​គណបក្ស​ភ្លើងទៀន​ថា​ ៩០​ភាព​រយ​នៃ​អតីត​មេឃុំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈរឈ្មោះ​ឲ្យ​បក្ស​របស់ខ្លួន​

​បែន សុខ​ហ៊ាន / ខ្មែរ​ថា​ម​ស៍​ Share:
លោក ថាច់ សេដ្ឋា ប្រធានស្តីទី​គណបក្ស​ភ្លើងទៀន​ជួប​សំណេះសំណាល​ជាមួយ​អតីត​មេឃុំ​លេចធ្លោ​ម្នាក់ ក្នុង​ពិធី​ជួបជុំ​របស់​បក្ស​នៅ​ខេត្តបាត់ដំបង​។ ហ្វេ​ស​ប៊ុ​ក​

​ថ្វីត្បិតតែ​ទើបបាន​ដំណើរការ​ឡើងវិញ​នាពេល​ថ្មីៗ​នេះ បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ ក៏​គណបក្ស​ភ្លើងទៀន (CP) បាន​លេច​មុខជា​គណបក្សប្រឆាំង​ដ៏​សំខាន់ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ ក្រោយ​បានជ្រើសរើស​អតីត​មេឃុំ និង​ចៅសង្កាត់​ប្រមាណ ៩០ ភាគរយ​ក្នុងចំណោម​ជិត ៥០០ នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​រំលាយ​ដោយ​តុលាការ​។​

​ជា​លទ្ធផល លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​កាលពី​ម្សិលមិញ​ថា គណបក្ស CP ដែលជា​អតីត​គណបក្ស​សមរង្ស៊ី (SRP) ត្រូវបាន​ដាក់ឈ្មោះ​តាម​អតីត​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី នោះ​គឺជា​គណបក្ស​មួយ​ក្នុងចំណោម​គណបក្ស​ដ៏​ទៃ​ផ្សេងទៀត​ដែលមាន​សក្តានុពល​ក្នុងការ​ប្រជែង​យក​អាសនៈ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​នាពេលខាងមុខ ប្រសិនបើ​ពួកគេ​ប្រកាស​នូវ​គោលបំណង​ថា​នឹងចូលរួម​ក្នុងការ​បោះឆ្នោត​។​

​គណបក្ស​ភ្លើងទៀន​មាន​គោលដៅ​ចុះឈ្មោះ​បេក្ខជន​នៅ​ឃុំ​សង្កាត់​ទាំង ១,៦៥២ នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង ២៤ ទូទាំងប្រទេស​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ខ្មែរ​ថា​ម​ស៍​កាលពី​ម្សិលមិញ លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង និង​ជា​ប្រធានស្តីទី​គណបក្ស​ភ្លើងទៀន បាន​ឲ្យ​ដឹងថា ទោះបីជា​គណបក្ស​របស់​លោក​មិនទាន់​ប្រកាស​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃទី ៥ មិថុនា​ក៏ដោយ ក៏ CP បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជ្រើសរើស​បេក្ខជន​ដែលមាន​សក្តានុពល​។​

​លោក​និយាយថា​៖ «​ការ​រើស​បេក្ខជន​មិនមែនជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​ដោយសារ​ប្រជាជនមាន​ការចង់​ផ្តាស់​ប្ដូរ​មន្ត្រី​ថ្នាក់មូលដ្ឋាន​ខ្លាំង ដូចនេះ​អតីតមន្ត្រី​នៃ​គណបក្សនយោបាយ​ផ្សេងៗ​បានមក​ចូលរួម​ជាមួយ​ពួកយើង​ជា​បន្តបន្ទាប់​»​។​

​លោក​បន្តថា​៖ «​អតីត​មេឃុំ​ជាប់ឆ្នោត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រឡប់មក​ឈរឈ្មោះ​ជា​បេក្ខជន​មេឃុំ​សម្រាប់​គណបក្ស​ភ្លើងទៀន វា​សញ្ញា​នៃ​ជម្រើស​ក្នុង​បោះឆ្នោត​ឲ្យ​ជាប់​ជា​មេឃុំ​ជាថ្មី​…​ប្រហែល ៩០ ភាគរយ​នៃ​អតីត​មេឃុំ​ទាំងនោះ ឥឡូវ​ជា​បេក្ខជន​មេឃុំ​នៃ​គណបក្ស​របស់​យើង​»​។​

​លោ​កថា​គណបក្ស​របស់​លោក​នឹង​ប្រកាស​ជា​ផ្លូវការ​ចំពោះ​ការចូលរួម​ក្នុងការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​មុនពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចាប់ផ្តើម​។​

​យោងតាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណបក្សនយោបាយ​មាន​ពេល​បី​ថ្ងៃ​ដើម្បី​ចុះឈ្មោះ​បេក្ខជន​របស់ខ្លួន​គឺ​ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៦ ខែមីនា ហើយ​បានកំណត់​រយៈពេល ៧ ថ្ងៃ​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ពាក្យសុំ​ដោយ​ផុតកំណត់​នៅ​ថ្ងៃទី ២៤ ខែមេសា​។​

សមាជិក​គណបក្ស​ភ្លើងទៀន លើក​បដា​នៅ​ខេត្តកណ្តាល​។ ហ្វេ​ស​ប៊ុ​ក​

​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មាន​រយៈពេល​១៤​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ហើយ​ការបោះឆ្នោត រាប់​សន្លឹកឆ្នោត និង​ប្រកាស​លទ្ធផល​នៅ​ការិយាល័យ​បោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា​។ លទ្ធផល​បឋម​នឹង​ប្រកាស​ដោយ គ​.​ជ​.​ប នៅ​ថ្ងៃទី​៥ និង​ទី​៦ ខែមិថុនា​។​

​លោក សេដ្ឋា និយាយថា​៖ «​យើង​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​ការបោះឆ្នោត​ឲ្យ​គ្រប់គ្រាន់​ពី​ឥឡូវ ដូច្នេះ​នៅពេលដែល​យើង​ប្រកាស​ចូលរួម​ការបោះឆ្នោត គឺ​យើង​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​»​។

​លោក​បន្ថែមថា​ទោះបី​គណបក្ស​របស់លោក​អសកម្ម​អស់​រយៈពេល ៤ ឆ្នាំ​បន្ទាប់ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​ឥឡូវនេះ​គណបក្ស​បាន​ដំណើរការ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​គណបក្ស និង​ក្រុមការងារ​សម្រាប់​គ្រប់​ខេត្ត និង​ស្រុក ទូទាំងប្រទេស​ផងដែរ​។​

​ចេតនា​របស់ CP ក្នុងការ​ចូលរួម​បោះឆ្នោត​ត្រូវបាន​ក្រុម​អតីត​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា ចាត់ទុកថា​ជាការ​រំលោភ​លើ​កិច្ចព្រមព្រៀង​រួមបញ្ចូល​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម សុខា ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កាលពី​ឆ្នាំ​២០១២​។​

​នៅ​ឆ្នាំ​នោះ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បានរួម​បញ្ចូល​គ្នា​ក្លាយជា​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទទួលបាន​អាសនៈ​ចំនួន ៥៥ ក្នុងចំណោម​អាសនៈ​រដ្ឋសភា​ចំនួន ១២៣ ក្នុងការ​បោះឆ្នោតជាតិ​ឆ្នាំ ២០១៣​។​

​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​មេឃុំ​ចៅសង្កាត់​ចំនួន ៤៨៩ រួម​នឹង​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ៥.០០៧​។​

​មុន​ការរួមបញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស គណបក្ស​សមរង្ស៊ី ឈ្នះ​អាសនៈ​ឃុំ​ចំនួន ២២ រួមជាមួយ​នឹង​អាសនៈ​ក្រុមប្រឹក្សា​ចំនួន ២.១៥៥ ឬ ២០,៨៤ ភាគរយ​។​

​កាលពី​ម្សិលមិញ លោក សុខ ឥសាន បានចាត់ទុក​ចេតនា​របស់ CP ក្នុងការ​ចូលរួម​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​ថា​ជា​«​វោហា​សាស្ត្រ​នយោបាយ​» ដោយ​លើកឡើង​ពី​សេចក្តីថ្លែងការណ៍​ពីមុន​របស់លោក សេដ្ឋា ដែល​បាន​រិះគន់​បរិយាកាស​នយោបាយ​មិន​អំណោយផល​ចំពោះ​ការមិន​ចូលរួម​ក្នុងការ​បោះឆ្នោត​។​

​លោក​បន្តថា​៖ «​វា​ជា​សិទ្ធ​របស់គាត់​ក្នុង​ការចូល ឬ​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត ប៉ុន្តែ​ឥឡូវ​ច្បាស់​ហើយ​ថា​គាត់​នឹង​ចូល ពីព្រោះ​ពួកគាត់​ខ្លាច់​បាត់បង​ឱកាស​។ មិនមែន​តែ​គណបក្ស​ភ្លើងទៀន​ទេ គឺ​គណបក្ស​ទាំង​៤៥ បើ​ពួកគេ​ដាក់ពាក្យ​ប្រកួតប្រជែង​ការបោះឆ្នោត​ទៅ គ​.​ជ​.​ប គឺ​ពួកគេ​គឺជា​គូប្រជែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»​។​

​លោក​កត់សម្គាល់ថា​គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​មើលស្រាល​គណបក្សនយោបាយ​ផ្សេង​ទេ​។ អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជាង ២.៦០០ នាក់​ក្នុងចំណោម ៥.០០៧ នាក់​បាន​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច​បន្ទាប់ពី​ការរំលាយ​គណបក្ស​រប​ស់​ពួកគេ​នៅ​ឆ្នាំ ២០១៧​។​

​លោក​បន្ថែមថា​៖ «​មិន​ថា​គណបក្ស​តូច ឬ​ធំ​ទេ ពួកគេ​សុទ្ធសឹងតែ​ជា​ដៃគូ​របស់​ពួកយើង​។ គ្រប់​គណបក្ស​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់​»​។​

​កាលពី​ម្សិលមិញ លោក សេដ្ឋា ក៏បាន​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​ថា​បាន​បង្ក​ការលំបាក​បន្ថែមទៀត​ដល់​មន្ត្រី​គណបក្ស CP ក្នុង​ការជួប​សមាជិក​របស់ខ្លួន ក៏ដូចជា​ដំឡើង​បដា​គណបក្ស​នៅតាម​ឃុំ​សង្កាត់​។​

​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​គ្រប់​គណបក្ស​ដែល​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ រួមទាំង​ការជួប​សមាជិក និង​អាច​លើក​បដា​ដូច​គណបក្សកាន់អំណាច​ដែរ​។

​លោក​និយាយថា​៖ «​នៅសល់តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ មុន​ការបោះឆ្នោត គណបក្សនយោបាយ​ដែល​ចុះបញ្ជី​ស្របច្បាប់​ដោយ​ក្រសួងមហាផ្ទៃ ចាំបាច់​ត្រូវ​ទទួលបាន​ឱកាស​ធ្វើ​សកម្មភាព​… យុទ្ធនាការ​បោះឆ្នោត​មិនទាន់​ចាប់ផ្តើម​ទេ ប៉ុន្តែ​ពួកគេ​ត្រូវការ​ឱកាស​ជួប​សមាជិក​របស់ខ្លួន​»​។

​លោក​បន្តថា​៖ «​មិន​ត្រឹមតែ​គណបក្សកាន់អំណាច​មាន​សិទ្ធិ​លើក​បដា​ទេ ប៉ុន្តែ​គណបក្ស​ផ្សេងទៀត​ក៏មាន​សិទ្ធិ​លើក​បដា​ដូច​យើង​ដែរ​។ យើង​អាច​ជួបគ្នា​នៅ​កន្លែង​សាធារណៈ​។ ដូច្នេះ​គណបក្ស​ផ្សេងទៀត​ក៏​អាច​ជួប​ដូចគ្នា​ដែរ​»៕​

Related Posts

Previous Article

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​ឲ្យ​ដំណើរការ​កម្មវិធី​វាស់​ស្ទង់​ល្បឿន​អ៊ីនធឺណិត «MPTC Speed Test»

Next Article

សូមស្វាគមន៍មកកាន់កិច្ចសន្ទនា ASIP (ASIP Dialogue) ភាគទី១០ នៃរដូវកាលទី២