​ក្រសួង​មហាផ្ទៃ​បង្កើត​ក្រុម​ការងារ​សកម្មភាព​ជន​ពិការ​ក្រសួង​មហាផ្ទៃ​ដើម្បី​បង្កើន​ឱកាស​ក្នុង​ជួរ​រដ្ឋាភិបាល​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​ស​ ​សុខ​ា ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​សកម្មភាព​ជន​ពិការ​ក្រសួងមហាផ្ទៃ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​ ​រូបភាព​៖​ ​ក្រសួងមហាផ្ទៃ​

​ក្រសួងមហាផ្ទៃ​បង្កើត​ក្រុម​ការងារ​សកម្មភាព​ជន​ពិការ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ផ្ដល់​ការ​ពិគ្រោះ​យោបល់​ជំនាញ​លើ​បញ្ហា​ពិការភាព​និង​ការ​ស្ដារ​លទ្ធភាព​ពលកម្ម​ ​ដែល​ចូល​រួមចំណែក​បង្កើន​ឱកាស​សម្រាប់​ជន​មាន​ពិការភាព​ក្នុង​ជួរ​រដ្ឋាភិបាល​។​

​សេចក្ដី​សម្រេច​បង្កើត​ក្រុម​ការងារ​សកម្មភាព​ជន​ពិការ​ក្រសួង​មហាផ្ទៃ​ដែល​មាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០២៣​ ​ដោយ​លោក​ ​ស​ ​សុខា​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពីម្សិលមិញ​។​

​សេចក្ដី​សម្រេច​នោះ​បញ្ជាក់​ថា​ ​ក្រុម​ការងារ​នេះ​បង្កើត​ឡើង​ដោយ​យោង​តាម​តម្រូវ​ការ​ចាំបាច់​របស់​​​ក្រសួងមហាផ្ទៃ​ ​ដែល​មាន​លោក​ ​ស​ ​សុខា​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​កិត្តិយស​ ​មាន​លោក​ យុ​ន​ ឈុន្នី ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​ ​និង​មាន​អនុប្រធាន​១​៤​នាក់​ ​ព្រមទាំង​សមាជិក​៦​នាក់​។​

​លោក​ ​ស​ ​សុខា​ ​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​សម្រេច​នោះ​ថា​ ​ក្រុម​ការងារ​សកម្មភាព​ជន​ពិការ​ក្រសួង​មហាផ្ទៃ​មាន​តួនាទី​និង​ភារកិច្ច​ផ្ដល់​ការ​ពិគ្រោះ​យោបល់​លើ​បញ្ហា​ពិការភាព​និង​ស្ដារ​លទ្ធភាព​ពលកម្ម​ ​រៀបចំ​គោល​នយោបាយ​ផែនការ​និង​យុទ្ធសាស្ត្រ​ដែល​មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពិការភាព​។​ ​ជាង​នេះ​ទៅទៀត​ ​គឺ​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​ ​ច្បាប់​ ​និង​បញ្ជា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ពិការភាព​និង​ស្ដារ​លទ្ធភាព​ពលកម្ម​។​

​លោក​បន្ថែម​ថា​៖​ ​«​ពួកគេ​មាន​តួនាទី​និង​ភារកិច្ច​លើ​សំណើ​ជូន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការភាព​ ​ដើម្បី​កែ​សម្រួល​ធ្វើ​វិ​សោ​ធ​កម្ម​គោល​នយោបាយ​ច្បាប់​និង​បទបញ្ជា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពិការភាព​»​។​

​លោក​ ​ស​ ​សុខា​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពីម្សិលមិញ​ ​ក៏បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​សកម្មភាព​ជន​ពិការ​ក្រសួងមហាផ្ទៃ​ផង​ដែរ​ ​នៅ​ទីស្ដីការ​របស់​​​ក្រសួងមហាផ្ទៃ​។​

​លោក​ ​ទូច​ សុឃៈ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ពីម្សិលមិញ​ថា​ ​ក្រុម​ការងារ​សកម្មភាព​ជន​មាន​ពិការភាព​ក្រសួង​មហាផ្ទៃ​ជា​ក្រុម​ការងារ​មួយ​ដែល​ខុស​ពី​ក្រសួង​សង្គម​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​ដែល​ទទួល​បន្ទុក​លើ​សកម្មភាព​និង​ជន​មាន​ពិការភាព​ទូទៅ​។​

​លោក​ថា​ ​ចំណែក​ក្រុម​ការងារ​សកម្មភាព​ជន​ពិការ​ក្រសួងមហាផ្ទៃ​ ​ជា​មែកធាង​មួយ​ដែល​ចូលរួម​ជួយ​ក្រោម​ឆ័​ត្រ​របស់​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការភាព​កម្ពុជា​។​ ​ក្រុម​ការងារ​សកម្មភាព​ជន​ពិការភាព​ក្រសួង​មហាផ្ទៃ​មិនមែន​ទទួល​បន្ទុក​រ៉ាប់រង​ ​ផ្គត់ផ្គង់​ ​គាំទ្រ​ការ​ស្ដារ​យុ​វ​នីតិសម្បទា​របស់​ជន​មាន​ពិការភាព​ទូទៅ​នោះ​ទេ​។​

​លោក​ថា​ ​ក្រុម​ការងារ​សកម្មភាព​ជន​ពិការភាព​ថ្មី​របស់​​​ក្រសួងមហាផ្ទៃ​ស្ថិតនៅ​ក្រោម​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការភាព​របស់​កម្ពុជា​ ​ដែល​ក្រុមប្រឹក្សា​នេះ​ជា​ជា​យន្ត​ការ​សម្របសម្រួល​ថ្នាក់​ជាតិ​និង​ពិគ្រោះ​យោបល់​លើ​បញ្ហា​ពិការភាព​ ​ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២​០​០​៩​។​

​លោកថា​ ​ក្រុម​ការងារ​នេះចូលរួម​ពិនិត្យមើល​អំពី​ស្ថានភាព​នៃ​ពិ​ការភាព​ ​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ពិការភាព​ ​ផ្ដល់​យោបល់​ពាក់ព័ន្ធ​នឹង​ពិការភាព​ ​ក៏ដូចជា​ការរៀប​ចំ​គោល​នយោ​បាយ​ផែនការ​ស​កម្ម​ភាព​៕​

Related Posts

Previous Article

​រដ្ឋាភិបាល​កំណត់​គោលដៅ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​ព្រែកជីក​ ហ្វូណន​តេជោ​ត្រឹម​ខែ​មិថុនា​

Next Article

​គណៈកម្មាធិការ​ទីក្រុង​ឆ្លាតវៃ​និង​គណៈកម្មាធិការ​សម្របសម្រួល​រួម​ ​បើក​កិច្ចប្រជុំ​លើក​ទី​៥​ ​នៃ​គម្រោង​អនុវត្ត​វិធីសាស្ត្រ​ទីក្រុង​ឆ្លាត​វ៉ៃ