អានតួអត្ថបទ
កម្ពុជា-ការដឹកជញ្ជូន

លោកស៊ុន ចាន់ថុល៖ ការលើកលែងរថយន្តផ្ទុកលើសទម្ងន់ជាង២០០គ្រឿងពេលនេះ គឺជាលើកទី១និងជាលើកចុងក្រោយ

លោកស៊ុន ចាន់ថុល ​ទេសរដ្ឋ​មន្រ្តីនិង​ជារដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន ​បានចេញ​មកបញ្ជាក់ថា ​ការលើក​លែងរថយន្ត​ផ្ទុកលើស​ទម្ងន់​ចំនួន​២២៩គ្រឿង ​ក្រោយការឃាត់​ទុកជិត១ឆ្នាំ​មកនេះ ​គឺដើម្បី​ដល់ការ​ស្តារសកម្មភាព​ធុរកិច្ច ​អាជីវកម្ម​ និងសេដ្ឋកិច្ច​កម្ពុជា​ក្រោយវិបត្តិ​កូវីដ១៩ ​និងជួយ​សម្រួល​ដល់ការដឹកជញ្ជូន​ទំនិញ​ក្នុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​នាពេលខាងមុខ​។ ​តែសម្រាប់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន​រូបនេះ ​ការដោះលែង​រថយន្ត​ផ្ទុកលើសទម្ងន់​ចំនួន២២៩គ្រឿងនេះ ​គឺជាលើក​ទី១និងគ្មាន​ទៀតទេជា​លើកទី២​។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន © Internet
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅកម្ពុជានាព្រឹកថ្ងៃសុក្រទី០១ខែតុលានេះ លោកស៊ុន ចាន់ថុល បានបញ្ជាក់ថាសម្រាប់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលបង់ការផាកពិន័យរួច អាចមកទទួលរថយន្តវិញរហូតដល់ថ្ងៃទី១៨តុលា។ រីឯម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលមិនទាន់បានបង់ការផាកពិន័យ ក្រសួងសាធារណការនឹងទុកឱសានវាទត្រឹមថ្ងៃទី១៨តុលាដូចគ្នា។ ផុតឱសានវាទហើយ នោះរថយន្តនឹងត្រូវឃាត់ទុកជាបន្តទៀត។

សម្រាប់លោកស៊ុន ចាន់ថុល ការលើកលែងលើរថយន្តផ្ទុកលើសទម្ងន់ចំនួន២២៩គ្រឿងនៅពេលនេះទៀតសោត គឺជាលើកទី១ ហើយមិនអាចមានជាលើកទី២ទៀតទេ។ ក្នុងករណីល្មើសនោះម្ចាស់ក្រុមហ៊ុននឹងរងការពិន័យទ្វេគុណ និងឈានទៅផ្អាកអាជ្ញាបណ្ណអាជីវកម្មតែម្តង។ រីឯអ្នកបើកបរវិញនឹងត្រូវដកហូតបណ្ណបើកបរជាបណ្តោះអាសន្ន និងអាចប្រលងយកបណ្ណបើកបរសារជាថ្មី។ នេះបើតាមរដ្ឋមន្រី្តក្រសួងសាធារណការនិងដឹកជញ្ជូន។

ការដឹកជញ្ជូនលើសទម្ងន់ដែលកំណត់នេះ បានបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិជាច្រើនមានការខូចខាតជាបន្តបន្ទាប់គ្នា។ ត្រង់ចំណុចនេះ លោកស៊ុន ចាន់ថុល ពន្យល់ថា ការដឹកជញ្ជូនលើសទម្ងន់ត្រឹម១០តោន គឺស្មើនឹងរថយន្តមួយម៉ឺនគ្រឿងកំពុងចរាចរលើដងផ្លូវ ហើយការដឹកលើសទម្ងន់៣០តោន ស្មើនឹងរថយន្ត៨១ម៉ឺនគ្រឿងកំពុងធ្វើដំណើរលើដងផ្លូវ។

ជាដំណោះស្រាយចំពោះមុខ លោកស៊ុន ចាន់ថុល បានអះអាងថាក្រសួងសាធារណការមានជញ្ជីងអចល័ត៣៣កន្លែង ដោយមានខ្លះដាក់នៅមុខទីតាំងអាជីវកម្មបូមខ្សាច់ រោងចក្រស៊ីម៉ង់ជាដើម និងជញ្ជីងចល័ត២ក្រុម ហើយបច្ចុប្បន្នក្រសួងបានប្រើប្រាស់ជញ្ជីងក្រោមដីបន្ថែមទៀត ដើម្បីអាចដឹងពីទម្ងន់ដឹករបស់រថយន្តធុនធំ។ លើសពីនេះទៀត លោកថាក្រសួងកំពុងរៀបចំបង្កើតកម្មវិធីបច្ចេកវិទ្យា ដើម្បីតាមដានពីការដឹកជញ្ជូនលើសទម្ងន់កំណត់។ បើតាមរដ្ឋមន្ត្រីរូបនេះ មន្ត្រីជំនាញអាចគ្រាន់តែស្កែនលើស្លាកលេខរថយន្តនិងបណ្ណបើកបរ នោះនឹងដឹងរថយន្តផ្ទុកលើសទម្ងន់កំណត់ ហើយអ្នកបើកបរនោះធ្លាប់បានល្មើសពីមុនឬយ៉ាងណា។

តាមលោកស៊ុន ចាន់ថុល ការថែទាំផ្លូវបានល្អដោយមិនដឹកលើសទម្ងន់កំណត់ គឺជួយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានសុពលភាពបានយូរ និងសម្រួលដល់ស័យដឹកជញ្ជូនមានភាពងាយស្រួលនិងឆាប់រហ័ស។ ហើយការចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា លោកស្នើឲ្យភាគីអន្តរជាតិចូលរួមវិនិយោគ ជាពិសេសភាគីអាមេរិក ខណៈដែលលោកស៊ុន ចាន់ថល បញ្ជាក់បន្ថែមថាមិនមានក្រុមហ៊ុនអាមេរិកចូលរួមដាក់ដេញថ្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ