​ន​សៃ​-​សៀម​ប៉ាង​ ​គឺ​បាន​មកពី​ការ​បញ្ចូល​គ្នា​រវាង​ផ្ទៃដី​តំបន់​ឧ​ទ្យា​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង​ ​ដែល​មាន​ទំហំ​ ​៥​៧​ ​៤​៦​៩​ហិកតា​ ​និង​ផ្នែក​ខ្លះ​នៃ​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ឧត្តរ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ ​ដែល​មានផ្ទៃ​ដី​ទំហំ​ ​២​២​២​ ​៨​៩​០​ហិកតា​។​

​អនុក្រឹត្យ​កែប្រែ​ឧ​ទ្យា​នជាតិ​កែប​ ​បាន​សម្រេច​ថា​ ​ឧទ្យាន​ជាតិ​កែប​ត្រូវ​បាន​បង្កើន​ផ្ទៃដី​ពី​ទំហំ​ ​១​ ​១​៥​២​ហិកតា​ ​មក​ផ្ទៃដី​ទំហំ​ ​១​ ​២​៣​០​ហិកតា​ ​ដែល​ជា​ការពង្រីក​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​តែម្ដង​។​

​អនុក្រឹត្យ​កែប្រែ​ឧទ្យាន​ជាតិ​វីរជ័យ​ ​បាន​សម្រេច​ថា​ ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ត្រូវ​បាន​បង្កើន​ផ្ទៃដី​ពី​ទំហំ​ ​៣​៣​២ ៥០០​ហិកតា​ ​មក​ផ្ទៃដី​ទំហំ​ ​៤​០​៥​ ​៧​៦​៦​ហិកតា​។​ ​ឧទ្យាន​ជាតិ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគិរី​និង​ស្ទឹង​ត្រែង​។​ ​ការ​បង្កើន​ផ្ទៃដី​ឧទ្យាន​ជាតិ​វីរ​ជ័យ​ ​គឺ​មាន​មកពី​បូក​បញ្ចូល​គ្នា​រវាង​ផ្ទៃដី​តំបន់​ឧ​ទ្យា​ជាតិ​ដែល​មាន​ទំហំ​៣​៣​២​ ​៥​០​០​ហិកតា​ ​និង​តំបន់​ការពារ​ធម្មជាតិ​ ​ហើយនិង​ផ្នែក​ខ្លះ​នៃ​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ឦ​សាន្ត​ ​ដែល​មានផ្ទៃ​ដី​ទំហំ​ ​៧​៣​ ​២​៦​៦​ហិកតា​។​

​អនុក្រឹត្យ​កែប្រែ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ​បាន​សម្រេច​ថា​ ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ត្រូវ​បាន​ត្រូវ​បាន​បង្កើន​ផ្ទៃដី​ទំហំ​ ​២​៥​៣​ ​៧​៥​០​ហិកតា​ ​មក​ផ្ទៃដី​ទំហំ​ ​២៥៨ ១៧២​ហិកតា។​ ​ដែន​ជម្រក​សត្វព្រៃ​នេះ​ ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ ​កំពង់ឆ្នាំង​ ​និង​ពោធិ៍សាត់​។​ ​ការ​បង្កើន​ទំហំផ្ទៃ​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ​គឺ​បាន​ពី​ការ​បញ្ចូល​គ្នា​រវាង​តំបន់​ការពារ​ធម្មជាតិ​ដែល​មានផ្ទៃ​ដី​ទំហំ​ ​២​៥​៣​ ​៧​៥​០​ហិកតា​ ​និង​ផ្នែក​ខ្លះ​នៃ​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ជួរភ្នំ​ក្រ​វ៉ា​ញ​ ​ដែល​មានផ្ទៃ​ដី​ទំហំ​ ​៤​ ​៤​២​២​ហិកតា​។​

​អនុក្រឹត្យ​កែប្រែ​ដែន​ជម្រក​សត្វព្រៃ​គូ​លេ​ន​-​ព្រហ្ម​ទេព​ ​បាន​សម្រេច​ថា​ ​ដែន​ជម្រក​សត្វព្រៃ​គូ​លេ​ន​-​ព្រហ្ម​ទេព​ ​ត្រូវ​បាន​បង្កើន​ផ្ទៃដី​ពី​ ​៤​០​២​ ​៥​០​០​ហិកតា​ ​មក​ផ្ទៃដី​ទំហំ​ ​
៤​២​៨​ ​៩​២​១​ហិកតា​។​ ​ដែន​ជម្រក​សត្វព្រៃ​នេះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប​ ​ព្រះវិហារ​ ​និង​ខេត្ត​ឧត្ដរមានជ័យ។​ ​ការ​បង្កើន​ទំហំផ្ទៃ​ដី​ដែន​ជម្រក​សត្វព្រៃ​គូ​លេ​ន​-​ព្រហ្ម​ទេព​ ​គឺ​បាន​មកពី​ការ​បញ្ចូល​គ្នា​រវាង​តំបន់​ការពារ​ធម្មជាតិ​ដែល​មាន​ផ្ទៃ​ដី​ទំហំ​៤​០​២​ ​៥​០​០​ហិកតា​ ​និង​ផ្នែក​ខ្លះ​នៃ​របៀង
​អភិ​រក្ស​ជីវៈ​ចម្រុះ​ឧត្ដរ​ ​ដែល​មានផ្ទៃ​ដី​ទំហំ​ ​២​៦​ ​៤​៧​១​ហិកតា​។​

​ដោយឡែក​សម្រាប់​ខ្លឹមសារ​នៅ​ក្នុង​អនុក្រឹត្យ​កែប្រែ​ឧទ្យាន​ជាតិ​បទុម​សាគរ​វិញ​ ​បាន​សម្រេច​ថា​ ​ឧទ្យាន​ជាតិ​នេះ​ត្រូវ​បាន​កែប្រែ​ផ្ទៃដី​ពី​ទំហំ​ ​១​៧​១​ ​២​៥​០​ហិកតា​មក​ផ្ទៃដី​ទំហំ​ ​១​៤​៣​ ​៨​៩​៥​ហិកតា​ ​ប៉ុន្តែ​នៅ​ក្នុង​អនុក្រឹត្យ​បាន​បញ្ជាក់​ថា​ ​ផ្ទៃដី​ទំហំ​ ​២​៧​ ​៣​៥​៥​ហិកតា​ដែល​បាន​កាត់ចេញ​នោះ​ត្រូវធ្វើ​អ្វី​នោះ​ទេ​។​ ​ឧទ្យាន​ជាតិ​នេះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះ​កុង​។​

​នៅ​ក្នុង​អនុក្រឹត្យ​ទាំង​ប្រាំ​បី​នោះ​ ​បាន​លើកឡើង​ថា​ ​ក្រសួង​បរិស្ថាន​មានសមត្ថកិច្ច​រៀបចំ​ការ​កែប្រែ​និង​គ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​ទាំងនេះ​ ​ដោយ​សហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ ​រដ្ឋបាល​ខេត្ត​ ​ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​បរិស្ថាន​ ​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​ ​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ ​និង​ការរស់នៅ​ដោយ​ចីរភាព​ស្រប​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន​។​

​ខ្លឹមសារ​អនុក្រឹត្យ​ទាំងនោះ​បាន​បញ្ជាក់​ថា​៖​ ​«​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​ពាក់ព័ន្ធ​នឹង​ការកំណត់​តំបន់​សហគមន៍​ ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ ​ការ​វិនិយោគ​ ​ការ​ចេញ​ប័ណ្ណ​ដីធ្លី​ ​ឬ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដីធ្លី​ដែល​អនុលោម​តាម​ព្រះរាជក្រឹត្យ​ស្តីពី​ការ​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ ​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជាធរមាន។​ ​វា​ត្រូវ​មាន​អានុភាព​អនុវត្ត​បន្ត​រហូតដល់​មាន​លិខិត​បទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ​»​។​

​លោក​ ​ឃឹម​ ហ្វី​ណង់​ ​អភិបាល​រង​ខេត្ត​សៀមរាប​ ​បាន​លើក​ឡើង​ថា​ ​ការ​បង្កើន​ទំហំផ្ទៃ​ដី​ឧ​ទ្យា​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ ​«​ភ្នំ​គូ​លេ​ន​»​ ​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ឧ​ទ្យា​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ ​«​ភ្នំ​គូ​លេ​ន​»​ ​និង​តំបន់​ការពារ​ធម្មជាតិ​ ​ព្រមទាំង​ផ្នែក​ខ្លះ​នៃ​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ឧត្តរ​ក្នុង​ខេត្ត​សៀមរាប​។​

​លោក​និយាយ​ថា​ ​ការ​បញ្ចូន​គ្នា​នេះ​ ​គឺ​មិន​ផល​ប៉ះពាល់​ដល់​ផ្ទៃដី​របស់​ប្រជា​សហគមន៍​ទេ​ ​ព្រោះ​ផ្ទៃដី​ទាំងអស់​ដែល​ដាក់បញ្ចូល​គ្នា​ក្នុង​ឧ​ទ្យា​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ ​
«​ភ្នំ​គូ​លេន»​ ​បាន​ចែង​ក្នុង​ច្បាប់​ជា​តំបន់​ការពារ​ធម្មជាតិ​ឆ្នាំ​១៩៩៣​ ​និង​តំបន់​អភិ​រក្ស​ជីវៈ​ចម្រុះ​ឆ្នាំ​២​០​០​៧​។​ ​លោក​បន្ថែម​ថា​៖​ ​«​ការ​ក​ែប្រែ​នេះ​ ​ដើម្បី​ធានា​ការ​គ្រប់គ្រង​វា​»​។​

​លោក​ ​ហេង​ ​គឹម​ហុង​ ​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ ​និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ ​បាន​សាទរ​ចំពោះ​ការពង្រីក​ទំហំផ្ទៃ​ដី​សម្រាប់​ឧ​ទ្យា​នជាតិ​ទាំងអស់​នេះ​ ​ហើយ​ថែមទាំង​ជំរុញ​ឱ្យ​មាន​ការ​ពារ​បន្ថែម​ទៀត​ ​ជាពិសេស​យន្ត​ការពង្រីង​ចំនួន​ឧ​ទ្យានុ​រក្ស​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។​ ​បន្ថែម​ពី​នេះ​ ​គឺ​ស្នើ​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជា​សហគមន៍​ ​និង​មិន​ត្រូវ​បង្ក​ស្មុគ​ស្មាញ​ដល់​ពួក​គេ​។​ ​យ៉ាង​ណា​លោក​កត់​​សម្គាល់​ឃើញ​ថា​ ​ក្នុង​ចំណោម​ឧទ្យាន​ជាតិ​ទាំង​នេះ​ ​គឺ​ឧទ្យាន​ជាតិ​បទុម​សាគរ​ដើរតួ​យ៉ាង​សំខាន់​ពី​ការ​ផ្សារភ្ជាប់​ផ្នែក​ម្ខាង​នៃ​ភ្នំ​ក្រ​វ៉ា​ញ​ ​ដែល​ទីនោះ​ពោរ​ពេញ​ដោយ​គម្រប​ព្រៃឈើ​។​ ​វា​ជា​ព្រៃ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ជីវៈ​ចម្រុះ​ ​ប៉ុន្តែ​ផ្ទៃដី​ក្នុង​តំបន់​នោះ​ត្រូវ​បាន​កាត់ចេញ​ជា​បន្តបន្ទាប់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ​ដើម្បី​អភិវឌ្ឍ​ក្នុង​ទម្រង់​រូបភាព​ផ្សេងៗ​គ្នា​។​

​លោក​ព្រួយបារម្ភ​ពេល​ឃើញ​ស​ម្ម​ភាព​នេះ​មក​លើ​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ​ដែល​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​របស់​ជីវៈ​ចម្រុះ​ ​ជាពិសេស​ជា​ដែន​ជ​ម្រ​ករបស់​សត្វព្រៃ​។​ ​ដូច្នេះ​ប្រសិន​បើ​នៅតែ​កាត់​ផ្ទៃដី​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ដើម្បី​អភិវឌ្ឍ​ដោយ​គ្មាន​ការ​ពិគ្រោះ​យោ​បាល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទេ​ ​វា​ធ្វើ​ឱ្យ​ខាត់​បង់​ច្រើន​ដល់​ធនធានធម្មជាតិ៕

Related Posts

Previous Article

ក្រសួង​ស​ម្ពោធ​របាយការណ៍​រៀបរាប់​ពី​តម្រូវ​ការ​ជំនាញ​បច្ចេកវិទ្យា​តាម​វិ​ស័​យ​

Next Article

​តួប៉ម​ខាងជើង​ប្រាសាទ​ត្រពាំង​ល្ពៅ​កំពុង​ជួសជុល​ឡើងវិញ​