ភ្នំពេញៈ ក្នុងឱកាស​នៃ​ការ​​អបអរសាទរ​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភព​លោក ក្រសួងបរិស្ថាន​បាន​សម្ដែង​ការ​អរគុណ​ដល់​ក្រុមគ្រួសារ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ដែល​បាន​បំពេញ​តួនាទី និង​លះបង់​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត​ដើម្បី​បុព្វ​ហេតុ​ធម្មជាតិ និង​បរិស្ថាន​។​

​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថាន​បាន​ចូលរួម​អប​​អរសាទរ​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភព​លោក​ថ្ងៃទី​ ៣១ ​កក្កដា ដែលជា​ការ​រំឭក​ឡើងវិញ​ពី​តួនាទី និង​ភារកិច្ច​ដ៏​សំខាន់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុង​កិច្ចការងារ​ការពារ និង​អភិរក្ស ពិសេស​កិច្ចការ​លះបង់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​បុព្វហេតុ​ធម្មជាតិ និង​បរិស្ថាន​។​

​លោក​បាន​ថ្លែងថា​៖ «​ប្រជា​ជនកម្ពុជា​សូម​អរគុណ​ទៅដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ដែល​បាន​បំពេញ​តួនាទី ភារកិច្ច​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ក្នុងការ​បំពេញ​តួនាទី​លើ​កិច្ច​អភិ​​រក្ស​ធនធានធម្មជាតិ​»​។​

​លោក​ នេត្រ ភក្ត្រា បាន​បន្តថា​៖ «​ការងារ​ជា​ឧ​ទ្យា​នុ​រក្ស​នេះ មានការ​លំបាក និង​ប្រឈម​ជា​មួយ​នឹង​គ្រោះថ្នាក់ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​បុរស និង​ស្ត្រី មាន​ភាពក្លាហាន និង​មិន​បោះ​បង់​ការងារ​ល្បាត​ជាប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​នោះឡើយ​»​។​

​បច្ចុប្បន្ននេះ កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រមាណ​ជាង ​១ ២០០​ នាក់ ដែល​បាននិងកំពុង​ការ​ពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ ​៧,៣​ លាន​ហិកតា​នៅ​ទូទាំងប្រទេស​។​

​លោក ​នេត្រ ភក្ត្រា ថ្លែងថា​៖ «​ក្នុងនាម​ជា​ក្រសួងបរិស្ថាន យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ឪពុកម្ដាយ ប្រ​ពន្ធ​កូន របស់​បងប្អូន​ជាម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ដែល​បាន​លះបង់​កូនចៅ​ដើម្បី​ឱ្យមក​បំពេញការងា​រ​ជាម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​»​។​

​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ការពារ​ធនធានធម្មជាតិ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​យ៉ាង​ដូច្នេះហើយ​ទើប​ធ្វើឱ្យ​កម្ពុជា​អាច​ទាញយក​ចំណូល​ពី​ការអភិរក្ស​របស់ខ្លួន​ដោយ​ការលក់​ឥណ​ទាន​កាបូន និង​ដោយ​ការផ្ដល់​ចំណូល​ដល់​សហគមន៍ និង​សេដ្ឋកិច្ចជាតិ​តាមរយៈ​ទេស​ចរណ៍​ក្នុង​តំបន់ការពារធម្មជាតិ​ផងដែរ​។ នេះ​បើតាម​ការបន្ថែម​ពី​លោក​នេត្រ ភក្ត្រា​។​

​ដោយឡែក​លោក អូត ឡា​​ទីន មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​​កម្ពុជា ​(CYN)​ ក៏បាន អរគុណ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផងដែរ​ចំពោះ​ការលះបង់​ពេលវេលា កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុងការ​ខិត​ខំ​ថែរក្សា​ការពារ ធនធាន​ធម្ម​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ទន្ទឹមនឹងនេះ លោក​បាន​សំណូមពរ​ទៅកាន់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ដោយ​ស្នើឱ្យ​ធ្វើយ៉ាងណា​ប្រកាន់ខ្ជាប់​នូវ​ការ​ទទួលខុសត្រូវ​លើ​ការងារ​របស់ខ្លួន​ហើយ​ត្រូវ​ប្ដេជ្ញាចិត្ត​ឱ្យបាន​ខ្ពស់​ក្នុងការ​អនុវត្ត​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ ដើម្បី​បន្ត​បេសកកម្ម​ការពារ​ធនធាន​ធម្មជាតិ ដូចជា​ករណី​តំបន់​ព្រៃ​​ឡង់ តំបន់​ព្រៃ​ព្រះ​រកា​ជាដើម​។​

​លោក​ អូត ឡាទីន បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​ស្នើឱ្យ​ក្រសួងបរិស្ថាន​ធ្វើការ​ពិចារណា និង​ផ្ដល់ឱកាស​ឡើងវិញ​ទៅដល់​សហគមន៍​តំបន់​ព្រៃ​ឡង់ និង​សហគមន៍​តំបន់​ព្រៃ​ព្រះ​រកា ដើម្បីឱ្យ​ពួក​គាត់​អាច​ចុះ​ល្បាត​ធនធាន​​ធម្មជាតិ និង​អាចធ្វើ​ការចាប់​ដៃគូ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទៅលើ​ការងារ​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ទាំងនោះ​ផងដែរ​»​។​

​សូមបញ្ជាក់​ផងដែរ​ថា ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​បាន​ប្រារព្ធ​ឡើង​ចាប់តាំងពី​ឆ្នាំ ​២០០៧​ មក ដោយ​កំណត់​យក​ថ្ងៃទី​ ៣១ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​។ ការចាប់ផ្តើម​ប្រារព្ធ​ទិវា​ឧ​ទ្យា​នុ​​រក្ស​ពិភពលោក​លើកដំបូង​ត្រូវបាន​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​ខួប​លើក​ទី​ ១៥ នៃ​ការបង្កើត​សហព័ន្ធ​ឧ​ទ្យា​នុ​រក្ស​អន្តរជាតិ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៧​។

​សម្រាប់​ប្រទេស​កម្ពុជា ក្រសួងបរិស្ថាន​បាន​ប្រារព្ធ​ទិវា​នេះ​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ​ ២០១៧ ដោយមាន​ការចូលរួម​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ​និង​អន្តរជាតិ ព្រះសង្ឃ សិ​ស្សា​-​នុ​សិស្ស សហគមន៍​មូលដ្ឋាន សាធារណជន និង​ស្ថាប័ន​ឯក​ជន​នានា​យ៉ាងច្រើន​។

​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ផ្តល់​គុណ​តម្លៃ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​តស៊ូ​លះបង់ និង​បូជាជីវិត​ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ ក៏ដូចជា​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​ពី​តួនាទី​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កម្ពុជា ដើម្បី​ជំរុញ​លើកទឹកចិត្ត​សាធារណជន​ឱ្យចូល​រួមជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​ការពារ​និង​គ្រប់គ្រង​ធនធានធម្មជាតិ​និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​៕